
តារាសម្តែង Yang Yang ជាតារាលំដាប់ជួរមុខមួយរូបនៅប្រទេសចិនដែលទទួលបានការគាំទ្រយ៉ាងខ្លាំង មិនថាក្នុងប្រទេសឬក្រៅប្រទេស ពោរពេញដោយសមត្ថភាពទាំងការសម្តែងក៏ល្អ រូបរាងក៏ស្រស់សង្ហា។ តារាសម្តែងខ្ពស់ស្រឡះរូបនេះបានប្រឡូកលើវិស័យសិល្បៈអស់រយៈពេលជាង១០ឆ្នាំមកហើយ ខណៈបេះដូងក៏នៅទំនេរនៅមិនទាន់មានម្ចាស់បេះដូងនៅឡើយ។ ទោះជាយ៉ាងណា កន្លងមក តារាសម្តែងវ័យ៣១ឆ្នាំរូបនេះក៏ផ្ទុះរឿងអាស្រូវស្នេហាជាមួយតារាស្រី៥រូបខាងក្រោមនេះ ត្រូវបណ្តាញ សារព័ត៌មានចុះព្រោងព្រាត៖

១. Li Qin
Yang Yang និង តារាស្រីរូបនេះបានជួបគ្នាក្នុងឆ្នាំ ២០១០ នៅពេលដែលពួកគេថតរឿង «The Story of the Stone»។ អ្នកទាំងពីរក៏មានភាពស្និទ្ធស្នាលដូចជាពេលថតរូបជាក្រុម Yang Yang ចូលចិត្តឈរពីក្រោយ Li Qin និងទៅណាមកណាជាមួយគ្នា រហូតត្រូវគេសង្ស័យថា Li Qin ជាមិត្តស្រី Yang Yang ។ ក្រោយមកពួកគេមិនបានទាក់ទងគ្នាទេ ដោយសង្ស័យថាការងារខាងប្រុសមមាញឹកគ្មានពេលគ្រប់គ្រាន់ឱ្យខាងស្រី និងជាមនុស្សមហាជនផងទើបពួកគេមិនមានឱកាសច្រើននៅជាមួយគ្នា ។

២. Zhang Tianai
តាមរយៈខ្សែភាពយន្ត «I Belonged to You» នាំឱ្យអ្នកទាំងពីរមានសម្ព័ន្ធភាពនឹងគ្នា ឯការសម្តែងនៅក្នុងរឿងប្រៀបដូចជាគូស្នេហ៍ពិតៗ។ បន្តពីសម្តែងរឿង អ្នកទាំងពីរក៏មានការងារថតពាណិជ្ជកម្មជាមួយគ្នា និងមានភាពស្និទ្ធស្នាល ដែលធ្វើឱ្យមហាជនគិតថាពួកគេកំពុងទាក់ទងគ្នា។ យ៉ាងណាមិញ ទំនាក់ទំនងពួកគេក៏ស្ងាត់ ឯពាក្យចចាមអារ៉ាមក៏សាបរលាបបាត់ទៅ។

៣. Zheng Shuang
អតីតតារាស្រីរូបនេះក៏ជាមនុស្សស្រីម្នាក់ដែលលេចពាក្យចចាមអារ៉ាមស្នេហាជាមួយ Yang Yang មុនពេលនាងមានរឿងអាស្រូវរួមរឹត ដោយសារតែការសម្តែងរបស់អ្នកទាំងពីរក្នុងឆ្នាំ២០១៦ រឿង «Love O2O»(ពិភពស្នេហ៍ Online) ស៊ីចង្វាក់គ្នាពេក។ ទោះយ៉ាងណាក៏ដោយ ពួកគេមិនមានទំនាក់ទំនងផ្ទាល់ខ្លួនច្រើនពេកទេគ្រាន់តែជាអ្នកធ្វើការរួមគ្នាប៉ុណ្ណោះមិនមានទំនាក់ទំនងពិសេសណាមួយឡើយ។

៤. Victoria Song
ពាក្យចចាមអារ៉ាមទំនាក់ទំនងរវាងអ្នកទាំងពីរបានសាយភាយយ៉ាងខ្លាំង ព្រោះប្រព័ន្ធផ្សព្វផ្សាយបង្ហាញរូបភាព Yang Yang ទៅសណ្ឋាគារតារាស្រីរូបនេះ ហើយត្រូវបានជំនួយការរបស់នាងមកទទួល ខណៈតារាប្រុសនេះបង្ហាញខ្លួននៅទីនោះជាច្រើនដង។ ទោះយ៉ាងណា Victoria Song បានបដិសេធការលេចធ្លាយដំណឹងតាមអ៊ីនធឺណិត ហើយគេសង្ស័យថានាងចង់បង្ហាញទំនាក់ទំនងជាសាធារណៈ ប៉ុន្តែក្រុមខាងប្រុសបានច្រានចោលព័ត៌មាននោះ ទើបធ្វើឱ្យតារាស្រី Victoria ប្រកាសថាគ្មានទំនាក់ទំនងអ្វីដូចគ្នា។

៥. Qiao Xin
ប្រព័ន្ធផ្សព្វផ្សាយធ្លាប់បានថតរូប Qiao Xin និង Yang Yang ដើរទិញអីវ៉ាន់ផ្សារទំនើបជាមួយគ្នានៅទីក្រុងឡុងដ៍ ខណៈពេលដែលនៅលើ Weibo តារាស្រីរូបនេះបាននិយាយថានាងមានមិត្តប្រុសរួចហើយ ។ ទោះយ៉ាងណា អ្នកលេងអ៊ីនធឺណិតបាននិយាយថា បុរសក្នុងរូបនោះមិនមែនជា Yang Yang ទេ។ បន្ទាប់មកពាក្យចចាមអារ៉ាមរបស់ពួកគេត្រូវបានបញ្ចប់ ហើយអ្នកទាំងពីរក៏មិនបានចេញមុខតបតអ្វីទាំងអស់ទុកឱ្យពាក្យចចាមអារ៉ាមស្ងប់ដោយខ្លួនឯង៕






