ឯកឧត្តម សុខ លូ ធានាថាណែមបាត់ដំបងគ្មានសារធាតុគីមីឡើយ
K
Kimhuoy Klaing
4 ឆ្នាំមុន

(បាត់ដំបង)៖ ឯកឧត្ដម​សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រី​ជំនាញចុះទៅធ្វើការត្រួតពិនិត្យលើផលិតផលចំណីអាហារដែលវេចខ្ចប់រួចដូចជា ណែមសាច់ត្រី ណែមស្បែកជ្រូក សង្វាក់សាច់ត្រី  ដែលកំពុងតែធ្វើការដាក់តាំងលក់នៅតាមដងផ្លូវជាតិលេខ៥ ស្រុកសង្កែ និងនៅក្នុងក្រុងបាត់ដំបង និងស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២។

ការចុះត្រួតពិនិត្យនេះ ត្រូវបានធ្វើឡើងដើម្បីផ្តល់នូវសេចក្តីទុកចិត្តសម្រាប់អ្នកលក់ណែមត្រី ពិសេសទំនុកចិត្តពីអ្នកនិយមចូលចិត្តបរិភោគណែមត្រី  ដោយមានការចូលរួមពី ឯកឧត្ដម​ស៊ិន ស៊ីដេត អគ្គនាយករង នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម និងមន្ត្រីជំនាញ ដែលបាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ  យកសំណាកចំនួន២០គំរូមកធ្វើការពិនិត្យ ក្នុងគោលបំណងដើម្បីស្វែងសារធាតុគីមីបូរ៉ាក់ ដែលកន្លងមកធ្លាប់មានការលួចដាក់បន្ថែមម្សៅសារធាតុគីមីបូរ៉ាក់នៅលើណែមទាំងនោះ ដើម្បីការរក្សារទុកបានយូរពីអ្នកផលិតណែមត្រី។ 

ឯកឧត្ដម​ បានបញ្ជាក់ថា ក្រោយពីការធ្វើពិសោធន៍ទៅលើសំណាកផលិតផលណែម ដែលលក់ជាច្រើនកន្លែងនៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងឃុំអន្លង់វិល ស្រុកសង្កែ និងទីតាំងសិប្បកម្មផលិតណែម មួយចំនួនទៀត នៅភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំរួចមក។​ ជាលទ្ធផលផលិតផលណែមទាំងនោះពុំមានផ្ទុកសារធាតុគីមីបូរ៉ាក់  ដែលនាំឱ្យមានការប៉ះពាល់ដល់សុខភាព និងអាយុជីវិតអ្នកបរិភោគនោះឡើយ ហើយការត្រួតពិនិត្យនេះនឹងធ្វើឡើងជាបន្តបន្ទាប់ទៀតទៅលើគ្រប់មុខម្ហូបអាហារដែលសង្ស័យថា មានផ្ទុកសារធាតុគីមីពុល។

«បន្ទាប់ពីពិសោធន៍ទាំងការលក់ដូរនៅតាមតាមដងផ្លូវ ទាំងការផលិតតាមនៅផ្ទះនិងសហគមន៍រួចមក ឃើញថាណែមត្រីនៅបាត់ដំបង មិនមានសារធាតុគីមីហាមឃាត់ទេ។ យើងអាចហូបបានដោយការជឿជាក់»។ នេះជាការអះអាងរបស់ឯកឧត្តម សុខ លូ

ឯកឧត្ដម​ បានអំពាវនាវដល់ម្ចាស់សិប្បកម្ម និងអ្នកផលិតផលិតផលអាហារទាំងអស់ សូមកុំប្រើប្រាស់សារធាតុគីមីពុលក្នុងចំណីអាហារជាដាច់ខាត ព្រោះវាបណ្តាលឱ្យខូចសុខភាពដល់អ្នកបរិភោគ និងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះម្ហូបអាហារប្រចាំខេត្តរបស់យើងទាំងមូលផងដែរ។

គួររំលឹកថា រថយន្តមន្ទីរពិសោធន៍ចល័តនេះ អាចពិសោធន៍រកសារធាតុគីមីពុល ដែលផ្ទុកក្នុងចំណីអាហារដោយប្រើពេលត្រឹមតែ១០នាទីប៉ុណ្ណោះ ដែលរថយន្តនេះត្រូវបានផ្ដល់ដោយក្រសួងពាណិជ្ជកម្ម៕ រាយការណ៍ដោយ៖ លោក សុខ វិឆ័យ

សូមទស្សនាវីដេអូព័ត៌មាន៖

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត