
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ភ្លាមៗក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ប្រតិកម្មបើកផ្លូវឱ្យដក លោក សាន្ត ប៊ុនធឿន នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ធ្វើលិខិតផ្លូវការស្នើសុំសម្តេចតេជោ លុបឈ្មោះបុគ្គល សាន្ត ប៊ុនធឿន និងហ៊ត ប៊ូ ពីក្របខណ្ឌ។

ក្នុងលិខិតគោរពជូនសម្តេចតេជោ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការដ្ឋានអង្គរក្ស នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង គូសបញ្ជាក់ថា កន្លងមកលោក សាន្ត ប៊ុនធឿន និងលោក ហ៊ត ប៊ូ (ហៅអធិរាជមហាសាច់) តែងតែធ្វើឱ្យប៉ះពាល់កិត្តិយសអង្គភាព និងមានការថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋ។ លិខិតដដែលបន្ថែមថា អង្គភាពបានហៅមកអប់រំជាច្រើនសាដែរ តែមិនព្រមកែប្រែ។ ដើម្បីជៀសវាងការលំបាក និងធ្វើឱ្យប៉ះពាល់ដល់អង្គភាពទៅថ្ងៃក្រោយបន្តទៀត នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានគោរពសុំការសម្រេចពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីលុបឈ្មោះនាយទាហានទាំងពីរខាងលើចេញពីក្របខណ្ឌកងយុទ្ធពលខេមរភូមិន្ទ។

សូមជម្រាបថា សម្តេចតេជោ ដោយមិនអាចមើលរំលងទង្វើអសីលធម៌របស់បុគ្គល សាន្ត ប៊ុនធឿន ចាងហ្វាងសារព័ត៌មាន SBT Post ដែលជាញឹកញាប់សេពស្រាស្រវឹងបោកចានបោកឆ្នាំង ស្រែកជេរគេឯងតាមបណ្តាញសង្គម សម្តេចបានអប់រំហើយតែមិនកែខ្លួន សម្តេចក៏បានបញ្ជាឱ្យដកបុគ្គលនេះពីក្របខណ្ឌតែម្ដង។ សម្រាប់សម្តេចផ្ទាល់ ចរិតពាលរបស់ សាន្ត ប៊ុនធឿន ប្រាកដជាមិនអាចកែប្រែបានឡើយ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងភរិយារបស់សម្តេច បានជួយជាលុយដើម្បីឱ្យសាន ប៊ុនធឿន និងប្រពន្ធកូនបានទិញផ្ទះនៅ ថែមទាំងផ្តល់លុយជូន សាន ប៊ុនធឿន ៥០០ដុល្លារក្នុងមួយខែតាំងពីឆ្នាំ២០១៨មក៕





