គិតត្រឹមបច្ចុប្បន្ន ខេត្តបន្ទាយមានជ័យពុំទាន់មានគ្រោះទឹកជំនន់កើតឡើងនោះទេ
K
Kimhuoy Klaing
13 កញ្ញា 2022 09:00 AM

(បន្ទាយមានជ័យ)៖ គិតត្រឹមបច្ចុប្បន្ននេះ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ពុំទាន់មានគ្រោះទឹកជំនន់កើតឡើងនោះទេ មានតែស្ថានភាពទឹកហូរស្រុងពីទីខ្ពស់មកកាន់តំបន់ទំនាបបឹង និងស្ទឹង ហើយបានធ្វើឱ្យស្ថានភាពទឹកមានការកើនឡើង ដោយកន្លែងខ្លះមានការជន់លិចផ្លូវ និងហូរកាត់ផ្លូវត្រង់ទីតាំងនៃទំនាបមុខទឹក...។

ជាក់ស្តែង នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២នេះ អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានអញ្ជើញចុះ ពិនិត្យស្ថានភាពទឹកជំនន់ដែលហូរមកពីប៉ែកខាងលិចនៃឃុំសឿ នៅសំណង់ព្រែកសឿ ភូមិបល្ល័ង្គជ្រៃ និងពិនិត្យសាលាបឋមសិក្សារជំនីក ព្រមទាំងបន្តចុះពិនិត្យស្ថានភាពទឹក តាមបណ្ដាឃុំតាមដងស្ទឹងមង្គលបូរីផងដែរ។ ការចុះពិនិត្យនេះ ត្រូវបានអមដំណើរដោយលោក រ័ត្ន ដាសុីណង់ អភិបាលស្រុកមង្គលបូរី មន្ត្រីសាលាស្រុក កងកម្លាំងទាំងបីប្រភេទ លោកមេឃុំ និងក្រុមប្រឹក្សាឃុំសឿ។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត បានក្រើនរំលឹកដល់មន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវផ្តល់កិច្ចសហការក្តាប់ព័ត៌មាន និងរាយការណ៍ឱ្យបានទាន់ពេលវេលាចំពោះករណីស្ថានភាពទឹកក្នុងករណីមានការហក់ឡើងខ្លាំង បង្កជាការព្រួយបារម្ភណាមួយ។

គួររំលឹកថា យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងខែសីហា ឆ្នាំ២០២២កន្លងទៅ មនុស្សរងគ្រោះស្លាប់ដោយសារទឹកជំនន់មាន៩នាក់ ប្រជាពលរដ្ឋរងគ្រោះមានចំនួនជាង២ម៉ឺនគ្រួសារ គិតជាចំនួនពលរដ្ឋមានជាង៨ម៉ឺននាក់ លំនៅឋាន​លិចទឹក​មានជាង ៣ពាន់ខ្នង ​និងបង្កផលប៉ះពាល់ដល់ដីដាំដំណាំផ្សេងៗទៀតជាដើម៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត