
( រាជធានីភ្នំពេញ ) ៖ ថ្លែងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា និងនាយកទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនស្នើសុំប្រទេសបារាំងឱ្យពិនិត្យលទ្ធភាពលើការសិក្សាប្រព័ន្ធឡានដឹកជញ្ជូនដោយប្រើផ្លូវដែកនៅកម្ពុជា ជាពិសេសការសិក្សាប្រព័ន្ធឡានដឹកជញ្ជូនដែលប្រើផ្លូវដែក (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង។

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា តាមរយៈការភ្ជាប់បណ្តាញផ្លូវថ្នល់នៅទូទាំងប្រទេស ជាពិសេសគម្រោងផ្លូវថ្នល់ ដែលបានផ្លាស់ប្ដូរពីផ្លូវពីរគន្លងទៅបួនគន្លង ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ពីកៅស៊ូពីរស្រទាប់ស្តើង (DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) និងធ្វើសមាហរណកម្មតភ្ជាប់ទៅគ្រប់ច្រកល្ហក ដើម្បីពង្រីកទំនាក់ទំនង និងវិសាលភាពសេដ្ឋកិច្ច។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមផ្លូវទាំងបី រួមមានផែនការមេអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបណ្តាញផ្លូវថ្នល់ ផែនការមេដឹកជញ្ជូនផ្លូវទឹក ផែនការដឹកជញ្ជូនតាមផ្លូវដែក រួមជាមួយផែនការមេភស្តុភារកម្ម។

ក្នុងនោះមានការសិក្សាគម្រោងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) ការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail និងការសិក្សាប្រព័ន្ធឡានដឹកជញ្ជូនប្រើផ្លូវដែក (Tramways) ក្នុងរាជធានីភ្នំពេញ ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ ក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងសិក្សាអំពីលទ្ធភាពកែលម្អផ្លូវដែកដែលកម្ពុជាមានស្រាប់ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងទៅខេត្តព្រះសីហនុ ទៅជាផ្លូវដែកល្បឿនលឿនផងដែរ៕



