កុំភាន់ច្រឡំទៀត…! លោកហាច ឆន ពន្យល់ច្បាស់ៗពីខ្យងនាំចូលពីប្រទេសជប៉ុន​ និងខ្យងកាត់ស្រូវមកពីប្រទេសថៃ និងវៀតណាម ដែលមានពងពណ៌ក្រហមដូចគ្នា
អាន ប៊ុនរ័ត្ននៈ
22 មិថុនា 2022 06:00 AM

(ខេត្តមណ្ឌលគិរី)៖ បន្ទាប់ពីមានការចុះផ្សាយពីពូជសត្វខ្យង៣ប្រភេទមានដើមកំណើតមកពីប្រទេសជប៉ុន ហើយត្រូវបានបុរសខ្មែរម្នាក់នាំយកមកចិញ្ចឹម ដោយលក់ក្នុងតម្លៃមួយថ្លៃខ្ពស់កប់ពពក និងមានកសិដ្ឋានបង្កាត់ពូជលក់ជូនអតិថិជន នាំឱ្យមហាជនមួយចំនួនធំមានការភាន់ច្រឡំលើពូជខ្យងជប៉ុនទាំង៣ប្រភេទនោះ ថាជាខ្យងពងក្រហមនាំចូលពីប្រទេសថៃ និងវៀតណាមទៅវិញ…។

 លោក ហាច ឆន ម្ចាស់កសិដ្ឋាន៤០០ (រូបភាពឯកសារ)
 លោក ហាច ឆន ម្ចាស់កសិដ្ឋាន៤០០ (រូបភាពឯកសារ)

សូមរំលឹកថា លោក ហាច ឆន ម្ចាស់កសិដ្ឋាន៤០០ ស្ថិតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា បានផ្តល់បទសម្ភាសដល់ SBM News ដឹងថា លោកបានបញ្ចប់ការសិក្សាផ្នែកកសិកម្មនៅសាកលវិទ្យាល័យកសិកម្មព្រែកលៀប និងបានចូលបម្រើការងារនៅតាមបណ្តាអង្គការ ស្ថាប័នក្រៅរាជរដ្ឋាភិបាលមួយចំនួនរយៈពេលជិត២០ឆ្នាំ ដោយបានបន្លាស់ទីរស់នៅតាមការងាររហូតតាំងទីលំនៅអចិន្ត្រៃនៅស្រុកកែវសីមានេះ។ ដោយសារលោកជាមនុស្សស្រឡាញ់វិស័យកសិកម្ម និងចូលចិត្តស្រាវជ្រាវលើផ្នែកមួយនេះ បច្ចុប្បន្ន លោកបានបើកកសិដ្ឋានចិញ្ចឹមសត្វ ទាំងប្រភេទសត្វរស់លើគោក ប្រភេទសត្វរស់ក្នុងទឹក និងការសិក្សាស្រាវជ្រាវជីវចម្រុះផ្សេងៗរហូតទទួលបានជោគជ័យចំនួន៤០០មុខ និងកំពុងបន្តការស្រាវជ្រាវបន្ថែមទៀតផងដែរ។

ខ្យងទុរេន ដែលបានចម្អិនរួច
ខ្យងទុរេន ដែលបានចម្អិនរួច

ដោយឡែក កាលពីដើមឆ្នាំ២០២២កន្លងទៅនេះ មិត្តភក្តិរបស់លោកម្នាក់រស់នៅប្រទេសថៃ បានណែនាំឱ្យចិញ្ចឹមសត្វខ្យង៣ប្រភេទ មានដើមកំណើតពីប្រទេសជប៉ុន គឺទី១. ខ្យងប័រ ទី២.ខ្យងទុរេន និងទី៣.ខ្យងឈឺរី ដែលមានឱជារសឆ្ងាញ់សម្បូរប្រូតេអ៊ីន ងាយស្រួលចិញ្ចឹម កើតកូនលឿនដល់ទៅរាប់ពាន់ក្បាលក្នុងពេលវាមានវដ្តបន្តពូជម្ដងៗ (មួយឆ្នាំមានកូន៤០ដង) និងមានទីផ្សារខ្ពស់នៅឯក្រៅប្រទេស។ ទន្ទឹមនោះពងខ្យងទាំង៣ប្រភេទនេះ មានពណ៌ក្រហមដូចទៅនឹងខ្យងម្យ៉ាងនាំចូលពីប្រទេសថៃ និងវៀតណាម ដែលកសិករខ្មែរមួយចំនួនយកមកចិញ្ចឹម ដើម្បីផលិតជាចំណីសត្វ និងនាំចេញទៅប្រទេសវៀតណាមវិញក្នុងតម្លៃ១គីឡូក្រាមត្រឹម៣០០រៀលប៉ុណ្ណោះ ហើយក៏ជាសត្វខ្យងបំផ្លាញផលដំណាំកសិកម្មខ្លាំងផងដែរ។ ផ្ទុយទៅវិញ សម្រាប់ពូជខ្យងដែលលោកនាំចូលមកពីប្រទេសជប៉ុននេះ គឺខុសស្រឡះពីពូជខ្យងនាំចូលពីប្រទេសថៃ-វៀតណាមដាច់ឆ្ងាយតែម្ដង។

សាច់ខ្យងទុរេន ដែលមានពណ៌មាស ខុសពីខ្យងពងក្រហម
សាច់ខ្យងទុរេន ដែលមានពណ៌មាស ខុសពីខ្យងពងក្រហម

ប្រភេទខ្យងប័រ និងខ្យងទុរេន មានតម្លៃដល់ទៅ៤០ម៉ឺនរៀល ឯខ្យងឈឺរី មានតម្លៃ២០ម៉ឺនរៀលក្នុងមួយគីឡូក្រាម នេះគឺសម្រាប់តែទីផ្សារក្នុងស្រុក ដែលលោកលក់ចែកចាយជូនបងប្អូនប្រជាពលរដ្ឋចិញ្ចឹមធ្វើមេពូជ «បើនៅប្រទេសជប៉ុន និងបណ្តាប្រទេសផ្សេងៗដែលគេចិញ្ចឹមដែរ គឺក្នុង១គីឡូក្រាមមានតម្លៃ២លានរៀលឯណោះ ដូច្នេះ សូមបងប្អូនកុំមានការភាន់ច្រឡំថា ពូជខ្យងមកពីជប៉ុនទាំង៣ប្រភេទនេះ ជាខ្យងនាំចូលមកពីថៃ-វៀតណាមដែលជាពូជមិនល្អនោះឱ្យសោះ មិនមែនទេ!» នេះជាការបញ្ជាក់បន្ថែមរបស់លោកហាច ឆន។ ដ្បិតថាពងខ្យងមកពីជប៉ុនមានពណ៌ដូចខ្យងពងក្រហម(ឬភាសាវៀតណាមហៅថា អ៊ុកភូយ៉ាង) ឬភាសាថៃហៅថា ហយខៃឌែង ប៉ុន្តែបងប្អូនប្រជាពលរដ្ឋត្រូវមើលលើប្រភេទពណ៌ និងពូជខ្យងឱ្យច្បាស់សិន មិនអាចចេះតែវិនិច្ឆយដោយមើលនឹងភ្នែកទទេបានទេ។

ខ្យងពងក្រហម មានកំណើតមកពីថៃ និងវៀតណាម
ខ្យងពងក្រហម មានកំណើតមកពីថៃ និងវៀតណាម

ថ្លែងប្រាប់ SBM News តាមទូរសព្ទនៅព្រឹកថ្ងៃពុធទី២២ ខែមិថុនា ឆ្នាំ២០២២ជាថ្មីម្តងទៀត ម្ចាស់កសិដ្ឋាន៤០០ លោក ហាច ឆន បានបញ្ជាក់ថា លោកធានាថាខ្យងទាំង៣ប្រភេទដែលលោកនាំចូលមកពីប្រទេសជប៉ុន គឺជាខ្យងដែលមានតម្លៃជាអន្តរជាតិ ព្រោះមិនមែនមានចិញ្ចឹមតែនៅប្រទេសជប៉ុន និងកម្ពុជាទេ ខ្យងនេះមានចិញ្ចឹមនៅបណ្តាប្រទេសមួយចំនួនជុំវិញពិភពលោក ហើយយើងទើបតែយកមកសាកល្បងទេ គឺរូបលោកជាអ្នកនាំយកមកដំបូងគេតែម្ដង។ បន្ថែមលើនេះ លោក ហាច ឆន ក៏បានគូសបញ្ជាក់ចំពោះការរិះគន់លោកថា ខ្យងគ្មានភេទញី ឬឈ្មោលទេ ពោលគឺជាសត្វទ្វេភេទ ដោយលោកបញ្ជាក់ច្បាស់ថា ក្នុងនាមលោកជាអ្នកស្រាវជ្រាវលើប្រភេទសត្វខ្យងនេះ គឺសត្វខ្យងពិតជាមានញីមានឈ្មោល ដើម្បីធ្វើការបង្កាត់បន្តពូជជាមួយគ្នា។ សម្រាប់អ្នកចង់ដឹងច្បាស់ពីភេទរបស់សត្វខ្យង ហើយចង់បានការបញ្ជាក់ សូមធ្វើដំណើរមកកាន់កសិដ្ឋានរបស់លោកផ្ទាល់ លោកនឹងបង្ហាញប្រាប់ជាក់ស្តែងតែម្ដង…៕

សូមទស្សនាវីដេអូព័ត៌មាន៖

សាច់ខ្យងពងក្រហម មានសម្បុរខ្មៅ ដែលប្រជាពលរដ្ឋកាត់យកតែក្បាលទៅធ្វើម្ហូបអាហារ
សាច់ខ្យងពងក្រហម មានសម្បុរខ្មៅ ដែលប្រជាពលរដ្ឋកាត់យកតែក្បាលទៅធ្វើម្ហូបអាហារ
ខ្យងទុរេន ពូជមកពីជប៉ុន
ខ្យងទុរេន ពូជមកពីជប៉ុន
សាច់ខ្យងទុរេន ដែលយកទៅឆាជាមួយពោត
សាច់ខ្យងទុរេន ដែលយកទៅឆាជាមួយពោត
ខ្យងទុរេនអាំង
ខ្យងទុរេនអាំង
ខ្យងទុរេនអាំង
ខ្យងទុរេនអាំង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត