តារា​សម្ដែងចិនល្បីឈ្មោះ Deng Lun ត្រូវ​ផាក​ពិន័យរាប់រយលាន ពី​បទ​គេច​ពន្ធ
S
SM
16 មីនា 2022 06:00 AM

តួ​​ឯកល្បីឈ្មោះ  Deng Lun (ដេន លុន) ត្រូវបានអាជ្ញាធរក្នុងតំបន់បាននិយាយថាតារាសម្តែងប្រុសរូបនេះ ត្រូវពិន័យជាប្រាក់ចំនួន ១០៦ លានយ៉ន់ ប្រមាណជិត១៧លានដុល្លារ (១៦.៦១លានដុល្លារ) ពីបទគេចពន្ធ រួមទាំងបន្លំឯកសារ។

យោងតាមសេចក្តីថ្លែងការណ៍នៅលើគេហទំព័ររបស់សេវាពន្ធក្រុងសៀងហៃនៃរដ្ឋបាលពន្ធដាររដ្ឋបានឱ្យដឹងថា ចន្លោះឆ្នាំ២០១៩ និងឆ្នាំ២០២០ លោក Deng បានគេចវេសពីពន្ធលើប្រាក់ចំណូលផ្ទាល់ខ្លួនជិត៤៨លានយ៉ន់ ខណៈពេលដែលគេចមិនបានបង់ពន្ធលើករណីផ្សេងៗទៀតជិត១៤ លានយ៉ន់បន្លែមទៀតទើបត្រូវពិន័យទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះ។ 

យ៉ាងណាមិញ ស្របពេលដែលដំណឹងនេះបានសាយភាយទូទាំងប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀត ទាំងគណនី Weibo ផ្ទាល់ខ្លួន និងគណនីស្ទូឌីយ៉ូ របស់ Deng Lun ក៏ត្រូវបានលុបចោលផងដែរ។ ចំណែកឯក្រុមហ៊ុនល្បីៗដែលតារាប្រុសវ័យ២៩ឆ្នាំរូបនេះធ្វើជាអ្នកតំណាងក៏ត្រូវក្រុមហ៊ុនសម្រេចចិត្តបញ្ឃប់ជាបណ្តើរៗ។

ករណីគេចពន្ធដែលនឹកស្មានមិនដល់នេះបានធ្វើឱ្យអ្នកគាំទ្រទាំងក្នុងប្រទេស​និងក្រៅប្រទេសសម្តែងការភ្ញាក់ផ្អើលជាខ្លាំង ខណៈសាមីខ្លួនក៏បានចេញមុខព្រមទទួលស្គាល់កំហុស និងសុំទោសទៅកាន់មហាជនផងដែរ៕

ប្រភព៖ chinadaily

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត