
Chanon Santinatornkul ឬប្រិយមិត្តស្គាល់ថា Non Chanon ជាតារាសម្តែងវ័យក្មេងម្នាក់កំពុងក្តាប់តំណែងជាតួឯកជាមួយតារាល្បីៗជាច្រើនមានទាំងរៀមច្បងដូចជា Aff Taksaorn , Pencake , Baifern Pimchanok និង Mint Chalida ជាដើម។ ជាពិសេស ក្នុងឆ្នាំ២០២២ នេះរូបលោកកាន់តែមមាញឹកខ្លាំងក្នុងវិថីសិល្បៈការងារសម្រុកចូលសឹងតែគ្មានពេលសម្រាក។
យ៉ាងណា យើងមកដឹងពីប្រវត្តិតារាប្រុសរូបនេះទាំងអស់គ្នាតើមានចំណុចពិសេសអ្វីខ្លះធ្វើឱ្យលោកមានភាពល្បីល្បាញដល់កម្រិតនេះ៖

Non Chanon កើតនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ១៩៩៦ នៅទីក្រុងបាងកក(បច្ចុប្បន្នក្រុងទេពមហានគរ) មានកម្ពស់ ១.៧២ ម៉ែត្រ ជាកូនទី២ក្នុងគ្រួសារ មានបងស្រីម្នាក់ និងប្អូនស្រីម្នាក់។ តារាសម្តែងវ័យ២៦ឆ្នាំរូបនេះ បានបញ្ចប់បរិញ្ញាបត្រផ្នែកផលិតភាពយន្ដ ពីមហាវិទ្យាល័យ Mahidol (មហាឌុល)។ តារាប្រុសរូបនេះបានបោះជំហានដំបូងលើអាជីពសិល្បៈក្នុងឆ្នាំ២០១៤ ជាតួអង្គរងក្នុងរឿង «Love's Coming» ប្រភេទរឿង BL ដោយមុនសម្តែងរឿងនេះលោកក៏បានសម្តែងក្នុងវីដេអូខ្លី ក្នុងយុទ្ធនាការសុខភាពបន្តពូជដែលឧបត្ថម្ភដោយក្រសួងសុខាភិបាលសាធារណៈថៃផងដែរ។
ក្នុងឆ្នាំ២០១៥ លោកចាប់ផ្តើមមានអ្នកគាំទ្រ បន្ទាប់ពីសម្តែងជាតួអង្គបន្ទាប់បន្សំនៅក្នុងរឿងស៊េរី «Hormones» ។ ២ឆ្នាំបន្ទាប់ Non ចាប់ផ្តើមមានឈ្មោះបោះសំឡេងខ្លាំងបន្ទាប់ពីសម្តែងជាតួអង្គ Bank នៅក្នុងរឿង «សិស្សឆ្នើមកំពូលល្បិច» (Bad Genius) ក្នុងឆ្នាំ២០១៧ ជាពិសេស កាលនោះល្បីល្បាញខ្លាំងនៅក្នុងប្រទេសចិន ព្រមទាំងទទួលបានពានរង្វាន់ទៀតផង។ ជាបន្តបន្ទាប់ តួឯករូបនេះបានលេចវត្តមានក្នុងរឿងភាគជាច្រើន។

ដំបូងឡើង Non Chanon ជាតារាសម្តែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Nadao Bangkok ពីឆ្នាំ២០១៤ ដល់ពាក់កណ្តាលឆ្នាំ២០១៨ បន្ទាប់មកតារាប្រុសរូបនេះក្លាយជាតារាសម្តែងឯករាជ្យ និងមានឈ្មោះល្បីល្បាញដល់បច្ចុប្បន្ន ជាសិល្បករម្នាក់ពោរពេញដោយចំណេះដឹង និងមានទេពកោលស្យខ្ពស់ក្នុងការសម្តែង។ ងាកទៅជីវិតប្រចាំថ្ងៃវិញ កំលោះសង្ហារូបនេះចូលចិត្តហាត់ប្រាណ ហើយនៅមិនទាន់បញ្ជាក់មានទំនាក់ទំនងស្នេហាជាមួយនរណាម្នាក់នៅឡើយទេ៕







