វាលឥន្ទ្រី ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ដែលអ្នកទេសចរចូលចិត្តទៅកម្សាន្ត និងស្ទូចត្រី
អាន ប៊ុនរ័ត្ននៈ
04 សីហា 2022 05:00 AM

(ខេត្តបន្តាយមានជ័យ)៖ វាលឥន្ទ្រី បានប្រែក្លាយពីតំបន់ស្ងាត់ជ្រងំ ទៅជាតំបន់អ៊ូអរ បន្តាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសាងសង់ស្ពានមួយ ស្ថិតនៅភូមិអូអំបិល សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ ដែលមិនទាន់មានការសម្ពាធជាផ្លូវការនូវឡើយទេ ប៉ុន្តែ អ្នកទេសចរជាតិបាននាំគ្នាទៅលេងកម្សាន្តយ៉ាងណាន់ណែនតាន់តាប់...។

ប្រជាពលរដ្ឋរស់នៅក្បែរតំបន់វាលឥន្ទ្រី បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ មានអ្នកទេសចរជាតិជាច្រើននាក់បានមកកម្សាន្តនៅតំបន់វាលឥន្ទ្រីនេះ ជាពិសេស នៅចុងសប្តាហ៍ គេសង្កេតឃើញមាន បងប្អូនប្រជាពលរដ្ឋរស់នៅតាមបណ្តាស្រុកមួយចំនួនក្នុង និងក្រៅខេត្ត មិនក្រោម ២០០នាក់ទេ បានធ្វើដំណើរមកស្រូបយកខ្យល់អាកាសបរិសុទ្ធ និងទៅកម្សាន្តមេីលពីទិដ្ឋភាពអ្នកនេសាទត្រីនៅទីនោះ ខណៈអ្នកខ្លះទៀតក៏បានយកឧបករណ៍ស្ទូចត្រីកម្សាន្តលេងផងដែរ។

អ្នកស្រី យោន សុខ ជាអ្នកលក់អាហារតាមរ៉ឺម៉កម៉ូតូ បានប្រាប់ឱ្យ SBM News ដឹងថា មួយរយៈនេះ បន្ទាប់ពីមានភ្លៀងធ្លាក់ចុះច្រើន ស្ថានភាពទឹកនៅតំបន់វាលឥន្ទ្រី បានហូរខ្លាំង និងសម្បូរទៅដោយត្រីធម្មជាតិជាច្រើនប្រភេទ។ ស្ថានភាពអំណោយផលពីការនេសាទត្រីកម្សាន្តលេង និងសម្រស់ធម្មជាតិស្រស់បំព្រងផងនោះ អ្នកទេសចរជាច្រើន ហាក់ចាប់ចិត្តតំបន់កម្សាន្តបែបធម្មជាតិមិនទាន់កែច្នៃនេះជាខ្លាំង ដោយអ្នកខ្លះមកស្ទូចត្រីលេងផង និងមកលេងទឹកអូរផង ធ្វើឱ្យប្រជាពលរដ្ឋនៅមូលដ្ឋានក្បែរតំបន់នេះ នាំគ្នាយកទំនិញផ្សេងៗមកលក់ដូរជូនអ្នកទេសចរព្រោងព្រាតផងដែរ។ បុរសអ្នកនេសាទម្នាក់ ដែលកំពុងស្ទួចត្រីនៅមាត់អូរ បានឱ្យដឹងថា ត្រីដែលគាត់រកបានភាគច្រីនជា ត្រីឆ្លាំង ថ្ងៃណាសំណាងល្អគឺអាចស្ទូចបាន៥ទៅ៦គីឡូក្រាមក៏មាន តែបេីស្ទូចនៅពេលយប់ចន្លោះម៉ោង៣-៤ទាបភ្លឺ គឺអាចរកបានចន្លោះពី៧ទៅ១០គីឡូក្រាមក៏មានដែរ។

ដោយឡែក បើសម្តីអាជ្ញាធរមូលដ្ឋាន បានឱ្យដឹងថា ប្រជាពលរដ្ឋនៅមូលដ្ឋានក្បែរតំបន់វាលឥន្ទ្រីនេះ មានភាពសប្បាយរីករាយយ៉ាងខ្លាំង ប្រសិនបើរាជរដ្ឋាភិបាលកម្ពុជា អភិវឌ្ឍតំបន់នេះឱ្យទៅជារមណីយដ្ឋានទេសចរធម្មជាតិមែននោះ ព្រោះតំបន់នេះជាមូលដ្ឋានស្ងប់ស្ងាត់ណាស់ពីមុនមក មិនមាននរណាមកលេងកម្សាន្តច្រើនទេ ប៉ុន្តែបន្ទាប់ពីមានការសាងសង់ស្ពានតភ្ជាប់ផ្លូវមក តំបន់វាលឥន្ទ្រីនេះ បានក្លាយជាទៅជាអ៊ូអរ មានមនុស្សម្នាមកលេងកម្សាន្តច្រើនគួរសម។

ទោះយ៉ាងណា ក្នុងនាមជាអាជ្ញាធរ លោកសូមអំពាវនាវដល់មាតាបិតាអាណាព្យាបាល សូមប្រយ័ត្នចំពោះក្មេងតូចៗដែលមកលេង ចៀសវាងជួបគ្រោះដោយចៃដន្យ ព្រោះកន្លងមកមានក្មេងចំនួនពីរនាក់លង់ទឹក តែសំណាងល្អត្រូវបានអ្នកនេសាទ ឃើញសង្រ្គោះទាន់ពេលវេលា។ បន្ថែមលើនេះ សូមបងប្អូនប្រជាពលរដ្ឋដែលទៅលេងកម្សាន្តនៅទីនោះ សូមមេត្តាទុកដាក់ សំរាមឱ្យមានរបៀបរៀបរយ ដើម្បីជួយសម្អាតបរិស្ថាននៅតំបន់នោះឱ្យបានល្អប្រសើរ...៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត