មន្ត្រីក.ប.ប ដុតកម្ទេចចោល ផលិតផលខូចគុណភាពជាង៤តោន ​ដែលប្រមូលបានពីខេត្តត្បូងឃ្មុំ
SoKeng
25 សីហា 2022 01:00 PM

(ត្បូងឃ្មុំ)៖ រយៈពេល៨ខែឆ្នាំនេះ ពោលគឺចាប់ពីខែមករា ដល់ខែសីហា មន្ត្រីស៊ើបអង្កេត នៃសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ខេត្តត្បូងឃ្មុំ បានដុតកម្ទេចចោល ទំនិញក្លែងក្លាយ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងមានលាយឡំសារធាតុគីមី សរុប៤១៤៤ គីឡូក្រាម។ ផលិតផលទាំងនេះ ត្រូវបានមន្ត្រីក.ប.ប​ ខេត្តដកហូតតាមផ្ទះ ហាងទំនើប និងទីផ្សារនានានៅទូទាំងខេត្តត្បូងឃ្មុំ។

តាមការផ្សាយព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា-ខេត្តត្បូងឃ្មុំ ផលិតផលម្ហូបអាហារដែលខូចគុណភាពជាង៤តោននេះ ត្រូវបានដុតកម្ទេចចោលកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ តាមគោលការណ៍អនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ លោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ បានលើកឡើងថា ផលិតផលម្ហូបអាហារខូចគុណភាព ដែលដុតកម្ទេចចោលនេះ មានជាប្រភេទ ភេសជ្ជៈ ទឹកក្រូច ប៊ីយែរ និងនំកញ្ចប់ ជាដើម។ បើតាមប្រធានសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ ការដុតកម្ទេចចោលផលិតផលទាំងនេះ ដើម្បីបញ្ចៀសការបង្កផលប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់។

លោកប្រធានសាខា បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេស អាជីវករ ត្រូវប្រុងប្រយ័ត្នមុននឹងទិញ និងប្រើប្រាស់ទំនិញនានាលើទីផ្សារ។ រាល់ទិញទំនិញអ្វីមួយ ត្រូវពិនិត្យប្រភពឱ្យបានច្បាស់លាស់ជាមុនសិន ដើម្បីជៀសវាងប៉ះផលិតផលក្លែងក្លាយ ខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងមានលាយឡំសារធាតុគីមី ធ្វើឱ្យអ្នកប្រើប្រាស់ ទទួលរងប៉ះពាល់សុខភាពទៅថ្ងៃក្រោយ។ បន្ថែមពីនេះ អ្នកផលិត និងអ្នកលក់ សូមកុំក្លែងបន្លំ និងបន្ថែមសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យខូចសុខភាពដល់អ្នកទទួលទាន ព្រោះជាអំពើខុសច្បាប់ ដែលនឹងត្រូវប្រឈមទទួលទោសចំពោះមុខច្បាប់ជាធរមាន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត