
ភ្នំពេញ៖ ថ្លែងនៅក្នុងជំនួបជាមួយគណៈប្រតិភូសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ GMAC កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២កន្លងទៅឯកឧត្តម ប៉ាន សូរស័ក្ត រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចាត់ទុក GMAC ជាដៃគូដ៏សំខាន់របស់ក្រសួងពាណិជ្ជកម្ម ក៏ដូចជារដ្ឋាភិបាលកម្ពុជាក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបានជួយសម្រួលយ៉ាងច្រើនដល់ បរិយាកាសធុរកិច្ចនៅកម្ពុជា តាមរយៈការធ្វើកំណែទម្រង់ការផ្ដល់សេវាសាធារណៈ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្មក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ការចុះបញ្ជីក្រុមហ៊ុន ព្រមទាំងការចុះបញ្ជីម៉ាក ឱ្យកាន់តែមានភាពងាយស្រួល មានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

ព្រមជាមួយគ្នានេះ ក្រសួងបានដឹកនាំចរចាបើកទីផ្សារបន្ថែមទៀត រួមមាន៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងដៃគូសេដ្ឋកិច្ច និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ជាដើម។ បន្ថែមពីលើនេះ ក្រសួងបាននិងកំពុងសិក្សាលទ្ធភាពក្នុងការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មីៗបន្ថែមទៀត ជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផងដែរ។

លោកឧកញ៉ា គង់ សាង ប្រធាន GMAC បានឱ្យដឹងថាគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២នេះ វិស័យកាត់ដេរនៅរក្សាបានកំណើននៃការនាំចេញក្នុងអត្រា ២៥% ជាមួយទឹកប្រាក់ចំនួនជាង ៣ពាន់លានដុល្លារ ក្នុងនោះសម្លៀកបំពាក់មានចំនួនជាង ២ពាន់លានដុល្លារ ស្បែកជើងជាង ៤២០លានដុល្លារ និងផលិតផលធ្វើដំណើរ និងកាបូបមានចំនួនជាង ៤៦០លានដុល្លារ ហើយផលិតផលវាយនភណ្ឌផ្សេងៗទៀត មានចំនួន ១២៨លានដុល្លារ។

តាមរយៈជំនួបខាងលើនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកប្រធានសមាគម បានសម្តែងនូវការប្តេជ្ញាចិត្ត បន្តកិច្ចសហការល្អប្រសើរនេះ ដើម្បីចូលរួមអភិវឌ្ឍ និងប្រែក្លាយវិស័យវាយនភណ្ឌ កាត់ដេរ សម្លៀកបំពាក់ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូបនៅកម្ពុជា ឱ្យក្លាយទៅជាមជ្ឈមណ្ឌលឧត្តមភាព នៃឧស្សាហកម្មកាត់ដេរ នៅអាស៊ីអាគ្នេយ៍៕


