ពលរដ្ឋ​ ស្នើ​ឱ្យមន្ត្រីជំនាញ​ពន្លឿន​ការស្ថាបនា​ផ្លូវជាតិ​លេខ​៨ ខណៈ​ផ្លូវនេះកាន់តែ​ខូច​ខ្លាំង​ឡើង​ៗ
R
Rorn Phork
07 មិថុនា 2022 02:00 PM

(ខេត្ត​ព្រៃវែង​)៖​ ​​បន្ទាប់ពី​មន្ត្រី​ក្រសួងសាធារណការ​ ​ក៏ដូចជា​អ្នកម៉ៅការ​ធ្វើ​ផ្លូវជាតិ​លេខ​៨​​ ​ដាក់គ្រឿង​ចក្រ​បក​កៅស៊ូ​ ​នៅ​លើ​ផ្លូវ​អស់​ ​រួច​ទុកចោល​ដោយ​មិន​ឃើញ​កិន​បង្ហាប់​ ​ឈូស​ឆាយ​ឬ​ចាក់​ថ្ម​គ្រឹះ​ ​អ៊ុត​កៅស៊ូ​ឡើងវិញរួចមក ពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវនោះ​ ​ក្នុង​ខេត្ត​ព្រៃវែង​ ​ស្នើ​ឱ្យមន្ត្រីជំនាញ​ពន្លឿន​ការស្ថាបនា​ផ្លូវជាតិ​លេខ​៨​ ​ខណៈ​ផ្លូវ​មួយ​ខ្សែ​ដែល​កំពុង​សាងសង់​ឡើងវិញ​នេះ​ ​កាន់តែ​លំបាក​ខ្លាំង​ឡើង​ៗ ​ដោយ​​ក្លាយ​ជង្ហុក​ជាច្រើន​កន្លែង​ ​គួបផ្សំ​ក​ម្ទេ​ច​ថ្ម​ ​លាយឡំ​ក​ម្ទេ​ច​ដី​ ​ហុយទ្រលោម។

ពលរដ្ឋ​បានឱ្យដឹងថា ​ក​ម្ទេ​ច​ថ្ម​និង​ក​ម្ទេ​ច​ដី​ ​នៅ​លើ​ដង​ផ្លូវ​ ​បង្ក​ជា​ធូលី​ថ្ម​ ​លាយឡំ​និង​ធូលី​ដី​ ​ហុយទ្រលោម​បែកផ្សែង​ទាំងថ្ងៃទាំងយប់​ ​ស្រប​ពេល​ដែល​ម៉ូតូ​ ​រថយន្ត​រាប់​សិប​គ្រឿង​បើកបរ​ ​គ្មានឈប់ឈរ។​ ​ទន្ទឹម​នឹង​នោះ​ ​ពេល​មេឃ​ភ្លៀង​ម្ដងៗ​ ​ជង្ហុក​នៅ​លើ​ផ្លូវ​ ​បង្ក​គ្រោះថ្នាក់​ជា​ញឹកញាប់​ ​ព្រោះ​ទឹកដក់​មើល​មិន​ដឹង​ថា​ ​ជង្ហុក​ជ្រៅ​ ​ឬ​រាក់​ ​បណ្ដាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ធ្លាក់​ចូល​ជង្ហុក​ដួល ​នឹង​ខូចខាត​រថយន្ត​ ​ម៉ូតូ​ផង​ដែរ​។​

ពលរដ្ឋ​ថា​ ​ផ្លូវជាតិ​លេខ​៨​ ​ដែល​កំពុង​ផ្ដល់​ការលំបាក​ខ្លាំង​នោះ​ ​គឺ​ចាប់ពី​គល់​ស្ពាន​ព្រែក​តា​មា​ក់ ​ស្រុក​ខ្សាច់​កណ្ដាល​ ​ខេត្ត​កណ្ដាល​ ​រហូតដល់​ឃុំ​កំពង់​ពពិល​ ​ស្រុក​ពា​រាំង​ ​ខេត្ត​ព្រៃវែង​ ​​ក្រៅពី​នេះ​ ​លំបាក​ដែរ​ ​ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​នោះទេ​។​ ​​ពលរដ្ឋ​ទទួលស្គាល់​ដែរ​ថា​ ​ការដ្ឋាន​សាងសង់​ផ្លូវ​ ​វា​តែងតែ​មានផល​លំបាក​ខ្លះ​ ​ប៉ុន្តែ​ត្រូវ​គិត​ពី​កន្លែង​ដែល​មាន​អាទិ​ភាព​មុន​។​

ពាក់ព័ន្ធរឿងនេះ​ ​លោក​ ​អ៊ុន​ ​សុធា​ ​ប្រធានមន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​ខេត្ត​ព្រៃវែង​ ​បាន​ប្រាប់សារព័ត៌មានក្នុងស្រុក​នៅ​ថ្ងៃ​ទី​០​៧​ ​ខែ​ឧសភា​ ​ឆ្នាំ ២​០​២​២ ​ថា​ ​បច្ចុប្បន្ន​មេឃ​ភ្លៀង​ខ្លាំងពេក​ ​ទើប​គ្រឿងចក្រ​ខ្លះ​ ​ត្រូវ​ដកចេញ​សិន​​។​​ ​គ្រឿងចក្រ​ដែល​ត្រូវ​ស្ថាបនា​ផ្លូវជាតិ​លេខ​៨​ ​មាន​ចំនួន​៤​ក្រុម​ ​គឺ​ក្រសួងសាធារណការ​ ​២​ក្រុម​ ​ខេត្ត​កណ្ដាល​១​ក្រុម​ ​និង​ព្រៃវែង​១​ក្រុម​ ​ហើយ​ករណី​នេះ​ ​មន្ត្រី​ជំនាញ​កំពុង​ពន្លឿន​ក្នុង​ការស្ថាបនា​ ​ព្រោះ​ជា​គម្រោង​ឆ្នាំ​២​០​២​២​។​

ផ្លូវជាតិ​លេខ​៨​ ​តភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦​ ​ត្រង់​ចំណុច​ស្ពាន​ព្រែក​តា​ម៉ាក់​ ​ទៅ​ផ្លូវជាតិ​លេខ​៧​ ​ត្រង់​ស្រុក​ពញាក្រែក​ ​ដោយ​ឆ្លងកាត់​ខេត្ត​កណ្ដាល​ ​និង​ព្រៃវែង​ ​មាន​ប្រវែង​សរុប​ ​៩​០​គីឡូម៉ែត្រ​។​ ​ផ្លូវ​មួយ​ខ្សែ​នេះ​ក៏​គ្រោង​នឹង​ពង្រីក​ជា​៤​គន្លង​នៅកន្លែង​ខ្លះ​ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ​កាន់តែ​ងាយស្រួល​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត