
(ខេត្តមណ្ឌលគិរី)៖ ពូជសត្វខ្យង៣ប្រភេទមានដើមកំណើតមកពីប្រទេសជប៉ុន និងមានតម្លៃខ្ពស់កប់ពពកក្នុងចំណោមប្រភេទសត្វខ្យងនៅស្រុកខ្មែរ ពេលនេះមាននៅកម្ពុជាហើយ បន្ទាប់ពីបុរសខ្មែរម្នាក់ទិញយកមកចិញ្ចឹមបង្កាត់កូនលក់ក្នុងងស្រុក និងកំពុងប្រជែងទីផ្សារក្រៅប្រទេស…។

លោក ហាច ឆន ម្ចាស់កសិដ្ឋាន៤០០ ស្ថិតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា បានឱ្យ SBM News ដឹងថា លោកមានស្រុកកំណើតនៅខេត្តតាកែវ ប៉ុន្តែក្រោយបញ្ចប់ការសិក្សាផ្នែកកសិកម្មនៅសាកលវិទ្យាល័យកសិកម្មព្រែកលៀប លោកបានចូលបម្រើការងារនៅតាមអង្គការ ស្ថាប័នមួយចំនួន និងបានបន្លាស់ទីរស់នៅតាមការងាររហូតតាំងទីលំនៅអចិន្ត្រៃនៅមូលដ្ឋានខាងលើនេះតែម្ដង។ ដោយសារ លោកជាមនុស្សស្រឡាញ់វិស័យកសិកម្ម និងចូលចិត្តស្រាវជ្រាវលើផ្នែកកសិកម្មនេះផងដែរ លោកក៏បានបើកកសិដ្ឋានចិញ្ចឹមសត្វទាំងរស់នៅលើគោក និងក្នុងទឹក និងសិក្សាស្រាវជ្រាវជីវចម្រុះផ្សេងៗមួយចំនួនទៀត ដែលគិតមកដល់បច្ចុប្បន្ន ការស្រាវជ្រាវរបស់លោកទទួលបានជោគជ័យចំនួន៤០០មុខហើយ។

លោក ហាច ឆន បញ្ជាក់ថា មូលហេតុដែលលោក ចុះទៅទិញពូជខ្យង៣ប្រភេទពីប្រទេសជប៉ុនមកបង្កាត់ពូជលក់កូន និងសាច់នៅប្រទេសកម្ពុជា ក៏ព្រោះតែលោកទទួលព័ត៌មានពីមិត្តភក្តិម្នាក់រស់នៅប្រទេសថៃ ថាមានសត្វខ្យង៣ប្រភេទ មានដើមកំណើតពីប្រទេសជប៉ុន ទី១. ខ្យងប័រ ទី២.ខ្យងទុរេន និងទី៣.ខ្យងឈឺរី ដែលពូជខ្យងទាំង៣ប្រភេទនេះ មានពណ៌ស្រស់ស្អាត សាច់មានរសជាតិឆ្ងាញ់សម្បូរប្រូតេអ៊ីន ងាយស្រួលចិញ្ចឹម កើតកូនលឿន ចំនួនរាប់ពាន់ក្បាលក្នុងពេលមានវដ្តម្ដងៗ (មួយឆ្នាំមានកូន៤០ដង) និងមានទីផ្សារខ្ពស់នៅក្រៅប្រទេស ខណៈពូជខ្យងខ្មែរដែលលោកធ្លាប់ចិញ្ចឹមកន្លងមកមានតម្លៃទាប និងពិបាករកទីផ្សារណាស់ ពោលគឺលក់បានសម្រាប់តែផ្សារក្នុងស្រុកប៉ុណ្ណោះ។

លោក ហាច ឆន បន្តថា លោកបានជិះយន្តហោះទៅប្រទេសជប៉ុនទិញពូជខ្យងទាំង៣នេះមកចិញ្ចឹម ដោយក្នុងមេពូជមួយគីឡូក្រាមថ្លៃ២លានរៀល មកបង្កាត់នៅកសិដ្ឋានរបស់លោក បន្ទាប់ពីទទួលបានការបង្ហាត់បង្រៀនផ្នែកបច្ចេកទេសចិញ្ចឹមពីអ្នកជំនាញជប៉ុននោះផងដែរ។ បច្ចុប្បន្ន លោកបង្កាត់ពូជខ្យង៣ប្រភេទនេះ ពី៣គីឡូក្រាម រហូតមានមេពូជរាប់លានក្បាល និងបានលក់មេពូជដល់អតិថិជនក្នុងស្រុក ២៥រាជធានី-ខេត្ត ទូទាំងប្រទេស ដោយក្នុងង១គីឡូក្រាមតម្លៃ៤០ម៉ឺនរៀលសម្រាប់ខ្យងប័រ និងខ្យងទុរេន ចំណែកខ្យងឈឺរី មានតម្លៃត្រឹមតែ២០ម៉ឺនរៀលក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ ទន្ទឹមនឹងនោះ លោកក៏នឹងបង្ហាត់បង្រៀនពីវិធីចិញ្ចឹមយកសាច់ បង្កាត់មេពូជលក់ និងទទួលទិញមកវិញពីអ្នកចិញ្ចឹម ប្រសិនបើពួកគាត់គ្មានទីផ្សារនាំចេញដោយខ្លួនឯង ពោលគឺលោកចង់ឱ្យកសិករខ្មែរចេះចិញ្ចឹមសត្វ ហើយមានទីផ្សារលក់ចេញផងដែរ។

លោក ហាច ឆន បន្ថែមថា សម្រាប់ពូជខ្យងទាំង៣ប្រភេទនេះ គឺលោកលក់ដាច់ខ្លាំងណាស់ទាំងទីផ្សារក្នុងស្រុក និងទីផ្សារក្រៅប្រទេស (ប្រទេសវៀតណាមទទួលទិញ) ផលិតលក់ឱ្យអតិថិជនសឹងមិនទាន់ទេ ដូច្នេះ បើប្រជាកសិករខ្មែរមានចំណាប់អារម្មណ៍ចង់ចិញ្ចឹមសត្វខ្យងពូជមកពីជប៉ុនទាំង៣ប្រភេទនេះ អាចទាក់ទងមកលោកបាន លោកនឹងជួយបង្ហាត់បង្រៀនពីរបៀបចិញ្ចឹម និងជួយរកទីផ្សារជូនបន្ថែម ដើម្បីបង្កើនជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង…៕






