
ភ្នំពេញ៖ នាឱកាសអបអរខួបទី៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាងអូស្រា្តលី និងកម្ពុជា រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៦៥លានដុល្លារអាម៉េរិកតាមរយៈមូលនិធិ Department of Foreign Affairs and Trade(DFAT) សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយភាពធន់ក្នុងរយៈពេល៥ឆ្នាំគិតចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ ហើយអាចបន្តផ្តល់៤២លានដុល្លារទៀតរហូតដល់ឆ្នាំ២០៣០។

ហិរញ្ញប្បទានឥតសំណងដែលរដ្ឋាភិបាលអូស្រា្តលីផ្តល់ឱ្យកម្ពុជានេះ គឺត្រូវបានប្រកាសឡើងនៅក្នុងជំនួបរវាងឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនឹងឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជានាថ្ងៃទី១ ខែមេសា ឆ្នាំ២០២២។ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជាបាននិយាយថា កន្លងមកអូស្ត្រាលីតែងតែគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការផ្ដល់ជំនួយផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុលើវិស័យសំខាន់ៗជាច្រើនដូចជា វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងថាមពល។

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលសម្រេចបាននូវសមិទ្ធផលផ្លៃផ្កាជាច្រើន ជាពិសេសការទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩។ ឯកឧត្តមបានបញ្ជាក់ថា ទូតអូស្រា្តលីនឹងបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងប្រព័ន្ធគ្រប់គ្រងធារាសាស្ត្រឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាពិសេសដើម្បីសម្រេចបាននូវសមិទ្ធផលសំខាន់ៗផ្សេងទៀត។
ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណដល់ការជួយជ្រោមជ្រែងរបស់រដ្ឋាភិបាលអូស្ត្រាលីមកលើកម្ពុជា។ សម្រាប់ទំហំហិរញ្ញប្បទានឥតសំណងទាំងនេះនឹងជារួមចំណែកក្នុងការជួយដល់ការអភិវឌ្ឍវិស័យកសិកម្ម កសិឧស្សាហកម្ម ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។ បន្ថែមពីការផ្ដល់ហិរញ្ញប្បទាន អូស្ត្រាលីក៏បានផ្តល់ទូត្រជាក់ចំនួន៣៣គ្រឿងដល់កម្ពុជាសម្រាប់រក្សាវ៉ាក់សាំង Pfizerផងដែរ៕







