ច្រកព្រំដែនម៉ាឡៃ អាចនឹងប្រឈមបិទជាបណ្តោះអាសន្ន​ ប្រសិនជំនន់ទឹកភ្លៀងបន្តហក់ឡើង​
SoKeng
08 កញ្ញា 2022 02:00 PM

(បន្ទាយមានជ័យ)៖ ច្រកទ្វារតំបន់ព្រំដែនម៉ាឡៃអាចប្រឈម​ បិទមិនឱ្យឆ្លងកាត់ជាបណ្តោះអាសន្ន​ ប្រសិនទឹកជំនន់បន្តហក់ឡើង ខណៈគិតត្រឹមរសៀលថ្ងៃនេះ ទឹក​ហូរធ្លាក់ពីប្រទេសថៃនៅបន្តហក់ឡើង។ នេះបើតាម លោក ស សំណាង ប្រធានគណៈកម្មការច្រកទ្វារតំបន់ព្រំដែនម៉ាឡៃដែលបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន SBM News...។​

លោក ស សំណាង ប្រធានគណៈកម្មការច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ បានបញ្ជាក់ថា នៅច្រកទ្វារព្រំដែនម៉ាឡៃជំនន់ទឹកភ្លៀងបានជនលិចស្ពានច្រកទ្វារព្រំដែនម៉ាឡៃ ដែលពិបាកឱ្យពលរដ្ឋ និងរថយន្តដឹកទំនិញឆ្លងកាត់ទៅមកតាមច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ។ ប្រធានគណៈកម្មការច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ បានប្រាប់ឱ្យដឹងថា៖ «ទឹកជំនន់លិចស្ពានច្រកទ្វារព្រំដែនម៉ាឡៃ មានរយៈពេល២លើកមកហើយ លើកទី១លិចនៅដើមខែសីហា ឆ្នាំ២០២២ និងលិចលើកទី២ នៅនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ ដែលទឹកជំនន់បានហូរកាត់ស្ពានច្រកទ្វារព្រំដែនម៉ាឡៃ ដែលបណ្តាលប្រជាពលរដ្ឋឆ្លងកាត់ទៅមកជួបការលំបាក និងរថយន្តដឹកទំនិញឆ្លងកាត់ទៅមកជាការព្រួយបារម្ភ»។ លោក ស សំណាង បានអះអាងថា បើសិនជាទឹកជំនន់ទឹកភ្លៀងនៅតែបន្តជនលិចខ្លាំង ច្រកចេញចូលមួយនេះ​អាចនឹងបិទមិនឱ្យធ្វើដំណើរឆ្លងកាត់ជាបណ្តោះអាសន្ន។ ទម្រាំតែស្រកវិញ​មានរយៈពេល៣ ទៅ៤ថ្ងៃ។

គូសបញ្ជាក់ថា ទីក្រុងបាងកកប្រទេសថៃ កំពុងតែប្រឈមនឹងភ្លៀងធ្លាក់ខ្លាំងបំផុត ដែលមិនធា្លប់មានក្នុងរយៈពេលពីរទសវត្សរ៍នេះ។ បញ្ហា​អាកាសធាតុនេះ ប្រទេសថៃ ចាប់ផ្តើម​ប្រឈម​កាលពីល្ងាចថ្ងៃអង្គារទី៦ ខែកញ្ញា និងបានធ្វើឱ្យមានផលប៉ះពាល់លើប្រព័ន្ធបង្ហូរទឹកសំខាន់ៗក្នុងរដ្ឋធានីនេះ។ កត្តានេះហើយ បានជា​ទឹកជំនន់ហូរធ្លាក់មកព្រំដែនកម្ពុជា-ថៃ​ ក្នុងនោះស្រុកម៉ាឡៃ​​ គឺជាទីតាំងដែលរងផលប៉ះពាល់ ដោយពលរដ្ឋ​ចំនួន១៥គ្រួសារ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព​នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។

លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានប្រាប់SBM news នៅព្រឹកនេះថា ក្រោយពីទឹកជំនន់បានជន់លិចផ្ទះសំបែងប្រជាពលរដ្ឋដែលកំពុងរស់នៅតាមអូរបន្ទាត់ព្រំដែន ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាព។ ជាមួយគ្នានេះ ផ្ទះសម្បែង​ប្រជាពលរដ្ឋជាច្រើនខ្នងទៀតនៅតាមអូរព្រំដែន និងលិចផ្លូវនៅខាងជើងផ្លូវជាតិលេខ៥៩ ដែលប្រឈមធ្ងន់ធ្ងរមានឃុំអូរសំព័រ ស្រុកម៉ាឡៃ៕​

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត