សហព័ន្ធកីឡាបាល់ទះកម្ពុជា យកគ្រូបង្វឹក និងមន្រ្តីបច្ចេកទេស៤រូប ពីគុយបា មុនព្រឹត្តិការណ៍កីឡាស៊ីហ្គេមមកដល់
R
Rorn Phork
30 សីហា 2022 10:00 AM

(បាល់ទះ)៖ ដើម្បីបង្វឹកដល់ក្រុមអត្តពលិកជម្រើសជាតិ និងជួយការងារបច្ចេកទេសកីឡាបាល់ទះឆ្នេរខ្សាច់ក​ម្ពុជា ត្រៀមប្រកួតប្រជែងដណ្តើមយកមេដាយក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះលើកដំបូង សហព័ន្ធកីឡាបាល់ទះកម្ពុជា បាននាំយកគ្រូបង្វឹក និងមន្រ្តីបច្ចេកទេស៤រូប មកពីប្រទេសគុយបា...​។

ក្នុងជំនូបរវាងក្រុមការងារបច្ចេកទេស និងគ្រូបង្វឹកទាំង៤រូប អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា កាលពីថ្ងៃទី២៩ ខែសីហា នៅពហុកីឡដ្ឋានជាតិ លោក អាំង សេរីពិសិដ្ឋ បានឱ្យដឹងថា៖ «យើងនាំយកពួកគាត់មកនេះ បន្ទាប់ពីទទួលបានការអនុញ្ញាតពីឯកឧត្ដមបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា និងឯកឧត្ដម ស សុខា អនុប្រធានសហព័ន្ធ។ ជាក់ស្ដែង ថ្ងៃនេះតាមរយៈឯកឧត្ដម ជា ពៅ យើងឃើញថា គ្រូបង្វឹកខាងគុយបាមានពីរវិញ្ញាសាមក គឺវិញ្ញាសាបាល់ទះក្នុងសាល និងបាល់ទះលើឆ្នេរខ្សាច់។ ប៉ុន្តែតាមការណែនាំរបស់ឯកឧត្ដមប្រធាន និងឯកឧត្តមអនុប្រធាន គឺយើងត្រូវការគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់ជាចាំបាច់»

អគ្គលេខាធិការរូបនេះ បានបន្ថែមថា «ដូចយើងដឹងហើយថា បាល់ទះឆ្នេរខ្សាច់យើងមិនអន់ពេកទេ ទោះបីការហ្វឹកហាត់របស់យើងមិនទាន់ដល់កម្រិតស្ដង់ដារក៏ពិតមែន។ ក្នុងការប្រកួតស៊ីហ្គេមនៅវៀតណាមថ្មីៗនេះ យើងក៏មានឈ្នះការប្រកួត និងទទួលបានលេខ៥ដែរ។ ប៉ុន្តែក្នុងនាមជាថ្នាក់ដឹកនាំសហព័ន្ធ យើងមិនចង់បានចំណាត់ថ្នាក់នេះទេ គឺយើងចង់បានមេដាយ។ យើងអញ្ជើញគ្រូបង្វឹកគុយបាមក គឺសម្រាប់ធ្វើជាគ្រូបង្គោលបាល់ទះឆ្នេរខ្សាច់។ ទន្ទឹមនឹងនោះ យើងត្រូវសិក្សាទៅលើការបង្ហាត់របស់គាត់ដែរ ថាគាត់ខ្លាំងជាង ប្រហាក់ប្រហែល ឬគាត់ខ្សោយជាងគ្រូបង្វឹកកម្ពុជាយើង។ ខ្ញុំសង្ឃឹមថា ជាលក្ខណៈសាកល្បងរយៈពេលខ្លី២-៣ខែនេះ គាត់នឹងបង្ហាញពីលទ្ធផលមកយើងខ្លះថា ការអភិវឌ្ឍសមត្ថភាពជំនាញរបស់កីឡាករបាល់ទះឆ្នេរខ្សាច់យើង មានការកើនឡើងឬអត់? យើងគ្រោងបង្កើតពានបាល់ទះឆ្នេរខ្សាច់មួយឱ្យពួកគាត់សាកល្បងបច្ចេកទេស ដូច្នេះយើងនឹងបានដឹងលទ្ធផលច្បាស់»

លោក អាំង សេរីពិសិដ្ឋ បន្តថា សម្រាប់បាល់ទះក្នុងសាល កម្ពុជាមានគ្រូបង្វឹករួចរាល់ហើយគឺលោក Li Jun ដែលជាជនជាតិចិន ហើយគ្រូបង្វឹករូបនេះ ក៏បានជួយកម្ពុជាបំបែកកំណត់ត្រាកាលស៊ីហ្គេមនៅវៀតណាមឈ្នះមេដាយសំរឹទ្ធដែរ។ សហព័ន្ធចង់រក្សាមេដាយឱ្យដូចកាលស៊ីហ្គេមនៅវៀតណាម ឬបើអាចបង្កើនសមត្ថភាពយកមេដាយឱ្យបានខ្ពស់ជាងឆ្នាំចាស់ ដូច្នេះ លោកគ្រូបាល់ទះក្នុងសាលជនជាតិគុយបា អាចជាគ្រូជំនួយ ឬជានាយកបច្ចេកទេស ដែលប្រឹក្សាយោបល់លើការហ្វឹកហាត់ ឬយុទ្ធសាស្ត្រនៃការប្រកួត។ ប្រសិនបើគ្រូបាល់ទះក្នុងសាលរូបនោះ ព្រមព្រៀងក្នុងលក្ខណនេះ សហព័ន្ធនឹងរក្សាគ្រូគុយបានោះ។ គ្រូបង្វឹកគុយបានៅចង់ជួយកម្ពុជាពេញដៃពេញជើង តែយ៉ាងណាសហព័ន្ធ នៅចាំមើលលទ្ធផលពីការបង្វឹករបស់គ្រូបង្វឹកគុយបានោះជាមុនសិន។

សូមបញ្ជាក់ផងដែរថា មន្ត្រីបច្ចេកទេស និងគ្រូបង្វឹកជនជាតិគុយបា មានលោក Karell Pena Ventoza ជាគ្រូបង្វឹកបាល់ទះលើឆ្នេរខ្សាច់, លោក Berto Friol Barrios គ្រូបង្វឹកបាល់ទះក្នុងសាល លោក Leonid Abum Castillo និងកញ្ញា Natyelis Riol Cardenas៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត