រយៈពេល២ថ្ងៃ​ មន្ត្រីក.ប.ប ដកហូតទំនិញខូចគុណភាពសរុបជាង៤០០គីឡូក្រាម និងត្រួតពិនិត្យសិប្បកម្មបិទស្រាចំនួន៥ទីតាំង
SoKeng
22 កក្កដា 2022 01:00 PM

​រយៈពេល២ថ្ងៃ ពោលចាប់ពីថ្ងៃទី២០-២១ ខែកក្កដា មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំសាខាខេត្តកែប កំពង់ធំ ឧត្តរមានជ័យ ព្រះវិហារ ព្រៃវែង កំពង់ស្ពឺ កោះកុង និងតាកែវ​បានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះទៅដកហូតទំនិញចម្រុះមិនមានអនុលោមភាព ទំនិញខូចគុណភាព និងទំនិញពុំមានការវេចខ្ចប់ត្រឹមត្រូវ សរុបចំនួន៤២៣គីឡូក្រាម រួមទាំងភេសជ្ជៈមិនមានអនុលោមភាពចំនួន៣០កេស។  

បន្ថែមពីមន្ត្រីជំនាញ ក.ប.ប ចុះបង្រ្កាប និងដកហូតទំនិញខូចគុណភាព ​ មន្ត្រីក.ប.ប សាខាខេត្តបន្ទាយមានជ័យក៏បានសហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យជាក់ស្តែងលើសិប្បកម្មបិទស្រាចំនួន ៥ទីតាំង ដោយបានបញ្ជូនគំរូស្រាចំនួន៧ មកមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីជៀសវាងករណីពុលស្រាជាយថាហេតុ តាមរយៈការបិទស្រាពុំមានបច្ចេកទេសត្រឹមត្រូវ។

ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ក.ប.ប បានបញ្ជាក់ថា មន្ត្រីជំនាញ ក.ប.ប ​តាមខេត្តនីមួយៗគឺកំពុងតែខិតខំណែនាំដល់ម្ចាស់អាជីវកម្មលក់ទំនិញផ្សេងៗ ផលិតករ និងធុរជនឲ្យគោរពតាមអនុលោមភាព និងចូលរួមអនុវត្តច្បាប់ ដើម្បីធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋ​។​

ឯកឧត្តម ផាន អូន បានថ្លែងនៅក្នុងសន្និសីទស្តីពីសមិទ្ធផលសម្រេចបានក្នុងរយៈពេល៥ឆ្នាំរបស់ក្រសួងពាណិជ្ជកម្មនាព្រឹកថ្ងៃទី២១ ខែកក្កដា ថា៖«ស្ថិតក្នុងស្ថានភាពប្រទេសយើងកំពុងតែអភិវឌ្ឍ អ៊ីចឹងទៅគ្រប់វិស័យរកស៊ីក៏អភិវឌ្ឍទៅមុខដែរ។ ក្នុងច្បាប់បានចង្អុលឲ្យឃើញជាក់លាក់ថា​ ឲ្យអនុវត្តមានវិធានការវិន័យអន្តរការចំពោះបទល្មើសដែលមិនប៉ះពាល់សុខភាពពលរដ្ឋ។ ប៉ុន្តែប្រសិនជាអ្នករកស៊ីនោះ ធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋ បើជាទិញហើយហូបពុលស្លាប់ នោះនឹងមានវិធានការព្រហ្មទណ្ឌ»  

គួរបញ្ជាក់ថា ទំនិញមិនមានអនុលោមភាពខាងលើនេះ ត្រូវបានដកហូតតាមរយៈការត្រួតពិនិត្យ និងស៊ើបអង្កេតរបស់មន្រ្តីជំនាញនៅគ្រប់រាជធានី ខេត្ត ជាប្រចាំនៅតាមទីផ្សារ ផ្ទះលក់ទំនិញ ម៉ាត ឃ្លាំងស្កុកនិងចែកចាយជាដើម ក្នុងគោលបំណងការពារ ទប់ស្កាត់ទំនិញមិនមានភាពសមស្របសម្រាប់អ្នកប្រើប្រាស់ និងស្របតាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។​

សូមរំលឹកថា នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ២៨១.៥គីឡូក្រាម ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ខេត្តតាកែវ និងខេត្តស្វាយរៀង បានដកហូតពីតាមបណ្តាផ្ទះលក់ទំនិញ និងទីផ្សារ ក្នុងបេសកកម្មត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញគ្រប់ប្រភេទដែលដាក់តាំងលក់លើទីផ្សារ។ ជាមួយគ្នានេះ ក៏បានកម្ទេចចោលនូវទំនិញមិនមានអនុលោមភាពចំនួន ១,០៥០គីឡូក្រាមស្ថិតក្នុងរាជធានីភ្នំពេញផងដែរ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត