បច្ចេកវិទ្យាថ្មីសម្រាប់កម្ពុជា! រ៉ូបូតពិនិត្យប្រព័ន្ធលូ នឹងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ភ្លាមៗនៅការដ្ឋាន និងគ្រោះថ្នាក់សុខភាព
K
Kimhuoy Klaing
14 កញ្ញា 2022 08:00 AM

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងថា ការប្រើប្រាស់នូវម៉ាស៊ីនរ៉ូបូតត្រួតពិនិត្យប្រព័ន្ធលូ ដែលជាបច្ចេកវិទ្យាទំនើប មានភ្ជាប់ជាមួយកាមេរ៉ា អាចមើលឃើញស្ថានភាពជាក់ស្ដែងប្រព័ន្ធលូផ្ទៃខាងក្នុង ការកកស្ទះ ឬការខូចខាតនេះ នឹងកាត់បន្ថយហានិភ័យគ្រោះថ្នាក់ចំពោះអ្នកដែលចុះទៅពិនិត្យលូផ្ទាល់ និងគ្រោះថ្នាក់សុខភាពបានមួយផ្នែកធំផងដែរ។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ 
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ 

ថ្លែងប្រាប់ SBM News តាមទូរសព្ទ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ហ៊ាង សុទ្ធាយុត្តិ បានមានប្រសាសន៍ថា៖ «វាពិតជាល្អជាជាងការដែលឱ្យមនុស្សចុះទៅ ពេលខ្លះវាមានការប្រថុយប្រថានខ្លះដែរ ហើយវាក៏មានផលប៉ះពាល់ដល់សុខភាពច្រើនដែរ ដូច្នេះយើងប្រើរ៉ូបូតនេះជួយបានច្រើន លឿន រហ័ស ច្បាស់ ថតបានទាំងវីដេអូ រូបភាពធ្វើជាឯកសារផង ហើយជួយការបន្ថយហានិភ័យផងគ្រោះថ្នាក់ភ្លាមៗនៅការដ្ឋាន និងគ្រោះថ្នាក់សុខភាព»

ទន្ទឹមនឹងនេះ លោកក៏បានបញ្ជាក់ផងដែរថា រ៉ូបូតត្រួតពិនិត្យប្រព័ន្ធលូអាចនឹងមិនមានអ្វីថ្មីសម្រាប់ពិភពលោកទេ តែវាជាបច្ចេកវិទ្យាថ្មីសម្រាប់កម្ពុជា ដែលជាតម្រូវការនៅក្នុងសង្គម សម្រាប់ការអនុវត្តហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាប្រព័ន្ធលូ ប្រព័ន្ធទឹកកខ្វក់ ដែលជារឿងចាំបាច់ត្រូវរៀបចំជូនប្រជាពលរដ្ឋ និងចាត់វិធានការដោះស្រាយបានទាន់ពេលវេលាផងដែរ។

អ្នកនាំពាក្យរូបនេះ បានបន្ថែមថា៖ «កាលណាយើងមានទិន្នន័យរូបភាពទាំងវីដេអូ ហើយក៏ដូចជាការផ្ដល់ឱ្យព័ត៌មានដោយស្វ័យប្រវត្តិ ដោយភាពឆ្លាតវៃរបស់រ៉ូបូតមួយចំនួនទៀត វាពិតជាឱ្យយើងធ្វើការសម្រេចចិត្ត ការដំណោះស្រាយនូវបញ្ហាភ្លាមៗ ដែលទើបកើតមាន ក៏ដូចជាវិធានសម្រាប់ការទប់ស្កាត់ការពារនាពេលអនាគតបានល្អប្រសើរ ជាជាងគ្រាន់តែការដាក់កម្លាំងមនុស្សចុះមើល»។ យ៉ាងណាមិញ ដ្បិតថាពេលនេះម៉ាស៊ីនរ៉ូបូតត្រួតពិនិត្យប្រព័ន្ធលូក៏ពិតមែន តែកម្លាំងមនុស្ស គឺនៅតែចាំបាច់ដដែល គ្រាន់តែមនុស្សក្លាយជាអ្នកបញ្ជាម៉ាស៊ីន រ៉ូបូតឱ្យចុះទៅត្រួតពិនិត្យ និងជាអ្នករៀបចំរបាយការណ៍បញ្ជូនទៅថ្នាក់គ្រប់គ្រង និងថ្នាក់ដឹកនាំពាក់ព័ន្ធ។ ម្យ៉ាងវិញទៀត ម៉ាស៊ីនរ៉ូបូតនេះ នឹងមិនត្រូវបានបញ្ជូនទៅត្រួតពិនិត្យនៅកន្លែងប្រព័ន្ធលូដែលមានភាពស្មុគស្មាញខ្លាំងដែលពិបាកក្នុងការយកមកវិញនោះទេ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៣ ខែកញ្ញា ម្សិលមិញ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំក្រុមការងារបច្ចេកទេសចុះត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធលូនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញពាក់ព័ន្ធ។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើ និងសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវថ្នល់ទាំងអស់គ្នា សម្អាតចិញ្ចើមផ្លូវមុខផ្ទះឱ្យបានស្អាត ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពីព្រោះសំរាមជាប្រភពនាំមកនូវកកស្ទះដល់ប្រព័ន្ធលូ ជាពិសេសកុំចាក់ដីខ្ពស់ជាងផ្លូវ ដែលអាចបង្កឱ្យមានការជន់លិច ធ្វើឱ្យផ្លូវឆាប់ខូចមុនអាយុកាល និងសូមចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍៕

សូមទស្សនាវីដេអូព័ត៌មាន៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត