ត្រៀមខ្លួនបងប្អូន! ក្រសួងសាធារណការកំពុងសិក្សាលទ្ធភាពកែលម្អផ្លូវដែក​ពីភ្នំពេញ ទៅប៉ោយប៉ែត និងព្រះសីហនុ ទៅជាផ្លូវដែកល្បឿនលឿន​
SoKeng
28 មេសា 2022 07:00 AM

(រាជធានីភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងតែសិក្សាអំពីលទ្ធភាព​កែលម្អ​ផ្លូវដែកដែលកម្ពុជា​មានស្រាប់ ពីរាជធានីភ្នំពេញ ទៅក្រុងប៉ោយប៉ែត និងទៅខេត្តព្រះសីហនុ ទៅជាផ្លូវដែកល្បឿនលឿន។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់យ៉ាង​ដូច្នេះ ​នៅក្នុងឱកាសដឹកនាំក្រុមនិស្សិតចំនួន៣០០នាក់ ទៅទស្សនកិច្ចនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែ កាលពីថ្ងៃទី២៧ ខែមេសា...។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បញ្ជាក់ថា បច្ចុប្បន្ន​ក្រសួងសាធារណការកំពុងតែសហការជាមួយក្រុមហ៊ុន  និងអ្នកជំនាញត្រួតពិនិត្យ និងសិក្សាអំពីលទ្ធភាព​កែប្រែផ្លូវដែកធម្មតាពីរាជធានីភ្នំពេញ ទៅប៉ោយប៉ែត និងព្រះសីហនុ​ទៅជាផ្លូវដែកល្បឿនលឿនវិញ។ បើតាម​រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ ផ្លូវដែកល្បឿន​​លឿនទាំងនេះ ពលរដ្ឋអាចធ្វើដំណើរ​ឆ្ពោះពីភ្នំពេញ ទៅប៉ោយប៉ែត និងទៅព្រះសីហនុ រួមទាំងអាចដឹកទំនិញ​ចូលមកដល់កំពង់ផែ​ក្រុងព្រះសីហនុ​ផងដែរ។ ទន្ទឹមគ្នានេះ ក្រសួងសាធារណការ ក៏នឹងកំពុងតែសាងសង់ផ្លូវ​ខ្សែ៤៦បេ និងផ្លូវ១៤៨ ពីកំពង់ផែ ទៅរង្វង់មូលសម្តេចទេព វង្ស តភ្ជាប់ពីផ្លូវជាតិលេខ៤ និងផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ​ និងក្រុងព្រះសីហនុ។​

ផ្លូវដែកកម្ពុជានាពេលបច្ចុប្បន្ន
ផ្លូវដែកកម្ពុជានាពេលបច្ចុប្បន្ន

គម្រោងកែប្រែផ្លូវដែកចាស់ ជំនួសមកជាផ្លូវរថភ្លើងល្បឿនលឿននេះ គឺត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣៨ខ្សែ ក្នុងក្រុងសៀមរាបនាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២។ ​​សម្តេចបានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនស្វែង​រកដៃគូអភិវឌ្ឍ និងសិក្សាអំពីលទ្ធផលកែប្រែប្រព័ន្ធផ្លូវដែកកម្ពុជា ខណៈដែលរថភ្លើងអាចធ្វើដំណើរតាមផ្លូវដែកនេះ​បានត្រឹមតែចម្ងាយពី២០ ទៅ៣០គីឡូម៉ែត្រប៉ុណ្ណោះក្នុងមួយម៉ោង។ គម្រោងកែសម្រួលផ្លូវដែកដែលហួសសម័យនេះ គឺដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូននៅកម្ពុជា។ ​

ក្រោយពីទទួលបានបទបញ្ជានេះ ក្រសួងសាធារណការ និងដឹកជញ្ចូន ក៏បានជួបពិភាក្សាជាមួយក្រុមហ៊ុន China Railway International Group Co., Ltd តំណាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមការងារបច្ចេកទេសរបស់ក្រសួងកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។ ជាមួយគ្នានោះ ក្រសួងក៏បានកំណត់រយៈពេល៣ខែឱ្យក្រុមហ៊ុនត្រួតពិនិត្យ និងសិក្សាអំពីលទ្ធភាព ដើម្បីចាប់ផ្តើមគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិតក្នុងពេលវេលាឆាប់ៗខាងមុខនេះ៕

ប្រភពរូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត