
តួឯកលំដាប់ជួរមុខក្នុងប្រទេសចិន Yang Yang (យ៉ាង យ៉ាង) ជាតារាល្បីអង្រួនបេះដូង នារីៗទាំងក្នុងប្រទេសនិងក្រៅប្រទេស ឱ្យឈ្លក់វង្វេងពីរូបរាងសង្ហាររបស់លោកមិនតិចនាក់នោះទេ ។ មិនត្រឹមតែ មានរូបរាងសង្ហារ សាច់ដុំកង់ៗ ប៉ុន្តែតួកុនរូបនេះពោរពេញដោយសមត្ថភាពទេពកោល្យសម្តែងមិនធម្មតា រហូតក្រសោបពានរង្វាន់ជាង៣០ពាននៅក្នុងដៃ។
ខណៈនេះ SBM NEWS នឹងជម្រាបជូនពីសាវតារតារាសម្តែងចិនរូបនេះមានដំណើរដើមទង បែបណាខ្លះ៖

Yang Yang កើតនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ១៩៩១ នៅទីក្រុង Shanghai (សៀងហៃ) មានកម្ពស់ ១៨០ស.ម ជាតារាចម្រៀង, សម្តែង, ម៉ូឌែល។ លោក ជាមនុស្សម្នាក់ចូលចិត្តវិស័យសិល្បៈតាំងពីក្មេង និងបានសិក្សារបាំនៅសាលាសិល្បៈ PLA (ភី អិល អេ) ក្នុងប្រទេសចិន។
ក្នុងឆ្នាំ២០០៧ អាចថាជារឿងសំណាងមួយរបស់ Yang Yang ដែលចាប់ផ្តើមបោះជំហានចូលវិស័យសិល្បៈ ក្រោយអ្នកដឹកនាំរឿងលោកស្រី Li Shao Hong (លី សៅហុង) ជ្រើសរើសឱ្យសម្តែងជាតួឯកនៅក្នុងរឿង «The Dream of Red Mansions» ដែលជារឿងដែលចំណាយលុយច្រើនក្នុងការផលិត។ ហើយរឿងនេះបានចាក់បញ្ចាំងកាលពីខែមិថុនា ឆ្នាំ២០១០មានទាំងអស់ចំនួន៥០ភាគ។ សម្រាប់រឿងនេះលោកក៏ទទួលបានពានរង្វាន់តារាសម្តែងថ្មីល្អបំផុតរបស់ BQ Celebrity Score Awards ។
ក្នុងឆ្នាំ២០១៤ Yang Yang បានបញ្ចប់កុងត្រាជាមួយក្រុមហ៊ុន Rosat Entertainment ក្រោយពីរួមដំណើរជាមួយគ្នារយៈពេល៧ឆ្នាំ។

ចំណេរតមក តារាសម្តែងខ្ពស់ស្រលះរូបនេះ បានសម្តែងរឿងជាបន្តបន្ទាប់ ហើយរឿងដែលលោកក្រសោបភាពល្បីល្បាញខ្លាំងទាំងក្នុងប្រទេស និងក្រៅប្រទេស ក្រោយពីគ្រងតំណែងជាតួឯកប្រុសក្នុងរឿង «ព្យុះស្នេហ៍ពិភព Online» (Love 020) ក្នុងឆ្នាំ២០១៦ ជាមួយតារាស្រី Zheng Shuang (ចុង ស៊ង)។

កេរ្តិ៍ឈ្មោះ Yang Yang បានសាយភាយកាន់តែខ្លាំងអំឡុងពេលបញ្ចាំងរឿងនេះ និងបានក្លាយជាអ្នកតំណាងផលិតផលជាច្រើន។ តាំងពីឆ្នាំ២០១៧ មកដល់បច្ចុប្បន្ននេះ ភាពល្បីល្បាញរបស់លោក មិនបាត់ទៅណាឡើយ ព្រមទាំងបង្ហាញវត្តមានជាតួឯកប្រុសទាំងរឿងសម័យ ទាំងរឿងបុរាណ ជាមួយតារាស្រីល្បីៗ រួមមាន Dilraba Dilmurat (ឌីលរ៉ាបា ឌីលមូរ៉ាត) ក្នុងរឿង You Are My Glory ឆ្នាំ២០២១ និង តារាស្រី Zhao Lu Si (ចៅ លូស៊ី) ក្នុងរឿង Who Rules The World ឆ្នាំ២០២២។

ងាកទៅជីវិតប្រចាំថ្ងៃ និងទម្លាប់របស់តារាប្រុសឈានចូល៣១ឆ្នាំរូបនេះ ជាមនុស្សចូលចិត្តលេងបាល់បោះ ,ហែលទឹក ចូលចិត្តផ្លែទុរេន ពូកែធ្វើម្ហូប និងអាចលេងព្យាណូបាន។ សម្រាកពីការងារសិល្បៈ Yang Yang ចូលចិត្តនៅផ្ទះហាត់ប្រាណ និងលេងហ្គេមជាដើម។
បន្ថែមពីនេះ តារាសម្តែងខាងលើកម្រនឹងទទួលទានគ្រឿងស្រវឹងណាស់ ហើយក៏មិនសូវនិយាយស្តីអ្វីច្រើននោះទេ ចូលចិត្តតែញញឹម ឯស្នាមញញឹមនេះឯងបានឆក់បេះដូងអ្នកគាំទ្រលង់ស្រលាញ់ដកចិត្តមិនរួច។
សម្រាប់រឿងអាស្រូវស្នេហាវិញ កន្លងមកធ្លាប់មានពាក្យចចាមអារ៉ាម ស្នេហាជាមួយតារាស្រី Zheng Shuang (ចុង ស៊ង) និងថា Yang Yang បានរៀបការមានប្រពន្ធកូនរួចហើយ ប៉ុន្តែតាមការបញ្ជាក់រឿងទាំងនេះសុទ្ធតែមិនមែនជាការពិតទាំងអស់៕





ប្រភព៖ wikipedia , cpophome, mydramalist


