
មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) រកឃើញ ឡេលាបស្បែកហួសកាលបរិច្ឆេទប្រើប្រាស់ជាង៧០គីឡូក្រាម នៅរាជធានីខេត្តចំនួន៤ កាលពីថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅ។ នេះបើតាមការប្រកាសរបស់ ក.ប.ប នៅថ្ងៃទី៩ មិថុនានេះ។

រាជធានីខេត្តចំនួន៤ ដែលមន្ត្រីជំនាញ រកឃើញឡេលាបស្បែកហួសកាលបរិច្ឆេទប្រើប្រាស់ មាន រាជធានីភ្នំពេញខេត្តព្រះសីហនុ ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំ។ អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងថា មន្ត្រីជំនាញ ក.ប.ប ក្នុងនាមជាអ្នកការពារសុខុមាលភាពប្រជាពលរដ្ឋ បានធ្វើប្រតិបត្តិការការងារតាមតួនាទីភារកិច្ច សហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី ចុះត្រួតពិនិត្យទំនិញហូបចុក និងប្រើប្រាស់ តាមបណ្តាហាងលក់ទំនិញ ស្ថិតក្នុងក្រុងព្រះសីហនុ ស្រុកចុងកាល់ ក្រុងសំរោង និងភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្រៅពីរកឃើញឡេលាបស្បែកហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៧៥.២គ.ក មន្ត្រីជំនាញ ក.ប.ប បានរកឃើញនិញហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ៨គ.ក និងទំនិញទឹកបរិសុទ្ធចំនួន ២ប្រភេទពុំមានដាក់កាលបរិច្ឆេទប្រើប្រាស់ត្រឹមត្រូវផងដែរ។ ក្រោយរកឃើញដូច្នេះ មន្ត្រីជំនាញ ក.ប.ប បានមានចំណាត់ការពិន័យអន្តរការណ៍ចំពោះ អាជីវករដែលប្រព្រឹត្តកំហុសពាក់ព័ន្ធនឹងទំនិញខូចគុណភាពខាងលើទៅតាមនីតិវិធី។

សូមបញ្ជាក់ជូនផងដែរថា បញ្ហាទំនិញមិនប្រក្រតី ខូចគុណភាពនេះ ពុំមែនជារឿងថ្មីនោះឡើយ ដ្បិតថាមន្ត្រីជំនាញ ក.ប.ប តែងរកឃើញរាល់ពេលចុះប្រតិបត្តិការម្តងៗ។ ទោះជាយ៉ាងណា ឯកឧត្តម ផាន អូន មន្ត្រីជាន់ខ្ពស់នៃ ក.ប.ប រំពឹងថា បញ្ហាទំនិញខូចគុណភាពនេះ នឹងមានការថយចុះនៅពេលខាងមុខ ដោយសារការអនុវត្តច្បាប់សស្រាក់សស្រាំ របស់អាជ្ញាធរពាក់ព័ន្ធ បូករួមទាំងការចូលរួមពីធុរជន(អ្នករកសុី)។ ទន្ទឹមនឹងនេះ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្លាប់បានលើកឡើងថា ការធ្វើធុរកិច្ចប្រកបសុចរិតត្រឹមត្រូវ មិនត្រឹមតែដើរតួនាទីសំខាន់ក្នុងការផ្ដល់យុត្តិធម៌ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ វាថែមទាំងជះឥទ្ធិពលជាវិជ្ជមានដល់ការពង្រីកអាជីវកម្មរយៈពេលយូរអង្វែង ធ្វើឱ្យប្រសើរឡើងបរិយាកាសប្រកួតប្រជែងក្នុងសកម្មភាពធុរកិច្ចដោយសុចរិត ស្មោះត្រង់ ស្មើភាព ព្រមទាំងបង្កើតឡើងនូវការយកចិត្តទុកចិត្តគ្នា រវាងធុរជន និងអ្នកប្រើប្រាស់ទៀតផង។

ក្នុងឆ្នាំ២០២១កន្លងទៅ ក្នុងការចុះពិនិត្យទីផ្សារ៥៦៩លើក ក.ប.ប បានដកហូតទំនិញមិនមានភាពអនុលោម ៣៦តោន និង៤០០គីឡូក្រាម មកកម្ទេចចោល បានស្ទាក់ចាប់រថយន្តដឹកបង្គាស្រស់ដែលចាក់បញ្ចូលសារធាតុចាហួយ CMC ចំនួន៧តោន និង១០០គីឡូក្រាម និងគ្រឿងក្នុងជ្រូក៣២០គីឡូក្រាម ដកហូតសារធាតុបាញ់លើរុក្ខជាតិធ្វើឱ្យស្រស់ និងឆាប់លូតលាស់ដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ ចំនួន៧៨ប៊ីដុង ស្មើនឹង២៤៤០លីត្រ រកឃើញនិងកម្ទេចចោលអាកុលក្លែងក្លាយ(ផ្ទុកសារធាតុមេតាណុល) ចំនួន២០០តោន៕









