ឯកឧត្តម គួច ចំរើន៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុនឹងអាចមានលទ្ធភាពប្រកួតប្រជែងតម្លៃដឹកជញ្ជូនតាមផ្លូវទឹកនៅឆ្នាំ២០២៥​
SoKeng
4 ឆ្នាំមុន

(ព្រះសីហនុ)៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅឆ្នាំ២០២៥នឹងអាចមានលទ្ធភាពប្រកួតប្រជែងតម្លៃដឹកជញ្ជូនទំនិញតាមផ្លូវទឹក។ ឯកឧត្តម គួច​ ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងឱ្យដឹងបែបនេះនៅក្នុងពិធី​ពិភាក្សាការងារស្ដីពីយុទ្ធសាស្ត្រសូត្រមាសកម្ពុជា ជាមួយឯកឧត្តម Fumiaki Takahashi និងគណ:ប្រតិភូវិនិយោគជប៉ុននាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានថ្លែងនៅមុខឯកឧត្តម Fumiaki Takahashi ប្រធានសមាគមជប៉ុន-កម្ពុជាថា តាមរយៈ​ការជួយគាំទ្រពង្រីកកំពង់ផែស្វយ័តក្រុងព្រះសីហនុពីរដ្ឋាភិបាលជប៉ុនកន្លងមកនេះបានធ្វើឱ្យកំពង់ផែបច្ចុប្បន្នមួយនេះអាចឱ្យនាវា​ដែលមានជម្រៅទឹក៩,​៥ម៉ែត្រចូលចត ហើយកំពង់ផែមួយនេះនឹងពង្រីកវិសាលភាពទទួលនាវាជម្រៅ១៣,​៥០ម៉ែត្រចូលចតនៅឆ្នាំ២០២៥ខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានថ្លែងប្រាប់ប្រធានសមាគម​ជប៉ុន-កម្ពុជាថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ជាតារារះនាទិសនិរតី និងជាប៉ូលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

ឯកឧត្តម គួច ចំរើន បានវាយតម្លៃខ្ពស់ចំពោះ រដ្ឋាភិបាលជប៉ុនដែលតែងតែជួយកម្ពុជាលើវិស័យជាច្រើនដូចជា វិស័យសុខាភិបាល អប់រំ និងហេដ្ឋារចនាសម្ព័ន្ធនានា​។  អភិបាលខេត្តព្រះសីហនុ មានក្ដីរំពឹងថា តាមរយៈ​ការទស្សនកិច្ចរបស់គណ:ប្រតិភូជប៉ុនមកកាន់ខេត្តព្រះសីហនុ នឹងជំរុញឱ្យខេត្តនៅជាប់សមុទ្រមួយនេះកាន់តែអាចទទួលបានការចាប់អារម្មណ៍ពីភ្ញៀវទេសចរ និងអ្នកវិនិយោគបន្ថែមទៀត។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ<br>
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ

នាឱកាសមកទស្សនកិច្ចនៅខេត្តព្រះសីហនុ ឯកឧត្តម Fumiaki Takahashi​ បានថ្លែងប្រាប់ឯកឧត្តម គួច ចំរើនថា ជប៉ុនក៏មានបំណងក្នុងការបណ្តាក់ទុនវិនិយោគបង្កើតរោងចក្រគ្រឿងសម្អាងនៅក្នុងខេត្តព្រះសីហនុផងដែរ ដោយសំអាងលើកម្ពុជា​មានវត្ថុធាតុដើមសូត្រមាស ហើយជប៉ុនមានខាងបច្ចេកទេស ដើម្បីផលិតចេញជាគ្រឿងសម្អាង និងសាប៊ូ។

គូសបញ្ជាក់ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុនៅរយៈពេល៣ខែដើមឆ្នាំ២០២២នេះ មានទំនិញឆ្លងកាត់កើនឡើងចំនួន១៩ភាគរយ បើធៀបនឹង៣ខែដើមឆ្នាំ២០២១។ ក្នុងឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុមានទំនិញឆ្លងកាត់ប្រមាណ៦,​៩លានតោន ដែលគិតជាទឹកប្រាក់ចំនួន៩៣លានដុល្លារ គឺកើនឡើង១៧,​៦៤ភាគរយ បើធៀបនឹងឆ្នាំ២០២០ គឺរកចំណូលបានតែ៧០លានដុល្លារ ធ្លាក់ចុះ៦ភាគរយ។

ចំណត​កំពង់ផែស្វយ័តក្រុងព្រះសីហនុ​ដែលមានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក១៤,​៥ម៉ែត្រនេះ​នឹង​អាចឱ្យ​នាវា​ដែលមាន​សមត្ថភាព​ផ្ទុក​កុងតឺន័រ​ចំនួន ៦០០០០ DWT (៥០០០ TEUs) ចូល​ចត។ កំពង់​ផែ​នេះ បាន​និង​កំពុង​រៀបចំ​សាងសង់​ផែ​កុងតឺន័រ​ថ្មី​ជា​ជំហាន​ទី​១ ប្រវែង​៣៥០​ម៉ែត្រ ជម្រៅ​ទឹក ​១៤,៥ ​ម៉ែត្រ ក្នុង​រយៈពេល​៤ ​ឆ្នាំពី​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៥៕​

ឯកឧត្តម Fumiaki Takahashi​ ប្រធានសមគមជប៉ុន-កម្ពុជា
ឯកឧត្តម Fumiaki Takahashi​ ប្រធានសមគមជប៉ុន-កម្ពុជា

ប្រភពរូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តព្រះសីហនុ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត