
ព្រះសីហនុ៖ រូបសំណាកព្រះថោងនាងនាគត្រូវបានលើកដាក់ដំឡើងនៅរង្វង់មូលព្រះថោងនាងនាគត្រង់ចំណុចផ្លូវប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុរួចរាល់ជាស្ថាពរតាមការគ្រោងទុកនៅយប់ម៉ោងជាង១២យប់ឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។
នាព្រឹកថ្ងៃទី១៣ ខែមេសា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតបានអញ្ចើញមកដល់ទីតាំងរូបសំណាកព្រះថោងនាងនាគ ដើម្បីត្រៀមចូលរួមក្នុងកម្មពិធីអភិសេករូបសំណាក «ព្រះថោងនាងនាគ» នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។

រូបសំណាកព្រះថោងនាងនាគត្រូវបានក្រុមអ្នកជំនាញចំនួន៣៥នាក់ ចាប់ផ្តើមផ្គុំ និងដំឡើងលើបល្ល័ង្កតាំងពីរូបសំណាកនេះត្រូវបានដឹកមកដល់កំពង់ផែព្រះសីហនុកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។ រូបសំណាកនេះត្រូវបានធ្វើឡើងនៅប្រទេសចិនតាំងពីខែមេសា ឆ្នាំ២០២០ដែលបង្កើតឡើងដោយសា្នដៃកូនខ្មែរ ដោយធ្វើឡើងពីស្ពាន់សុទ្ធសាធទម្ងន់សរុប៦០តោន។

រូបសំណាកដ៏ធំជាងគេនៅកម្ពុជានេះគឺរចនាតាមបែបក្បាច់ខ្មែរ ក្រោមថវិកាជាតិដែលជាផ្នែកមួយនៃគម្រោងផ្លូវទាំង៣៤ខ្សែ ដែលដឹកនាំស្ថាបនាដោយ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា។
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុធ្លាប់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានSBMថា ការដាក់តាំងរូបសំណាកព្រះថោងនាងនាគដែលព្រះភ័ក្រ្តបែរឆ្ពោះទៅសមុទ្ររាម ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានៅឋានភុជង្គនាគ គឺជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ។ ក្រោយពីដំឡើងរួច រូបសំណាកនេះនឹងជួយទាក់ទាញពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនា ផ្តិតរូបភាព និងកម្សាន្តលេងនៅខេត្តព្រះសីហនុកាន់តែច្រើនឡើង។
បើតាមលោក ឃាង ភារម្យ រូបសំណាកព្រះថោងនាងនាគ គឺជារូបសំណាកក្នុងចំណោមរូបសំណាកទី៣ ដែលរដ្ឋបាលខេត្តព្រះសីហនុកំពុង និងបានរៀបចំដាក់តាំងនៅក្នុងស្រុកព្រៃនប់កាលពីឆ្នាំ២០២១ ក្នុងនោះមានរូបសំណាកព្រះសិវៈ និងព្រះនាងឧមាវតី និងរូបសំណាក សីហរាជមុខបី៕
















