សាំងឡើងថ្លៃ​៥០រៀលក្នុងមួយលីត្រ ខណៈ​​ម៉ាស៊ូតចុះថ្លៃ​៤០០រៀល
SoKeng
23 ឧសភា 2022 04:45 AM

រាជធានីភ្នំពេញ៖ ​គិតចាប់ពីថ្ងៃទី​២១ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ តម្លៃសាំង​ធម្មតាលក់រាយ​ឡើងដល់​៥៦០០រៀល​ក្នុងមួយលីត្រ ខណៈ​ប្រេងម៉ាស៊ូតចុះថ្លៃមកត្រឹម​៥៤០០រៀល​វិញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជាដែលចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា។

តម្លៃសាំងធម្មតាលក់រាយឡើងថ្លៃ៥៦០០រៀល​ក្នុងមួយលីត្រ ពោលគឺឡើង​៥០រៀលក្នុងមួយលីត្រ បើធៀប​កាលពី​១០​ថ្ងៃមុនគឺមានតម្លៃ​៥៥៥០រៀលក្នុងមួយលីត្រ។ ចំណែក​ប្រេងម៉ាស៊ូតនៅរយៈពេល​១០ថ្ងៃខាងមុខ គឺចុះថ្លៃមកត្រឹម​៥៤០០រៀលក្នុងមួយលីត្រ គឺចុះ​៤០០រៀល​ បើធៀបនឹង១០ថ្ងៃមុន គឺមានតម្លៃ៥៨០០រៀល។    

ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា តម្លៃប្រេងសាំងនេះ គឺក្រសួងស្រង់តម្លៃឡើង ចុះ​នៃប្រេងតាមទីផ្សារអន្តរជាតិមកគណនា។ ដើម្បី​ជួយសម្រួលដល់ជីវភាពរបស់ពលរដ្ឋ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បាន​សម្រេចបញ្ចុះតម្លៃប្រេងសាំង​នៅកម្ពុជាចំនួន​៦,​៥សេនដុល្លារក្នុងមួយលីត្រ។

គូសរំលឹកថា តម្លៃប្រេងសំាងបានឡើងថ្លៃចាប់ពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២២មកម្ល៉េះ។  ការណ៍ដែលតម្លៃសាំងឡើងថ្លៃបែបនេះ គឺដោយសារតែការដាក់ទណ្ឌកម្មសេដ្ឋកិច្ចគ្នាទៅវិញទៅមកលើប្រទេសរុស្ស៊ីដែលឈានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ ទើបធ្វើឱ្យតម្លៃសាំងបានកើនឡើងបែបនេះ។

កាលពី​ពិធីជួបសំណេះសំណាលជាមួយនឹងសហគមន៍ខ្មែរនៅទ្វីបអឺរ៉ុបប្រមាណ២១០០នាក់ នៅរាត្រីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២២ សម្តេច ហ៊ុន សែន​បានអំពាវនាវដល់ពលរដ្ឋកុំឱ្យចាញ់បោក​ការឃោសនារបស់បក្សនយោបាយដែល​និយាយពីគោលនយោបាយ​​បញ្ចុះ​តម្លៃប្រេងសាំង​នៅកម្ពុជា៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត