ច្រកទ្វារបឹងត្រកួន និងច្រកម៉ាឡៃ បើកដំណើរការលក់សំបុត្រជូនពលរដ្ឋទាំងសងខាងចេញ-ចូលឆ្លងព្រំដែនឡើងវិញ
អាន ប៊ុនរ័ត្ននៈ
11 សីហា 2022 09:00 AM

(ខេត្តបន្ទាយមានជ័យ)៖ ច្រកទ្វារតំបន់ព្រំដែនកម្ពុជា-ថៃ ពីរកន្លែងស្ថិតក្នុងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ត្រូវបានអាជ្ញាធរប្រទេសទាំងពីរឯកភាពគ្នា បើកដំណើរការឱ្យប្រជាពលរដ្ឋទិញសំបុត្រចេញ-ចូល ឆ្លងកាត់បន្ទាត់ព្រំដែនរយៈពេលព្រឹក-ល្ងាច ដើម្បីដោះដូរទំនិញប្រើប្រាស់ប្រចាំថ្ងៃឡើងវិញហើយ...។

លោកស សំណាង ប្រធានគណៈកម្មការច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ បានឱ្យដឹងថា ក្រោយកិច្ចប្រជុំពិភាក្សារវាងអាជ្ញាធរស្រុកម៉ាឡៃ និងអាជ្ញាធរស្រុកអារញ្ញ ភាគីទាំងពីរបានឯកភាពគ្នាបើកច្រកព្រំដែនតំបន់ឡើងវិញ ខណៈភាគីថៃបានស្នើសុំបើកច្រកនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ ប៉ុន្តែភាគីកម្ពុជា បានសម្រេចបើកច្រកនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២នេះវិញ។ ប្រធានគណៈកម្មការច្រកទ្វារតំបន់ព្រំដែនម៉ាឡៃ បន្ថែមថា ក្រោយភាគីថៃបើកដំណើរការច្រកព្រំដែនតំបន់ឡើងវិញ ប្រជាពលរដ្ឋបាននាំគ្នាទិញសំបុត្រចេញ-ចូល គឺអាចចូលទឹកដីថៃ និងកម្ពុជាពេលព្រឹកតែត្រូវវិលមកវិញនៅពេលល្ងាច តាមវេលាដែលបានកំណត់។ ចំពោះរថយន្តថៃ ដឹកទំនិញឆ្លងកាត់ច្រករួមមាន៖ គ្រឿងសំណង់ ជីគីមី គ្រឿងបរិភោគ ក្នុងមួយថ្ងៃ មានរថយន្តដឹកទំនិញចូលប្រមាណជា៣០ទៅ៤០គ្រឿង។

លោកស៊ិន ស៊ិញហឹង ប្រធានគណៈកម្មការច្រកទ្វារតំបន់ព្រំដែនបឹងត្រកួន បានប្រាប់ឱ្យដឹងដែរថា បន្ទាប់ពីអាជ្ញាធរកម្ពុជា-ថៃសម្រេចឯកភាពគ្នាលើការអនុញ្ញាតឱ្យប្រជាជនប្រទេសទាំងពីរឆ្លងកាត់ច្រកទ្វារព្រំដែន ដើម្បីដោះដូរទំនិញ និងចេញ-ចូលទិញសម្ភារប្រើប្រាស់ក្នុងនាមជាខេត្តជាប់ព្រំដែន។ លោកសង្គេតឃើញថា ពលរដ្ឋកម្ពុជានៅស្រុកថ្មពួក បានទិញសំបុត្រចូលទៅក្នុងប្រទេសថៃ ក្នុងមួយថ្ងៃៗមានចន្លោះពី៨០នាក់ទៅ១០០នាក់ ហើយពួកគេតែងឆ្លងចូលមកប្រទេសកម្ពុជាវិញមុនពេលច្រកព្រំដែនបានបិទ។ លោកបន្តថា សម្រាប់ច្រកព្រំដែនបឹងត្រកួន-តាប្រាយ៉ានេះ គឺបានបើកដំណើរការចាប់តាំងពីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២មកម្ល៉េះ បន្ទាប់ពីទទួលបានការអនុញ្ញាតពីថ្នាក់ដឹកនាំខេត្ត។

ចំពោះការឆ្លងចូលពីខាងភាគីថៃវិញ ភាគច្រើនជាឈ្មួញចូលមកទិញទំនិញកសិកម្មពីកម្ពុជា ដូចជា៖ ដំឡូងមីស្រស់ ដំឡូងមីស្ងួត ស្រូវជាដើម ។ល។ និងមានរថយន្តដឹកគ្រឿងសំណង់ គ្រឿងឧបភោគបរិភោគ គ្រឿងយន្តកសិកម្ម ការនាំចូលម៉ូតូ ដែលក្នុងមួយថ្ងៃៗមានចន្លោះពី២០ ទៅ៣០រថយន្ត។ ទន្ទឹមនឹងនោះ អាជ្ញាធរកម្ពុជា-ថៃ ក៏នៅបន្តរឹតបណ្តឹងត្រួតពិនិត្យសុខភាពប្រជាពលរដ្ឋទាំងពីរប្រទេស ដោយគោរពតាមវិធានការ ការពារសុខាភិបាល ដែលក្រសួងសុខាភិបាលដាក់ឱ្យអនុវត្ត...។

ដោយឡែក នៅថ្ងៃទី១១ ខែសីហា ដដែលនេះដែរ អាជ្ញាធរកម្ពុជា-ថៃ នៃស្រុកជាប់ព្រំដែន រវាងស្រុកអារញ្ញ និងក្រុងប៉ោយប៉ែត បានរួមគ្នារៀបចំយុទ្ធនាកាសម្អាតអនាម័យបរិស្ថាននៅជុំវិញច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ខ្លងលឹក។ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា អាជ្ញាធរកម្ពុជា-ថៃ បានរៀបចំយុទ្ធនាការអនាម័យបរិស្ថានរួមគ្នា នៅចំណុចក្បាលស្ពានមិត្តភាពកម្ពុជា-ថៃ ស្ថិតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងច្រកខ្លងលឹក ដែលមានការចូលរួមពីមន្ត្រីអាជ្ញាធររដ្ឋបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធ នៃប្រទេសទាំងពីរ ដើម្បីរួមគ្នាផ្សព្វផ្សាយអំពីអនាម័យបរិស្ថានស្អាត និងជាការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋជាប់ព្រំដែនផង និងជាការរក្សាបាននូវសោភណ្ឌភាពបរិស្ថានឱ្យកាន់តែមានភាពល្អប្រសើរក្រោយវិបត្តិកូវីដ-១៩ ដែលបាននឹងកំពុងញាំញីសុខុមាលភាពប្រជាពលរដ្ឋក្នុងតំបន់ និងពិភពលោក...៕ រាយការណ៍ព័ត៌មានដោយ៖ ឈុន មករា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត