
(ភ្នំពេញ)៖ រយៈពេល២ថ្ងៃនៃដើមខែកញ្ញានេះ ពោលចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកញ្ញា មន្ត្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប)បានរកឃើញទំនិញជាច្រើនប្រភេទដែលមិនមានអនុលោមភាព។ មន្ត្រីជំនាញអគ្គនាយកដ្ឋាន ក.ប.ប បានដកហូតទំនិញប្រភេទមីសរសៃ ភេសជ្ជៈ និងទំនិញចម្រុះជាច្រើនមុខទៀតនៅតាមទីផ្សារ ម៉ាត និងផ្ទះលក់ទំនិញនានា ប្រមាណ១០០គីឡូក្រាម នៅក្នុងខេត្តចំនួន៣ គឺ ខេត្តបាត់ដំបង ខេត្តកំពង់ធំ និងរាជធានីភ្នំពេញ។

មន្ត្រីសាខា ក.ប.ប. ខេត្តបាត់ដំបង នាថ្ងៃទី១ ខែកញ្ញា បានរកឃើញទំនិញ មីសរសៃ មានផ្ទុកសារធាតុគីមី «បូរ៉ាក់» ដែលជាសារធាតុគីមីហាមឃាត់ និងដកហូតទំនិញមិនមានអនុលោមភាពប្រមាណ៥០គីឡូក្រាមពីទីផ្សារ។ ក្រោយពីរកឃើញទំនិញនោះមានផ្ទុកសារធាតុគីមីហាមឃាត់ មន្ត្រីក.ប.បខេត្តបាត់ដំបងបានណែនាំអាជីវករឱ្យបញ្ឍប់ការលក់តទៅទៀត។
ចំពោះមន្ត្រីសាខា ក.ប.ប. ខេត្តកំពង់ធំ ក៏បានបន្តសកម្មភាពត្រួតអនុលោមភាពលើផលិតផល ទំនិញ ដាក់លក់តាមទីផ្សារ ម៉ាត ផ្ទះលក់ទំនិញនានា ស្ថិតក្នុងទីប្រជុំជនសំខាន់ ដោយបានរកឃើញនិងដកហូតទំនិញចម្រុះ រួមមានភេសជ្ជៈ មិនមានអនុលោមភាពសរុបចំនួន៣៤គីឡូក្រាម និងបានយកមករក្សាទុកនៅទីស្នាក់ការសាខា។

ដោយឡែកនៅរាជធានីភ្នំពេញ មន្ត្រីក.ប.ប បានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាព ១៥គីឡូក្រាម និងត្រូវបានមន្រ្តីជំនាញដកហូត និងបានពិន័យអន្តរការណ៍ទៅតាមនីតិវិធី។
គូសបញ្ជាក់ថា មន្ត្រីជំនាញ ក.ប.ប សាខារាជធានី-ខេត្ត តែងតែស្វែករកភាពមិនអនុលោមលើទំនិញគ្រប់ប្រភេទ និងសារធាតុគីមីហាមឃាត់ដែលប៉ះពាល់សុខភាពអ្នកបរិភោគតាមរយៈការចុះត្រួតពិនិត្យនៅលើទីផ្សារ ម៉ាត និងទីតាំងផលិតម្ហូបអាហារជាដើម។ គោលបំណងគឺឡើងដើម្បីការពារសុខុមាលភាពអ្នកប្រើប្រាស់ និងប្រជាពលរដ្ឋទូទៅ ចៀសវាងការទិញទំនិញដែលមិនមានអនុលោមភាពយកទៅប្រើប្រាស់ ក៏ដូចជាបរិភោគផងដែរ៕










