អង្គការ TICA ប្រទេសថៃឧបត្ថម្ភការជួសជុល និងពង្រីកអគារសង្គ្រោះបន្ទាន់ មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត
K
Kimhuoy Klaing
28 មិថុនា 2022 12:00 PM

បន្ទាយមានជ័យ៖ អង្គការ TICA ព្រះរាជាណាចក្រថៃ បានឧបត្ថម្ភគម្រោងការជួសជុល និងពង្រីកអគារសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ដែលត្រូវបានបញ្ចុះបឋមសីលានៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅក្រុងប៉ោយប៉ែត។

ក្នុងពិធីបញ្ចុះបឋមសីលានោះ មានការចូលរួមពីសំណាក់ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ, លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត, លោកវេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាលនៃក្រសួងសុខាភិបាល, លោក នេត្រ សេរី អគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តស្រះកែវ និងភាគីថៃរួមមានឯកឧត្តម បរិញ្ញា ពោធិសាត់ អភិបាលខេត្តស្រះកែវ លោកជំទាវ អ៊ុករីរ៉ាក់ ចម្រើនតូ អគ្គនាយកអង្គការ TICA ព្រះរាជាណាចក្រថៃ និងមន្ត្រីជាច្រើនរូបទៀត។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖ «ពិធីបញ្ចុះបឋមសីលាជួសជុល និងពង្រីកអគារសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ជាផ្នែកមួយថ្មីបន្ថែមទៀតក្រោមគម្រោងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល រវាងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបន្ទាយមានជ័យនៃប្រទេសកម្ពុជា និងខេត្តស្រះកែវប្រទេសថៃ ក្រោមគម្រោងគាំទ្រថវិកាអង្គការ TICA ព្រះរាជាណាចក្រថៃដែលបានបង្ហាញពីចំណងកិច្ចសហប្រតិបត្តិការដ៏ល្អជាបងប្អូនភូមិផងរបងជាមួយ និងយូរអង្វែងរវាងប្រទេសទាំងពីរ»

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ
លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីសុខាភិបាលខេត្តបន្ទាយមានជ័យ

ទន្ទឹមនឹងនេះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងនូវកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងវិស័យសុខាភិបាលខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវប្រទេសថៃ។

 ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ
 ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា៖ «វិស័យសុខាភិបាលខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវប្រទេសថៃកន្លងមកបានអនុវត្តទាំងការងារទប់ស្កាត់ប្រយុទ្ធនឹងជំងឺឆ្លង និងការជួយអភិវឌ្ឍវិស័យសុខាភិបាល ព្រមទាំងចែករំលែកនូវចំណេះដឹងបទពិសោធក្នុងការអនុវត្តការងារបច្ចេកទេសរវាងថ្នាក់ដឹកនាំមន្ទីរសុខាភិបាល និងមន្ទីរពេទ្យដែលសបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នាលើវិស័យនេះដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ»

អត្ថបទដោយ៖ លោក ឈុន មករា

សម្រួលដោយ៖ កញ្ញា ឃ្លាំង គីមហួយ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត