ប្រទេសគីរីបាទី ដកខ្លួនចេញពីប្លុកកំពូលកោះប៉ាស៊ីហ្វិក ខណៈចិនកំពុងពង្រីកមហិច្ឆតាសន្តិសុខនៅក្នុងតំបន់
N
Nary Vann
11 កក្កដា 2022 07:30 AM

ប្រទេសគីរីបាទី បានលាលែងពីប្លុកកំពូលនៃបណ្តាប្រទេសកោះប៉ាស៊ីហ្វិក ដោយធ្វើឱ្យក្រុមនេះបែកបាក់ ខណៈដែលមេដឹកនាំរបស់ប្លុកនេះ បើកកិច្ចប្រជុំកំពូលដើម្បីដោះស្រាយបញ្ហាកំណើននីវ៉ូទឹកសមុទ្រ និងការពង្រីកមហិច្ឆតាសន្តិសុខរបស់ចិននៅក្នុងតំបន់។

ប្រជាជាតិប៉ាស៊ីហ្វិកកណ្តាលដែលមានប្រជាជនចំនួន ១២ម៉ឺននាក់នេះ បានឱ្យដឹងថា ខ្លួនបានសម្រេចដោយអធិបតេយ្យភាព ដើម្បីដកខ្លួនចេញពីវេទិកាប្រជុំកោះប៉ាស៊ីហ្វិក ដែលមានមូលដ្ឋាននៅហ្វីជី ជាមួយប្រសិទ្ធភាពភ្លាមៗ។

នៅក្នុងលិខិតមួយ កាលពីថ្ងៃទី៩ ខែកក្កដា ដែលទទួលបានដោយ AFP ប្រធានាធិបតីគីរីបាទី លោក តានេទី ម៉ាអៅ (Taneti Maamau) បានលើកឡើងពីការបរាជ័យរបស់វេទិកានេះ លើការគោរពកិច្ចព្រមព្រៀងក្នុងការតែងតាំងបេក្ខជនជនជាតិមីក្រូនេស៊ី ឱ្យធ្វើជាប្រធានលេខាធិការដ្ឋាន។

មេដឹកនាំ​គីរីបាទី​បាន​លើក​ឡើង​ពី​ការ​ប្រារព្ធ​ទិវា​ជាតិ​របស់​ប្រទេស​លោក​នៅ​ថ្ងៃ​ទី ១២ កក្កដា ជា​ហេតុផល​មួយ​ទៀត​សម្រាប់​ការ​មិន​ចូល​រួម​កិច្ច​ប្រជុំ​កំពូល។

មេដឹកនាំមកពីប្រទេសជាច្រើននៃវេទិកានានា កំពុងជួបប្រជុំគ្នានៅរដ្ឋធានីស៊ូវ៉ា (Suva) ប្រទេសហ្វីជី ចាប់ពីថ្ងៃទី១២ ខែកក្កដាដល់ថ្ងៃទី១៤ ខែកក្កដា ក្នុងពេលវេលាដ៏សំខាន់មួយនៅពេលដែលប្រទេសចិន កំពុងស្វែងរកការពង្រីកទំនាក់ទំនងការទូត និងសន្តិសុខរបស់ខ្លួននៅក្នុងតំបន់។

កំណើនឥទ្ធិពលរបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់ ជាពិសេសកិច្ចព្រមព្រៀងសន្តិសុខសម្ងាត់ជាមួយកោះសូឡូមុន (Solomon) ក្នុងខែមេសា បានធ្វើឱ្យមានការព្រួយបារម្ភនៅក្នុងសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្ត​ អំពីចេតនារបស់ប្រទេសចិន។

មហាអំណាចក្នុងតំបន់ និងជាសមាជិកវេទិកាកោះប៉ាស៊ីហ្វិកដូចជា អូស្ត្រាលី និងនូវែលសេឡង់ បានសង្កត់ធ្ងន់លើសារសំខាន់របស់ប្លុកក្នុងការសម្រេចចិត្តយុទ្ធសាស្ត្រសន្តិសុខនៃតំបន់។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានធ្វើទស្សនកិច្ចនៅគីរីបាទី ក្នុងអំឡុងពេលដំណើរទេសចរណ៍ទៅកាន់ប៉ាស៊ីហ្វិកក្នុងខែឧសភា ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១០ លើវិស័យសេដ្ឋកិច្ច និអាកាសធាតុ ប៉ុន្តែមិនរួមបញ្ចូលបញ្ហាសន្តិសុខទេ។

គួរបញ្ជាក់ថាប្រទេសគីរីបាទី ដែលប្រឈមនឹងហានិភ័យនៃការជន់លិច ដោយសារនីវ៉ូទឹកសមុទ្រកើនឡើង  មានទីតាំងយុទ្ធសាស្ត្រ ៣ពាន់គីឡូម៉ែត្រ ភាគនិរតីនៃកោះហាវ៉ៃ ជាមួយនឹងតំបន់សេដ្ឋកិច្ចផ្តាច់មុខដ៏ធំបំផុតមួយនៅក្នុងពិភពលោក៕

លោក តានេទី ម៉ាអៅ (Taneti Maamau) ប្រធានាធិបតីគីរីបាទី 
លោក តានេទី ម៉ាអៅ (Taneti Maamau) ប្រធានាធិបតីគីរីបាទី 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត