
(ខេត្តព្រះវិហារ)៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានផ្តល់ជំនួយជាអគារ និងម៉ាស៊ីនផលិតអុកស៊ីហ្សែនថ្មីមួយ មានទីតាំងនៅក្នុងខេត្តព្រះវិហារ ដែលផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជិត៣០ម៉ឺននាក់។ ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារ និងម៉ាស៊ីនផលិតអ៊ុកស៊ីហ្សែននេះ ត្រូវបានធ្វើឡើងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ ២០២២ ជាទីតាំងដំបូងគេនៅក្នុងខេត្ត។

ម៉ាស៊ីនផលិតអុកស៊ីសែន ជាម៉ាស៊ីនដែលអាចផលិតអ៊ុកស៊ីហ្សែនចំនួន ៣០០លីត្រ ក្នុងមួយនាទី (LPM) ជាមួយនឹងស្ថានីយផ្ទុកដែលមានបំពង់ស៊ីឡាំង និងតភ្ជាប់ទៅបំពង់អ៊ុកស៊ីហ្សែនរបស់មន្ទីរពេទ្យ។ ជាលទ្ធផលគម្រោងនេះ នឹងជួយឱ្យមន្ទីរពេទ្យឈប់ទិញបំពង់អ៊ុកស៊ីហ្សែនពីអ្នកផ្គត់ផ្គង់ឯកជន ដើម្បីបញ្ជូនបំពង់អ៊ុកស៊ីហ្សែនរបស់ខ្លួនទៅកាន់ទីតាំងឆ្ងាយៗសម្រាប់បំពេញឡើងវិញ។ ដូច្នេះ វានឹង ជួយសន្សំសំចៃពេលវេលា ថវិកា និងកាត់បន្ថយការប្រឈមនឹងកង្វះអ៊ុកស៊ីហ្សែន ដែលបង្កគ្រោះថ្នាក់ដល់ការព្យាបាលអ្នកជំងឺ។ រោងចក្រនេះ មានទីតាំងនៅមន្ទីរពេទ្យបង្អែកខេត្ត «១៦ មករា» និងជាមូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាម៉េរិក ដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) ហើយត្រូវបានសាងសង់ក្នុងភាពជាដៃគូជាមួយអង្គការយូនីសេហ្វ និងក្រសួងសុខាភិបាលកម្ពុជា។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជា លោក W. Patrick Murphy មានប្រសាសន៍ថា៖ «ម៉ាស៊ីននេះ នឹងបំពេញតម្រូវការផលិតអ៊ុកស៊ីហ្សែន សម្រាប់សេវាសំខាន់ៗដូចជា ការព្យាបាលអ្នកជំងឺកូវីដ-១៩ ការតាមដាន និងការព្យាបាលជំងឺសង្គ្រោះបន្ទាន់។ វាជាផ្នែកមួយក្នុងទឹកប្រាក់ជាង១៦លានដុល្លារ នៅក្នុងការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក ចំពោះការឆ្លើយតបរបស់កម្ពុជាលើជំងឺ រាតត្បាត និងជាឧទាហរណ៍ ដែលបង្ហាញនៃចំណងទាក់ទងដ៏រឹងមាំ នៃប្រទេសទាំងពីររបស់យើង»។ជាមួយគ្នានេះដែរ លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វប្រចាំកម្ពុជា បាននិយាយថា៖ «អ៊ុកស៊ីហ្សែន អាចធ្វើឱ្យមានភាពខុសគ្នារវាងជីវិត និងសេចក្តីស្លាប់។ នេះជាមូលហេតុ ដែលអង្គការយូនីសេហ្វ កំពុងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកែលម្អការផ្គត់ផ្គង់អ៊ុកស៊ីហ្សែននិងហេដ្ឋារចនាសម្ព័ន្ធ ទន្ទឹមនឹងការកសាងសមត្ថភាពបុគ្គលិកសុខាភិបាលក្នុងការប្រើប្រាស់វា»។

ទន្ទឹមនឹងនេះ លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសហរដ្ឋអាម៉េរិក និងជាពិសេសទីភ្នាក់ងារ USAID សម្រាប់ជំនួយម៉ាស៊ីនផលិតអ៊ុកស៊ីហ្សែនថ្មីសម្រាប់សង្គ្រោះជីវិតនេះ ដែលនឹងជួយលើកកម្ពស់សុខភាពថ្ងៃនេះ និងបង្កើតភាពធន់ចំពោះបញ្ហាប្រឈមនៅថ្ងៃអនាគត។
គួររំលឹកថា មន្ទីរពេទ្យបង្អែកខេត្ត «១៦ មករា» បានបម្រើដល់ស្រុកចំនួន៧ ដែលមានប្រជាជនប្រមាណ២៨៤០០០នាក់។ បន្ថែមពីលើការផ្ដល់ការគាំទ្រយ៉ាងសំខាន់សម្រាប់ការថែទាំអ្នកជំងឺកូវីដ-១៩ ការផ្គត់ផ្គង់អ៊ុកស៊ីហ្សែន ដែលអាចជឿទុកចិត្ត និងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សហគមន៍ ដែលពឹងផ្អែកលើសេវាព្យាបាលរបស់មន្ទីរពេទ្យផងដែរ៕







