អាល្លឺម៉ង់ផ្តល់ហិរញ្ញប្បទានជាង៣១លានដុល្លារសម្រាប់កម្ពុជាផ្គត់ផ្គង់អគ្គិសនីនៅជនបទ
SoKeng
02 មិថុនា 2022 09:37 AM

ភ្នំពេញ៖ រដ្ឋាភិបាលអាល្លឺម៉ង់បានផ្តល់ហិរញ្ញប្បទានចំនួន៣០លានអឺរ៉ូ ស្មើនឹង៣១លានដុល្លារសម្រាប់ផ្គត់ផ្គង់អគ្គិសនីជនបទនៅកម្ពុជា​។ ការសន្យាផ្តល់ហិរញ្ញប្បទាន​ជាង៣១លានដុល្លារដល់កម្ពុជានេះ គឺត្រូវបានលើកឡើងដោយឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនាថ្ងៃទី៣១ ខែឧសភា មុន​ឯកអគ្គរដ្ឋ​​​ទូតបញ្ចប់ដំណែងនៅចុងខែមិថុនាខាងមុខនេះ។

អាល្លឺម៉ង់ និងកម្ពុជាបានចុះហត្ថលេ​ខា​លើកិច្ចព្រមព្រៀងសហប្រតិបត្តិការគ្នារវាងប្រទេសទាំងពីរ​តាមរយៈហិរញ្ញប្បទាន​​ជាង៣១លានដុល្លារ​ នាថ្ងៃទី៣១ ខែឧសភា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលអង្គភាពSBM ទើបតែទទួលបាននៅថ្ងៃទី២ ខែមិថុនា។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កាលពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ អាល្លឺម៉ង់ក៏ធ្លាប់បានផ្តល់ឥណទានសម្បទានចំនួន២លើក ដោយក្នុងមួយឆ្នាំ​​ផ្តល់ឱ្យ​ជាង៣១លានដុល្លារ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា។​

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់ថា ហរិញ្ញប្បទានដែលអាល្លឺម៉ង់នឹងផ្តល់ឱ្យលើកនេះ  ក៏ដើម្បី​យកមក​ផ្គត់ផ្គង់អគ្គិសនីជនបទII (Energy Efficienty in Rural Power Supply II Project)ផងដែរ។  ឯកឧត្តម អូន ព័ន្ធមុនីរ័ត្នបានលើកឡើងថា ក្រសួងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានជាង៣១លានដុល្លារនោះ ជាមួយធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) នៅពេលក្រោយ បន្ទាប់ពីបញ្ចប់ការសិក្សាលម្អិតយ៉ាងល្អិតល្អន់រួច។

ឯកឧត្តម អូន ព័ន្ធមុនីរ័ត្នបានវាយតម្លៃខ្ពស់ចំពោះឯកឧត្តម Christian Berger ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជាដែលនៅក្នុងអាណត្តិ​​ជាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់នៅកម្ពុជា​រយៈពេល៣ឆ្នាំកន្លងមក គឺអាល្លឺម៉ង់បានចូលរួមអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចប្រកបដោយចីរភាព និងការចូលរួមចំណែកប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា តាមរយៈកម្មវិធីគាំពារសុខភាពសង្គម (Social Health Protection Program) និងកម្មវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ (Identification of Poor Households-ID Poor) តាមរយៈទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេស (GIZ)។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា តាមរយៈឥណទានសម្បទានដែលអាល្លឺម៉ង់​នឹងផ្តល់ឱ្យនេះ គឺជាការបំពេញបន្ថែមទៅដល់កិច្ចខិតខំប្រឹងប្រែង និងការផ្តល់កិច្ចសហប្រតិបត្តិការ ល្អប្រសើរជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើន និងគាំទ្រឱ្យបានទូលំទូលាយនូវប្រសិទ្ធភាពថាមពល និងការផ្គត់ផ្គង់ថាមពលនៅតាមទីជនបទនៅក្នុងប្រទេស។

ឯកឧត្តមរដ្ឋមន្ត្រី​ បានគូសបញ្ជាក់ថា ក្នុងរយៈពេលប្រមាណ៣០ឆ្នាំនេះ ប្រទេសអាល្លឺម៉ង់ ជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលបានសន្យាផ្តល់ហិរញ្ញប្បទានឥតសំណងច្រើនជាងគេ បើប្រៀបធៀបនឹងបណ្តាប្រទេស ជាសមាជិកសហភាពអឺរ៉ុបដទៃទៀត។

សូមបញ្ជាក់ថាគិតចាប់ពីឆ្នាំ១៩៩២ ដល់ដំណាច់ឆ្នាំ២០២១ រដ្ឋាភិបាលសាធារណសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការដល់កម្ពុជា សរុបប្រមាណ៧២០លានដុល្លារអាម៉េរិក ក្នុងនោះ ឥណទានសម្បទាន មានចំនួនប្រមាណ៧០លានដុល្លារអាម៉េរិក និងហិរញ្ញប្បទានឥតសំណងចំនួនប្រមាណ ៦៥០លានដុល្លារអាម៉េរិក៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត