មន្ត្រីជំនាញបន្តដកហូតទំនិញខូចគុណភាពជាង១រយ​គីឡូក្រាម​ ពីទីផ្សារក្នុងខេត្តចំនួន៣
SBM News
21 មេសា 2022 03:00 PM

នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ បាន​ឱ្យដឹងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ថា មន្ត្រីរបស់ នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ [ក.ប.ប.] សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត មន្ត្រីសាខា ក.ប.ប. ខេត្តស្ទឹងត្រែង ខេត្តកោះកុង និងខេត្តព្រះសីហនុ បានរកឃើញ និងដកហូតនូវទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព សរុបចំនួន ១៥៦,០៨ គ.ក យកមករក្សាទុក ដើម្បីកម្ទេចចោលតាមនីតិវិធី។

នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ បញ្ជាក់ថា ការដកហូតទំនិញខូចគុណភាពពីទីផ្សាររបស់មន្ត្រីជំនាញ ធ្វើឡើងក្នុងពេលចុះអនុវត្តការងារត្រួតពិនិត្យទំនិញវេចខ្ចប់ស្រេច គ្រឿងឧបភោគបរិភោគនៅតាមផ្សារ ម៉ាត ផ្ទះចែកចាយបោះដុំទំនិញនានា ស្ថិតក្នុងភូមិសាស្ត្រនៃខេត្តទាំងបីខាងលើ។ បើតាមនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ ​អាជីវករ​ដែល​ប្រព្រឹត្ត​កំហុស​ពាក់ព័ន្ធនឹងទំនិញខូចគុណភាព ត្រូវបានមន្ត្រីជំនាញ អនុវត្តនីតិវិធីពិន័យអន្តរការណ៍ និងអប់រំឱ្យបញ្ឈប់ការបន្តដាក់លក់ទំនិញមិនមានអនុលោមភាពតទៅទៀត។

បើតាមរបាយការណ៍របស់ នាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងបង្ក្រាបការក្លែងបន្លំ បាន​ឱ្យដឹងថា ក្នុង​រយៈពេល​ត្រឹម​២​ខែ ដើមឆ្នាំ​២០២២ ​មន្ត្រី​របស់​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ ក.ប.ប. បាន​រកឃើញ និង​ដកហូត​ទំនិញ​ មិនមានអនុលោមភាព(ទំនិញក្លែងក្លាយ ទំនិញខូចគុណភាព ទំនិញផុតកាលបរិច្ចេទកំណត់ ទំនិញមានសារធាតុគីមី និងសំណល់ថ្នាំកសិកម្ម(លើបន្លែ ផ្លែឈើ) ប្រមាណជាង១១តោន។ ក្នុងឆ្នាំ២០២១កន្លងទៅ ក.ប.ប. បានចុះពិនិត្យទីផ្សារ៥៦៩លើក ដកហូតទំនិញមិនមានភាពអនុលោម ៣៦តោន និង៤០០គីឡូក្រាម មកកម្ទេចចោល បានស្ទាក់ចាប់រថយន្តដឹកបង្គាស្រស់ដែលចាក់បញ្ចូលសារធាតុចាហួយ CMC ចំនួន៧តោន និង១០០គីឡូក្រាម និងគ្រឿងក្នុងជ្រូក៣២០គីឡូក្រាម ដកហូតសារធាតុបាញ់លើរុក្ខជាតិធ្វើឱ្យស្រស់ និងឆាប់លូតលាស់ដែលគ្មានស្លាកសញ្ញាត្រឹមត្រូវ ចំនួន៧៨ប៊ីដុង ស្មើនឹង២៤៤០លីត្រ រកឃើញនិងកម្ទេចចោលអាកុលក្លែងក្លាយ(ផ្ទុកសារធាតុមេតាណុល) ចំនួន​២០០តោន។

សូមបញ្ជាក់ជូនផងដែរថា បញ្ហាទំនិញម្ហូបអាហារខូចគុណភាពនេះ ពុំមែនជារឿងថ្មីនោះទេ ដ្បិតថាមន្ត្រីជំនាញ ក.ប.ប. រកឃើញស្ទើរតែ​រាល់ពេលចុះប្រតិបត្តិការ។ ប៉ុន្តែស្ថិតក្នុងចំណាត់ការយ៉ាងសស្រាក់សស្រាំរបស់មន្ត្រីជំនាញក.ប.ប. ឯកឧត្តម ផាន អូន មន្ត្រីជាន់ខ្ពស់នៃ ក.ប.ប រំពឹងថា បញ្ហាទំនិញខូចគុណភាពនេះ នឹងមានការថយចុះនៅពេលខាងមុខ ដោយសារការអនុវត្តច្បាប់ ការចូលរួមពីធុរជន និងអាជ្ញាធរពាក់ព័ន្ធ។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ធ្លាប់បានលើកឡើងថា ការធ្វើធុរកិច្ចប្រកបសុចរិតត្រឹមត្រូវ មិនត្រឹមតែដើរតួនាទីសំខាន់ក្នុងការផ្ដល់យុត្តិធម៌ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ វាថែមទាំងជះឥទ្ធិពលជាវិជ្ជមានដល់ការពង្រីកអាជីវកម្មរយៈពេលយូរអង្វែង ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវការប្រកួតប្រជែងក្នុងសកម្មភាពធុរកិច្ចដោយសុចរិត ស្មោះត្រង់ ស្មើភាព និងបង្កើតឡើងនូវការយកចិត្តទុកចិត្តគ្នា រវាងធុរជន និងអ្នកប្រើប្រាស់ទៀតផង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត