
ទីក្រុងញូវយ៉ក៖ ស្របពេលជម្លោះព្រំដែនថៃឈ្លានពានកម្ពុជានៅតែបន្តអូសបន្លាយ ពលរដ្ឋខ្មែរជាង៣ម៉ឺននាក់នៅបន្តភៀសសឹក សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បង្ហាញបំណងរួមចំណែកដោះស្រាយបញ្ហានេះ ក្រោយមើលឃើញភាពធ្ងន់ធ្ងរនៃជម្លោះ។ ការគូសបញ្ជាក់នេះ ធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង លោក ហ្កាន់ធើ គ្រីជឆ៍បោម (Gunther Krichbaum) រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកអឺរ៉ុបនៃប្រទេសអាល្លឺម៉ង់ និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា នៅលើទឹកដីសហរដ្ឋអាម៉េរិក...។

ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦នេះ បានបញ្ជាក់ថា ជំនួបផ្ទាល់មុខរបស់មន្ត្រីជាន់ខ្ពស់ទាំងពីរ ធ្វើឡើងកាលពីថ្ងៃទី២៦ឧសភា មុនពេលកិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិត្រូវចាប់ផ្តើម។ ក្នុងជំនួបក្រៅផ្លូវការប្រកបដោយអត្ថន័យនោះ លោក ហ្កាន់ធើ គ្រីជឆ៍បោម រដ្ឋមន្ត្រីប្រតិភូទទួលបន្ទុកអឺរ៉ុបនៃប្រទេសអាល្លឺម៉ង់ បានទទួលស្គាល់ពីសភាពធ្ងន់ធ្ងរនៃស្ថានភាពព្រំដែនកម្ពុជា និងប្រជាជនភៀសសឹក។ ក្នុងន័យនេះ ភាគីអាល្លឺម៉ង់ បានលើកឡើងពីបំណងចង់ធ្វើជា«អ្នកសម្របសម្រួលដោយស្មោះត្រង់»ដើម្បីរួមចំណែកដោះស្រាយបញ្ហានេះ។

ជាការកត់សម្គាល់ ជម្លោះព្រំដែនកម្ពុជា-ថៃ ផ្តើមចេញពីកម្លាំងយោធាថៃឈ្លានពានចូលបាញ់សម្លាប់កងទ័ពខ្មែរស្លាប់ម្នាក់នៅតំបន់មុំបី ស្ថិតក្នុងដែនអធិបតេយ្យកម្ពុជា កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ អាល្លីម៉ងតែងតែឃ្លាំមើលជម្លោះនេះ និងគាំទ្រឱ្យភាគីទាំងពីរដោះស្រាយជម្លោះដោយសន្តិវិធី។ ជាក់ស្តែង កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ អាល្លឺម៉ង់ បានស្វាគមន៍បទឈប់បាញ់រវាងកម្ពុជា-ថៃ។ ទន្ទឹមគ្នា អាល្លឺម៉ង់ ចាត់ទុក«បទឈប់បាញ់»នោះ ជាសញ្ញានៃក្ដីសង្ឃឹមបន្ទាប់ពីមានអំពើហិង្សា និងជាជំហានសំខាន់ឆ្ពោះទៅរកការស្ដារសន្តិសុខ និងស្ថិរភាពឡើងវិញ ជាពិសេសសម្រាប់ជនភៀសសឹកដែលរងផលប៉ះពាល់ដោយជម្លោះ។ នៅក្នុងសេចក្ដីថ្លែងការណ៍ កាលនោះ លោក ចូហាន់ វ៉ាឌីផូល (Johann Wadephul) រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ បានសង្កត់ធ្ងន់លើសារសំខាន់នៃការអនុវត្តពេញលេញ និងជាប់លាប់នៃបទឈប់បាញ់កម្ពុជា-ថៃ។ លោកបានអំពាវនាវឱ្យកម្ពុជា និងថៃ បន្តការសន្ទនា និងស្វែងរកដំណោះស្រាយនយោបាយ ដើម្បីដោះស្រាយបញ្ហាដើម និងធានាស្ថិរភាពក្នុងតំបន់យូរអង្វែង៕







