
ខេត្តកណ្ដាល៖ ក្មេងទំនើង៦នាក់ ដែលបានស្រែកឡូឡាបង្កភាពយ៉ាងអនាធិបតេយ្យលើដងផ្លូវ ត្រូវបាននគរបាលស្រុកខ្សាច់កណ្ដាលឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការអប់រំ។ ករណីឃាត់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២១និង១០នាទី ចំណុចភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ នេះបើតាមប្រភពពីនគរបាលស្រុកខ្សាច់កណ្ដាល។

នគរបាលស្រុកខ្សាច់កណ្ដាល បញ្ជាក់ថា នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២១និង១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្លុងបានល្បាតនៅក្នុងភូមិសាស្ត្រ ក៏ស្រាប់តែប្រទះឃើញក្រុមក្មេងទំនើងចំនួន ០៦នាក់ខាងលើជិះម៉ូតូចំនួន ០៣ គ្រឿងតាមដងផ្លូវ ដោយម៉ូតូមានសំឡេងឮៗ ហើយមានកាន់ខ្សែក្រវាត់ចំនួន០៣ខ្សែគ្រវីគ្រវាត់និងស្រែកឡូឡាតាមដងផ្លូវ។ ភ្លាមនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដេញតាមឃាត់ដើម្បីសួរនាំ។ បន្ទាប់មកសមត្ថកិច្ចបានដកយកខ្សែក្រវាត់ និងចាប់បញ្ជូនជនសង្ស័យទាំង០៦ នាក់ខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីចាត់ការតាមនីតិវិធី៕



