
ខេត្តបាត់ដំបង៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង គ្រោងបង្កើត QR Code បង្ហាញផែនទីទេសចរណ៍ និងគោលដៅទេសចរណ៍ក្នុងខេត្ត នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីបង្កើនភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្ត។ នេះបើតាមការលើកបង្ហាញរបស់មន្ត្រីជំនាញ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសធ្វើបទបង្ហាញអំពីផែនទីទេសចរណ៍ខេត្ត និងក្រុងបាត់ដំបង...។

មន្ត្រីជំនាញបានឱ្យដឹងថា នៅក្នុង QR Code នឹងបង្ហាញអំពីរមណីយដ្ឋាន ដែលមាននៅក្នុងទឹកដីខេត្តបាត់ដំបង មានដូចជា មន្ទីរ អង្គភាពខេត្ត សាវតាខេត្តបាត់ដំបង សណ្ឋាគារ ផ្ទះសំណាក់ មុខម្ហូបអាហារ ភេសជ្ជៈ ផ្សារ មណ្ឌលកម្សាន្ត តំបន់ទេសចរណ៍ ចំណតរថយន្តក្រុង កន្លែងឡើងរថយន្តក្រុងខ្នាតតូចជាដើម។
ទន្ទឹមនឹងនោះ អភិបាលខេត្តបាត់ដំបង ឯកឧត្ដម សុខ លូ បានសំដែងនូវការគាំទ្រចំពោះគម្រោងបង្កើតឱ្យមាន QR Code សម្រាប់ដាក់ឱ្យភ្ញៀវទេសចរធ្វើការស្កេនរកផែនទី ដើម្បីឱ្យដំណើរកម្សាន្តទៅដល់គោលដៅបានឆាប់រហ័ស ជាពិសេស គឺដើម្បីជំរុញ ក្នុងការផ្សព្វផ្សាយវិស័យទេសចរណ៍នៅក្នុងខេត្តបាត់ដំបងឱ្យកាន់តែមានភាពទូលំទូលាយផង និងបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវដែលមកទស្សនាខេត្តបាត់ដំបងផង។

ឯកឧត្ដមអភិបាលខេត្ត បន្តទៀតថា ពាក់ព័ន្ធនឹងគម្រោងនេះ មន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ត្រូវធ្វើកិច្ចសហការគ្នា ដើម្បីផ្ដល់ជាព័ត៌មានអំពីតំបន់ទេសចរណ៍នៅក្នុងខេត្តបាត់ដំបងឱ្យកាន់តែច្រើនសម្រាប់ដាក់បញ្ចូលនៅក្នុងប្រព័ន្ធ និងត្រូវតែរៀបចំជាសិក្ខាសាលាផ្សព្វផ្សាយដោយមានការចូលរួមពីប្រជាពលរដ្ឋ ម្ចាស់រមណីយដ្ឋាន អាជីវករនានានៅក្នុងខេត្ត ឱ្យមានការយល់ដឹងពីរបៀបបញ្ចូលទិន្នន័យព័ត៌មាន និងបញ្ជាក់អំពីទីតាំងអាជីវកម្មរបស់ខ្លួននៅក្នុងផែនទីទេសចរណ៍នេះ ពិសេស ត្រូវជួយផ្សព្វផ្សាយពន្យល់ដល់អាជីវករឱ្យមានការយល់ដឹងអំពីអត្ថប្រយោជន៍ នៃការដាក់ឱ្យប្រើប្រាស់ផែនទីទេសចរណ៍នេះ៕ រាយការណ៍ដោយ៖ លោក សុខ វិឆ័យ






