
(សៀមរាប)៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់"អង្គការជឿជាក់លើសិស្សជនបទកម្ពុជា" និងលើកទឹកចិត្តបន្ថែមទៀតក្នុងការចូលរួមសហការជាមួយក្រសួងស្ថាប័នរបស់ខ្លួនដើម្បីពង្រីកសកម្មភាពមនុស្សធម៌នេះឱ្យបានកាន់តែច្រើនឡើង។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ការិយាល័យថ្មីរបស់ "អង្គការជឿជាក់លើសិស្សជនបទកម្ពុជា” នាថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបង្ហាញការគាំទ្រចំពោះអង្គការជឿជាក់លើសិស្សជនបទកម្ពុជាដែលដឹកនាំដោយលោក Aviv PALTI ជនជាតិអូស្ត្រាលីដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើផ្តល់លទ្ធភាពកាន់តែប្រសើរឡើងជូនដល់កុមារនៅតាមជនបទក្នុងខេត្តសៀមរាបទទួលបានការសិក្សានិងអប់រំវិជ្ជាជីវៈសំដៅកសាងអនាគតដ៏ល្អមួយសម្រាប់កុមារនៅតាមជនបទ។

ចំពោះការចូលរួមកិច្ចការងារជួយសង្គម " អង្គការជឿជាក់លើសិស្សជនបទកម្ពុជា” មានគម្រោងដែលដឹកនាំដោយ សិស្ស និស្សិតចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គមឱ្យមានភាពល្អប្រសើរដូចជា៖ ១, គម្រោងសាងសង់ផ្ទះ, ២,គម្រោងបង្រៀននិស្សិតឱ្យចេះបង្កើត និងគ្រប់គ្រងអាជីវកម្ម បណ្ដុះគំនិត និងបំណិនសហគ្រិន , ៣. គម្រោង លើកកម្ពស់ក្មេងស្រី និងស្ត្រី, ៤.គម្រោងផ្តល់បទពិសោធទៅដល់អ្នកស្ម័គ្រចិត្តក្នុង និងក្រៅប្រទេស,៥. គម្រោងផ្ដល់ឱ្យនូវដំណោះស្រាយចំពោះបញ្ហាប្លាស្ទិកតាមរយៈ បដិសេធ កាត់បន្ថយ ប្រើប្រាស់ឡើងវិញ និង កែច្នៃប្លាស្ទិក ,៦. គម្រោងភូមិគ្មានប្លាស្ទិក ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជននៅតាមទីជនបទឱ្យយល់ពីផលប៉ះពាល់អវិជ្ជមាននៃប្លាស្ទិក និងរក្សាបរិស្ថានស្អាតនៅក្នុងសហគមន៍ជនបទ, ៧. គម្រោងផ្ដល់ជូននៅពិលភ្លើងសូឡាខ្នាតតូចដល់សិស្សសាលាដែលស្ថិតនៅតំបន់ដាច់ស្រយាលជួបការលំបាក ដើម្បីធ្វើការសិក្សានៅពេលយប់ នឹងទី៨. គម្រោងទឹកស្អាត និងអនាម័យដើម្បីដំណោះស្រាយចំពោះបញ្ហាកង្វះទឹកស្អាត និងបង្គន់អនាម័យនៅតាមសាលារៀន។

យោងតាមរបាយការណ៍របស់ "អង្គការជឿជាក់លើសិស្សជនបទកម្ពុជា”បានឱ្យដឹងថា បច្ចុប្បន្ននេះ អង្គការបានផ្ដល់អាហារូបករណ៍ពីរកម្រិតគឺ កម្រិតមធ្យមសិក្សាទុទិយភូមិ និងកម្រិតឧត្តមសិក្សាដល់សិស្សខ្វះខាតមកពីជនបទ ចំនួន ១០៥ នាក់ ក្នុងនោះមានសិស្សវិទ្យាល័យចំនួន ១៦នាក់។ និស្សិតចំនួន៤៥ នាក់ កំពុងសិក្សាថ្នាក់បរិញ្ញាប័ត្រនៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជាសាខាខេត្ដសៀមរាប។ លើសពីនេះ និស្សិតចំនួន ២៨ នាក់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រជាស្ថាពរ និងកំពុងបន្ដការសិក្សាថ្នាក់អនុបណ្ឌិតនៅទីក្រុងភ្នំពេញចំនួន ២៧នាក់ និងមាននិស្សិតស្រី ១នាក់ ដែលបាននឹងកំពុងបន្តការសិក្សានៅសាកលវិទ្យាល័យអារីហ្សូណា សហរដ្ឋអាម៉េរិក។ កន្លងមកនេះ យើងមាននិស្សិតដែលបានទទួលអាហារូបករណ៍បន្តការសិក្សានៅសហរដ្ឋអាម៉េរិក ចំនួន ២នាក់៕






