
(ភ្នំពេញ)៖ គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ឱ្យក្រុមហ៊ុនបង្កើតរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងខេត្តព្រះសីហនុ លើទុនវិនិយោគសរុបចំនួនជាង៤៤លានដុល្លារអាម៉េរិក។ សំណើវិនិយោគនេះ ត្រូវបានអនុម័ត នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២។

ក្រុមហ៊ុនទាំង ៥នោះ រួមមាន៖ ១- “Toyota Tsusho Manufacturing (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតាដែលមានទុនវិនិយោគចំនួន ៣៦,៧លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់ និង២- “WCFO (Cambodia) Co., Ltd.”គម្រោងបង្កើតរោងចក្រផលិតប្រអប់ និងគ្រឿងបង្គុំផ្សេងៗធ្វើពីលោហៈ ដែលមានទុនវិនិយោគចំនួន ៣,៨លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ ១៥០នាក់។
រីឯ ៣- “Thirty Three Apparels (Cambodia) Co., Ltd.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទុនវិនិយោគចំនួន ២,១ លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ ៤៥០នាក់ និង៤- “WCFO ASAMA Co., Ltd.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្ទាប់បន្សំ សម្រាប់ឧបករណ៍បញ្ជូនទិន្នន័យធ្វើពីប្លាស្ទិក ដែលមានទុនវិនិយោគចំនួន ៨០៥ពាន់ដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ ១០០នាក់។ក្រុមហ៊ុនទាំង៤ខាងលើនេះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ រាជធានីភ្នំពេញ។ ចំណែកឯ ៥- “A & M Clothing Co., Ltd.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១ លានដុល្លារអាម៉េរិក និងបង្កើតការងារបានចំនួនប្រមាណ ១០០នាក់។

គួររំលឹកផងដែរថា គម្រោងបង្កើតរោងចក្រទាំង៥នេះ នឹងវិនិយោគទុនសរុបចំនួនជាង ៤៤លានដុល្លារអាម៉េរិក ហើយក៏ជាឱកាសការងារសម្រាប់កម្មករនយោជិតសរុបប្រមាណជិត១ពាន់នាក់ផងដែរ៕





