
(ខេត្តកោះកុង)៖ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុកមណ្ឌលសីមា ខេត្តកោះកុង បានសម្តែងការពេញចិត្តពេញថ្លើមយ៉ាងខ្លាំង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសាងសង់ស្ពានបេតុងឆ្ពោះទៅរមណីយដ្ឋានទេសចរណ៍ឆ្នេរសមុទ្រប៉ាក់ខ្លង ឬហៅឆ្នេរកោះយ៉ បន្ទាប់ពីពីស្ពានដែកចាស់ដែលជាចំណងដៃរបស់សម្តេចកាលពីលើកមុន មានសភាពចាស់ទ្រុឌទ្រោម…។

ថ្លែងប្រាប់ភ្នាក់ងារ SBM News នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ រួមទាំងអ្នកដំណើរទេសចរណ៍ឆ្លងកាត់ស្ពានដែកមួយនេះ បានបង្ហាញក្ដីសប្បាយរីករាយជាខ្លាំង គ្រាដឹងព័ត៌មានថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ចាត់ឱ្យអ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នកទទួលបន្ទុកសាងសង់ស្ពានបេតុងប្រវែងជាង១០០ម៉ែត្រ ជំនួសស្ពានដែកចាស់ ដែលកំពុងមានសភាពចាស់ទ្រុឌទ្រោមខ្លាំង។

ប្រជាពលរដ្ឋខាងលើ បន្ថែមថា កន្លងមក គេតែងសង្កេតឃើញមានករណីគ្រោះថ្នាក់ចរាចរណ៍រអិលដួលបោកក្បាលមនុស្សស្លា.ប់ និងរបួសជាហូរហែរ នៅលើស្ពានដែកនេះ នាអំឡុងពេលមានភ្លៀងធ្លាក់ម្ដងៗ ដូច្នេះ បើសិនជាស្ពានដែកនេះត្រូវបានរុះរើចោល ហើយស្ថាបនាស្ពានបេតុងថ្មីនោះ នឹងកាត់បន្ថយអាត្រាមរណភាពរបស់អ្នកធ្វើដំណើរបានមិនខាន។ ម៉្យាងវិញទៀត ស្ពានមួយនេះមានសារសំខាន់ខ្លាំងណាស់សម្រាប់ការតភ្ជាប់ដឹកជញ្ជូនទំនិញកសិផលរបស់ប្រជាពលរដ្ឋឆ្លងកាត់ទៅមក និងបង្កភាពងាយស្រួលដល់អ្នកទេសចរធ្វើដំណើរកម្សាន្តទៅតំបន់រមណីយដ្ឋានទេសចរណ៍ឆ្នេរសមុទ្រប៉ាក់ខ្លង ឬហៅថា ឆ្នេរកោះយ៉ កាន់តែមានសុវត្ថិភាព។

លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា បានឱ្យដឹងតាមទូរសព្ទថា លោកត្រេកអរជាមួយនឹងប្រជាពលរដ្ឋមូលដ្ឋាន ព្រមទាំងភ្ញៀវទេសចរផងដែរ ការផ្ដល់ស្ពានបេតុងថ្មីប្រវែងជាង១០០ម៉ែត្រ និងទទឹង៩ម៉ែត្រកន្លះ ជំនួសស្ពានដែកចាស់ គឺជាកាដូរដ៏វិសេសវិសាលមួយក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិទើបតែបញ្ចប់ថ្មីៗនេះពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជានិច្ចកាលសម្តេចតែងគិតគូរដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់។ លោកអភិបាលស្រុករូបនេះ បញ្ជាក់ថា ក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ប្រទេសជាតិមានការអភិវឌ្ឍជាលំដាប់ស្ទើរតែគ្រប់រាជធានី-ខេត្តទាំងអស់ ព្រោះកត្តាសុខសន្តិភាព និងក្រោមគោលនយោបាយឈ្នះឈ្នះ…៕
(អត្តបទដោយ៖ តាំង សុន្នី)




