
(ខេត្តបាត់ដំបង)៖ ដើម្បីឆ្លើយតបនឹងសំណូមពររបស់ប្រជាពលរដ្ឋ ដែលចង់បានផ្លូវប្រើប្រាស់ បន្ទាប់ពីទទួលរងនូវការខូចខាតដោយគ្រោះធម្មជាតិ ទឹកជំនន់កន្លងមក អាជ្ញាធរឃុំស្នឹង បានប្រើប្រាស់កញ្ចប់មូលនិធិឃុំ ក្នុងឆ្នាំ២០២២ មកធ្វើការជួសជុលផ្លូវលំជនបទចំនួន៤ខ្សែមានប្រវែងសរុបជាង១១គ.ម ស្ថិតក្នុងភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង...។

ថ្លែងប្រាប់ SBM News អ្នកស្រី ឈួម ទូច រស់នៅចំណុចជីរក់នៃភូមិបឹងក្រសាល បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា ក្នុងនាមប្រជាពលរដ្ឋក្នុងភូមិ គឺពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលឃុំស្នឺង ដែលបានធ្វើការកសាងផែនការវិនិយោគលើប្រព័ន្ធផ្លូវលំជនបទរហូតដល់៤ខ្សែ ក្នុងភូមិបឹងក្រសាលនេះ សម្រាប់ប្រជាពលរដ្ឋបានប្រើប្រាស់ជាសម្បត្តិសាធារណៈ ក៏ដូចជាការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានទាន់ពេលវេលា ។

ជាអ្នករស់នៅក្នុងឃុំស្នឹងនេះដែរ លោក វឿម វណ្ណា បានបញ្ជាក់ថា ផ្លូវនេះប្រជាពលរដ្ឋមានការលំបាករាប់ឆ្នាំមកហើយ ការស្ថាបនាផ្លូវនេះឡើងគឺដោយមានការគាំទ្រពីក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានឃុំស្នឹង បានជួយជ្រុំជ្រែង ក៏ដូចជាគិតគូរពីអាជ្ញាធរឃុំ បានលើកយកជាគម្រោងអាទិភាព សម្រាប់ការអភិវឌ្ឍមូលនិធិឃុំ រួមជាមួយប្រាក់បដិភាគចូលរួមពីប្រជាពលរដ្ឋក្នុងមូលដ្ឋានទើបមានការបើកការដ្ឋានស្ថាបនាជួសជុលផ្លូវក្រាលគ្រួសារធម្មជាតិ ជូនពលរដ្ឋក្នុងសហគមន៍បានប្រើប្រាស់ជាបណ្តោះអាសន្ន បន្ទាប់មកនឹងឈានទៅក្រាលកៅស៊ូនៅពេលក្រោយ ។

អភិបាលស្រុកបាណន់ លោក ស្រេង សុខា នៅក្នុងពិធីបើកការដ្ឋានធ្វើផ្លូវក្រាលគ្រួសធម្មជាតិ នៅចំណុចជីរ៉ក់ ភូមិបឹងក្រសាល បានបញ្ជាក់ថា កម្ពុជាក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ រស់នៅក្នុងសុខសន្តិភាព យើងអភិវឌ្ឍន៍ធនធានមនុស្សបានច្រើនហួសពីការស្មាន ហើយដើម្បីអភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើន កត្តាសំខាន់គឺការអភិវឌ្ឍវិស័យធនធានមនុស្សនេះហើយ ។ លោកបន្តថា ជាទិសដៅរាជរដ្ឋាភិបាលនឹងបន្តកិច្ចអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសង្គមជាតិជាច្រើនទៀត ដូចជាផ្លូវជនបទ ផ្លូវទីប្រជុំជន និងប្រព័ន្ធធារាសាស្ត្រតូចធំ ដើម្បីនាំទឹកស្រោចស្រពលើដំណាំកសិកម្មគ្រប់ប្រភេទ សំដៅចូលរួមលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានការរីកចម្រើនថែមទៀត ។ ជាមួយគ្នានោះ លោក អភិបាលស្រុកបាណន់ បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមថែរក្សាសន្តិភាពដែលមានស្រាប់នេះឱ្យបានគង់វង្ស ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើនដូចបណ្តាប្រទេសនានានៅលើសកលលោកផងដែរ ៕







