
(ភ្នំពេញ)៖ កម្មវិធីកាត់ពិន្ទុលើបណ្ណបើកបររបស់អ្នកល្មើសច្បាប់ចរាចរណ៍ តាមរយៈកម្មវិធីលើទូរសព្ទ(App)អាចនឹងចាប់ផ្តើមអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២២ខាងមុខ។ នេះបើតាមការបញ្ជាក់ពីលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលថ្លែងនៅក្នុងកម្មវិធី MPWT LIVE SHOW ដែលផ្សាយផ្ទាល់នៅផេកក្រសួងសាធារណការនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ក្រោមប្រធានបទ«លក្ខណៈពិសេសនៃលេខកម្ពុជា និងលេខរាជធានី-ខេត្ត»។

លោកជំទាវ កុយ សុដានី បានថ្លែងដូច្នេះថា៖«ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រសួងមហាផ្ទៃ បានរៀបចំឱ្យមានកម្មវិធីដកពិន្ទុនេះ សំដៅលើការ ដកពិន្ទុលើបណ្ណបើកបរយានយន្ត ដែលយើងបានកំណត់ រហូតដល់១២ពិន្ទុ ដែលអាចនឹងមានការចាប់ផ្តើមអនុវត្តន៍ចាប់ពីខែកញ្ញាតែម្ដង។ អ៊ីចឹងទេ...តម្រូវឱ្យអ្នកបើកបរត្រូវ តែយកមកភ្ជាប់ជាមួយនៅតាមដងផ្លូវ គឺបណ្ណបើកបរនឹងតែម្ដង»។
លោកជំទាវរដ្ឋលេខាធិការ បញ្ជាក់ថា ម្ចាស់យានយន្តទាំងអស់ គឺត្រូវភ្ជាប់ និងរក្សាទុកនូវឯកសារដើមសំខាន់ចំនួន៣ដាក់ជាប់រថយន្ត ក្នុងនោះមាន បណ្ណសម្គាល់យានយន្ត បណ្ណបើកបរយានយន្ត និងវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឬហៅថាឆៀក។ បើតាមលោកជំទាវ ឯកសារទាំង៣នេះ អាចបញ្ជាក់ថា ម្ចាស់យានជំនិះអាចបើកបរដោយត្រឹមត្រូវទៅតាមច្បាប់។ ម្ចាស់យានយន្តទាំងអស់ មិនអនុញ្ញាតឱ្យប្រើប្រាស់ឯកសារ និងច្បាប់ចម្លងនោះទេ ពោលត្រូវប្រើប្រាស់ច្បាប់ដើមជាដាច់ខាត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់កន្លងមកថា កម្មវិធីកាត់ពិន្ទុលើបណ្ណបើកបរសម្រាប់អ្នកល្មើសច្បាប់ចរាចរណ៍នេះ នឹងអនុវត្តឡើងដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឱ្យមានប្រសិទ្ធភាព និងសុវត្ថិភាព។ កម្មវិធីដកពិន្ទុបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក គឺជាកម្មវិធីបច្ចេកវិទ្យា ដែលអនុញ្ញាតឱ្យមន្ត្រីនគរបាលចរាចរណ៍ អាចដកពិន្ទុលើបណ្ណបើកបរ និងពិន័យលើបទល្មើសចរាចរណ៍ផ្លូវគោក។ តាមរយៈកម្មវិធីថ្មីនេះ ក្រសួងសាធារណការនឹងដឹងច្បាស់ថា បណ្ណបើកបរណាត្រឹមត្រូវ ឬក្លែងក្លាយ, ដឹងពីប្រតិបត្តិការនៃការកាត់ពិន្ទុ,ពិន័យលឿនរហ័ស, ដឹងទីតាំងភូមិសាស្ត្រ និងអាចកត់ត្រារាល់ទិន្នន័យ ដែលអាចប្រើប្រាស់ជាយុទ្ធសាស្ត្រសម្រាប់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានត្រៀម និងបានប្រគល់ឧបករណ៍ដកពិន្ទុ និងពិន័យរួមគ្នា ចំនួន៥០០គ្រឿង ជូនអគ្គស្នងការនគរបាលជាតិរួចរាល់ហើយ។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បញ្ជាក់ថា គ្រប់បណ្ណបើកបរទាំងអស់ត្រូវមានពិន្ទុសរុប១២ពិន្ទុ។ ក្នុងករណីម្ចាស់បណ្ណបើកបរណា បានប្រព្រឹត្តបទល្មើសចរាចរណ៍ នឹងត្រូវកាត់១ពិន្ធុ ដល់៦ពិន្ទុ ទៅតាមបទល្មើសចរាចរណ៍ដែលបានប្រព្រឹត្ត។ ប្រសិនម្ចាស់បណ្ណបើកបរ ត្រូវបានកាត់អស់ពិន្ទុ បណ្ណបើកបររបស់ពួកគេនឹងអស់សុពលភាព។ ប៉ុន្តែករណីដែលពួកគេចង់បានបណ្ណបើកបរថ្មី គឺពួកគេត្រូវតែរៀន និងប្រឡងយកបណ្ណបើកបរឡើងវិញត្រឹមរយៈពេលយ៉ាងតិច៦ខែ ចាប់ពីថ្ងៃដែលបណ្ណបើកបរត្រូវទុកជាមោឃៈ។

ក្នុងករណីដែលពិន្ទុត្រូវបានកាត់បន្ថយមួយចំនួនហើយ ប៉ុន្តែក្នុងរយៈពេល៣ឆ្នាំ បន្ទាប់ពីកាត់ពិន្ទុចុងក្រោយ អ្នកបើកបរមិនបានធ្វើឱ្យមានកំហុសអ្វីមួយថែមទៀត ដើម្បីឱ្យកាត់បន្ថយពិន្ទុនោះ អ្នកបើកបរត្រូវមកទទួលបណ្ណបើកបរថ្មីដែលមាន១២ពិន្ទុដោយស្វ័យប្រវត្តិ។ ក្នុងករណីដែលពិន្ទុត្រូវបានកាត់បន្ថយមួយចំនួនហើយ ប៉ុន្តែអ្នកបើកបរចង់បង្កើនពិន្ទុវិញ ត្រូវមករៀនបំប៉នរយៈពេល២ថ្ងៃ ដែលរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន។ ក្នុងការរៀន ពិន្ទុអាចកើនឡើងចំនួន៤ពិន្ទុ៕







