ក្រសួងសាធារណការ ក្រើនរំលឹកដល់ភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ត្រូវស្នើរសុំលិខិតអនុញ្ញាតធ្វើអាជីវកម្ម
K
Kimhuoy Klaing
13 កក្កដា 2022 05:00 AM

រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ បានក្រើនរំលឹកដល់ក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ត្រូវស្នើរសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មស្របទៅតាមច្បាប់ជាធរមាន...។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចចេញសេចក្ដីជូនដំណឹងនេះ ដោយសារកន្លងមក ក្រសួងបានពិនិត្យឃើញថា ភ្នាក់ងារមួយចំនួន បាននឹងកំពុងតែធ្វើអាជីវកម្មលើមធ្យោបាយដឹកជញ្ជូនរបស់ខ្លួនដោយគ្មានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្ម និងមួយចំនួនទៀតបានប្រើប្រាស់នូវលិខិតអនុញ្ញាតដែលផុតសុពលភាពប្រើប្រាស់។

អាស្រ័យហេតុនេះ ដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរឱ្យមានប្រសិទ្ធភាព និងតម្លាភាពប្រកបដោយការទទួលខុសត្រូវខ្ពស់នោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំដល់ម្ចាស់ក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការទាំងឡាយ រួមមាន៖ ទី១- ក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងឡាយណា ដែលពុំទាន់បានចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ត្រូវរួសរាន់មកបំពេញបែបបទស្នើសុំចុះបញ្ជី និងសុំអនុញ្ញាតធ្វើអាជីវកម្មស្របទៅតាមច្បាប់ជាធរមាន។ ទី២- ក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងឡាយណាដែលមានលិខិតអនុញ្ញាតឱ្យធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរដែលផុតសុពលភាព ត្រូវរួសរាន់មកបំពេញបែបបទស្នើសុំអនុញ្ញាតបន្តសុពលភាពធ្វើអាជីវកម្មដឹកអ្នកដំណើរឱ្យស្របទៅតាមច្បាប់ជាធរមាន។

ក្រសួងសាធារណការ អះអាងថា៖ «ក្នុងករណីដែលក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងឡាយណា ពុំមានលិខិតអនុញ្ញាតដឹកជញ្ជូនអ្នកដំណើរ ឬមានលិខិតអនុញ្ញាតដឹកជញ្ជូនអ្នកដំណើរផុតសុពលភាព ហើយមិនបានមកបំពេញបែបបទស្នើសុំចុះបញ្ជី និងសុំអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ ឱ្យស្របទៅតាមលិខិតបទដ្ឋានគតិយុត្តខាងលើនេះទេ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងសហការជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីចុះត្រួតពិនិត្យព្រមទាំងមានវិធានការតាមផ្លូវច្បាប់ជាធរមាន»។ យ៉ាងណាក្ដី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ក្រុមហ៊ុន សាខាក្រុមហ៊ុន និងភ្នាក់ងារធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរទាំងអស់ ចូលរួមសហការអនុវត្តតាមការណែនាំខាងលើនេះចាប់ពីថ្ងៃនេះតទៅ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត