
រាជធានីភ្នំពេញ៖ រយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២ គ្រោះខ្យល់កន្រ្តាក់បានកើតឡើងចំនួន៧៩លើក ដែលបណ្តាលឲ្យប៉ះពាល់ផ្ទះចំនួនជាង២ពាន់ខ្នង ដោយក្នុងនោះរលំ និងខូចខាតផ្ទះចំនួន៥២៧ខ្នង និងរបើកដំបូលផ្ទះចំនួន១,៧៧៧ខ្នង រួមទាំងបណ្តាលឲ្យមនុស្សចំនួន២នាក់ស្លាប់ និង១៦នាក់រងរបួស។

ចំណែកគ្រោះរន្ទះបាញ់ក៏បានកើតឡើងជាច្រើនករណីបណ្តាលឲ្យមនុស្សចំនួន២២នាក់បានបាត់បង់អាយុជីវិត និង១៧នាក់រងរបួស រួមទាំងងាប់គោ និងក្របីចំនួន៥៣ក្បាលផងដែរ។ របាយការណ៍គ្រោះធម្មជាតិដែលកើតឡើងនៅកម្ពុជារយៈពេល៥ខែឆ្នាំ២០២២ គឺត្រូវបានបង្ហាញដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានបញ្ជាក់ថា ផលប៉ះពាល់ដោយសារអាកាសធាតុនៅកម្ពុជារយៈពេល៥ខែឆ្នាំនេះ គឺថយចុះពាក់កណ្តាល បើធៀបរយៈពេល៥ខែឆ្នាំ២០២១។ ចំពោះស្ថានភាពអាកាសធាតុសម្រាប់៥ខែដើមឆ្នាំ២០២២នេះ ក៏មានភាពល្អប្រសើរជាងឆ្នាំ២០២១ដែរ។ អាកាសធាតុល្អប្រសើរក្នុងឆ្នាំ២០២២ នេះក៏ដោយសារកម្ពុជា ទទួលរងកម្រិតកម្តៅខ្សោយ ពុំក្តៅខ្លាំងដូចឆ្នាំ២០២១ ហើយភ្លៀងកក់ខែកើតមានច្រើនក្នុងរដូវប្រាំង ដែលអំណោយផលក្នុងការបង្កបង្កើនផល។

ទោះបីក្នុងឆ្នាំនេះ ស្ថានភាពអាកាសធាតុនៅកម្ពុជាពុំសូវទទួលរងឥទ្ធិពលព្យុះច្រើនដូចឆ្នាំមុនៗ ប៉ុន្តែ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅតែអំពាវនាវដល់ពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះខ្យល់កន្ត្រាក់ និងរន្ទះបាញ់ដែលអាចនឹងកើតមានឡើងនៅរដូវវស្សាឆ្នាំនេះ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានណែនាំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រៀមលក្ខណៈទុកជាមុន ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយដោយធម្មជាតិអាចនឹងកើតមានជាយថាហេតុណាមួយក្នុងរដូវវស្សាឆ្នាំនេះ៕











