ធនាគារពិភពលោកអនុម័តហិរញ្ញប្បទានជិត៧០លានដុល្លារសម្រាប់ជួយវិស័យអប់រំនៅកម្ពុជា
SoKeng
20 មករា 2022 01:00 PM

ភ្នំពេញ៖ ធនាគារពិភពលោក(World Bank) បានអនុម័តលើជំនួយហិរញ្ញប្បទានជិត៧០លានដុល្លារអាម៉េរិកដល់កម្ពុជាសម្រាប់ឆ្លើយតបឲ្យបានឆាប់រហ័សទៅនឹងផលប៉ះពាល់ដល់ប្រព័ន្ធអប់រំ​។ នេះបើតាមសេចក្តីប្រកាសរបស់ធនាគារពិភពលោកនាថ្ងៃទី១៨ ខែមករា។

តាមសេចក្តីប្រកាសរបស់ធនាគារពិភពលោក ក្នុងចំណោមទឹកប្រាក់ជិត៧០លានដុល្លារនោះ គឺ៦០លានដុល្លារជាកម្ចីរបស់ធនាគារពិភពលោកតាមរយៈសមាគមអភិវឌ្ឍន៍អន្តរជាតិ (International Development Association/ IDA) សម្រាប់ពង្រឹងការសិក្សាជាមូលដ្ឋាន និងឆ្លើយតបឲ្យបានរហ័សនឹងផលប៉ះពាល់នានាក្នុងប្រព័ន្ធអប់រំ។ ថវិកាចំនួនជិត១០លានដុល្លារទៀតជាជំនួយឥតសំណងរបស់អង្គការភាពជាដៃគូសាកលដើម្បីការអប់រំ។

ធនាគារពិភពលោកបានបញ្ជាក់ថា ហិរញ្ញប្បទានជិត៧០លានដុល្លារនេះ នឹងជួយទ្រទ្រង់ដល់គម្រោងកែលម្អការអប់រំទូទៅ(General Education Improvement Project/GEIP) ក្នុងរយៈពេល៥ឆ្នាំ ដើម្បីជួយកម្ពុជាឱ្យសម្រេចនូវចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រនៃការអប់រំឆ្នាំ២០១៩-២០២៣ (Education Strategic Plan/ESP 2019-2023) ឆ្ពោះទៅការបង្កើត និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងសីលធម៌ល្អដើម្បីអភិវឌ្ឍឲ្យសង្គមមួយមានចំណេះដឹងជាមូលដ្ឋាន។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជាបានកត់សម្គាល់ថា កម្ពុជាបានទទួលបានសមិទ្ធផលជាច្រើនក្នុងការពង្រីកលទ្ធភាពទទួលបានការអប់រំ។ តែយ៉ាងណា លទ្ធភាពទទួលបានការអប់រំប្រកបដោយសមធម៌ សម្រាប់កុមាររស់នៅតាមតំបន់ដាច់ស្រយាល កុមារក្រីក្រ ឬកុមារក្នុងសហគមន៍ជនជាតិដើមភាគតិច និងកុមារមានពិការភាពគឺនៅតែជាបញ្ហា។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា

លើសពីនេះ លទ្ធភាពសិក្សារបស់សិស្សត្រូវបានប៉ះពាល់យ៉ាងខ្លាំងដោយការបិទសាលារយៈពេលយូរដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩។ ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា សង្ឃឹមថាហិរញ្ញប្បទាននេះនឹងអាចជួយដោះស្រាយនូវបញ្ហាខាងលើនេះ។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) បាននិយាយថា ហិរញ្ញប្បទានជិត៧០លានដុល្លារនេះ នឹងយកទៅអនុវត្តកម្មវិធីគ្រប់គ្រងតាមសាលារៀន,អភិវឌ្ឍន៍សមត្ថភាពដល់គ្រូបង្រៀន អ្នកដឹកនាំសាលា, កែលម្អអគារសិក្សា មន្ទីរពិសោធន៍វិទ្យាសាស្ត្រ។ ជាពិសេសជួយគាំទ្រការទិញឧបករណ៍បច្ចេកវិទ្យាអប់រំ និងការគាំទ្រដល់សិស្សពិការ រួមទាំងការពិនិត្យពិការភាព។ គម្រោងនេះក៏នឹងរួមបញ្ចូលផងដែរនូវកម្មវិធីសាកល្បងបច្ចេកវិទ្យាអប់រំ (EdTech) សម្រាប់គណិតវិទ្យា៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត