
ខេត្តកោះកុង៖ មន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការល្បាតព្រែកពពេលនៃដែនជម្រកសត្វព្រៃពាមក្រសោប បានសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ចុះល្បាតទប់ស្កាត់បង្ក្រាបបទល្មើសធនធានធម្មជាតិ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២។

ការចុះល្បាត គឺដោយមធ្យោបាយម៉ូតូចំនួន០៤គ្រឿង និងថ្មើរជើងនៅចំណុចយាមកាលេខ(២៨៩៦១៨-១២៧៩១២២) ដែលស្ថិតនៅភូមិទួលគគីរក្រោម ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

មន្ត្រី បានដកហូតរណាយន្ត(ធន់តូច) ចំនួន០១គ្រឿង ដែលម្ចាស់រត់គេចខ្លួនចូលព្រៃ។ វត្ថុតាង (រណាយន្ត) ត្រូវបានយកមករក្សាទុកនៅស្នាក់ការល្បាតព្រែកពពេល។
សូមជម្រាបថា ដែនជម្រកសត្វព្រៃពាមក្រសោប គឺជាតំបន់ព្រៃកោងកាងធំជាងគេនៅក្នុងប្រទេសកម្ពុជា។ តំបន់នេះជាបណ្តុំនៃព្រៃកោងកាងច្រើនប្រភេទ អមទៅដោយដងព្រែកទឹកប្រៃខ្វាត់ខ្វែង និងមានសហគមន៍តូចធំរបស់ប្រជានេសាទប្រមាណ១ម៉ឺននាក់ កំពុងរស់នៅដោយផ្ទាល់នៅក្នុងដែននេះ។ សេដ្ឋកិច្ចនៅក្នុងតំបន់ត្រូវពឹងផ្អែកទាំងស្រុងលើព្រៃកោងកាង ដែលជាតួអង្គដ៏សំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី សម្រាប់សត្វសមុទ្រជាច្រើនប្រភេទ ដូចជាត្រី ក្តាម បង្គារ ខ្យង ងាវ គ្រុំ ជាដើម។ ដែនជម្រកសត្វព្រៃពាមក្រសោប មានលក្ខខណ្ឌអំណោយផលយ៉ាងច្រើនដល់វិស័យអេកូទេសចរណ៍ ដែលក៏ជាការចូលរួមលើកស្ទួយជីវភាពប្រជាជនក្នុងតំបន់ និងជួយការពារព្រៃកោងកាងអោយនៅគង់វង់ផងដែរ៕






