សម្តេចតេជោនឹងអញ្ជើញក្នុងពិធីអភិសេករូបសំណាកព្រះថោងនាងនាគនៅថ្ងៃទី១៦ ខែមេសា
SoKeng
08 មេសា 2022 09:00 AM

ព្រះសីហនុ៖ រូបសំណាកព្រះថោងនាងនាគដែលមានកម្ពស់ដល់ទៅ២១ម៉ែត្រនឹងដំឡើងរួចរាល់មុនថ្ងៃទី១៤ ខែមេសា ដើម្បីឲ្យទាន់ពេលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតអញ្ជើញក្នុងពិធីអភិសេករូបសំណាក ព្រះថោងនាងនាគ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានថ្លែងប្រាប់អ្នកសារព័ត៌មានSBM ថា ក្រុមការងារបច្ចេកទេស​នឹងខិតខំដំឡើង និងផ្តុំរូបសំណាកព្រះថោងនាងនាគដាក់លើបល្ល័ង្កឲ្យរួចរាល់មុនថ្ងៃទី១៤ ខែមេសា ដើម្បីត្រៀមរៀបចំពិធីអភិសេករូបសំណាកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតនាថ្ងៃទី១៦ ខែមេសា។ អ្នកនាំពាក្យសាលាខេត្តបានថ្លែងថា៖«បច្ចុប្បន្នយើងបានលើកព្រះបាតព្រះថោងទៅលើ ហើយកំពុងតែចាក់បេតុង ដោយឡែកតួខ្លួនរបស់ព្រះថោង និងព្រះនាងនាគនឹងដំឡើងនៅថ្ងៃខាងមុខនេះ។ យើងពិបាកនឹងវាយតម្លៃភាគរយ​ក្នុងដំឡើងរូបសំណាកនេះ»។​

ដំណើរអញ្ជើញមកអភិសេករូបសំណាកព្រះថោងនាងនាគរបស់សម្តេចតេជោដែលស្ថិតនៅរង្វង់មូលព្រះថោងនាងនាគ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ គឺចំពេលដែលសម្តេច និងក្រុមគ្រួសាររបស់សម្តេចត្រូវអញ្ជើញមកដំណើរកម្សាន្តលេងនៅក្រុងព្រះសីហនុនៅថ្ងៃបុណ្យឈប់សម្រាកចូលឆ្នាំខ្មែរផងដែរ។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានបញ្ជាក់ថា ការដាក់តាំងរូបសំណាកព្រះថោងនាងនាគដែលព្រះភ័ក្រ្តបែរឆ្ពោះទៅសមុទ្ររាម ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានៅឋានភុជង្គនាគ គឺជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ។ ក្រោយពីដំឡើងរួច រូបសំណាកនេះនឹងជួយទាក់ទាញពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនា ផ្តិតរូបភាព និងកម្សាន្តលេងនៅខេត្តព្រះសីហនុកាន់តែច្រើនឡើង។

លោក ឃាង ភារម្យបានបញ្ជាក់ថា រូបសំណាកព្រះថោងនាងនាគ គឺធ្វើឡើងពីស្ពាន់ក្នុងប្រទេសចិនទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាតដល់កំពូលមកុដ២១ម៉ែត្រ  តម្កល់នៅលើបល្ល័ង្គកម្ពស់ ៦,៣៤ម៉ែត្រ។ រូបសំណាកដ៏ធំជាងគេនៅកម្ពុជានេះគឺរចនាតាមបែបក្បាច់ខ្មែរ ដែលធ្វើឡើងដោយស្ថាបត្យករខ្មែរសុទ្ធសាធក្រោមថវិកាជាតិដែលជាផ្នែកមួយនៃគម្រោងផ្លូវទាំង៣៤ខ្សែ ដែលដឹកនាំស្ថាបនាដោយ គណៈកម្មាធិការជាតិគ្រប់ គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា។ រូបសំណាកនេះចាប់ផ្តើមសាងសង់នៅខែមេសា ឆ្នាំ២០២០ និងបានផ្គុំផ្នែកខាងក្នុងបដិមារួចរាល់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ហើយបានដឹកមកដល់ខេត្តព្រះសីហនុនៅថ្ងៃទី២៥ ខែមីនា។

បើតាមលោក ឃាង ភារម្យ រូបសំណាកព្រះថោងនាងនាគ គឺជារូបសំណាកក្នុងចំណោមរូបសំណាកទី៣ ដែលរដ្ឋបាលខេត្តព្រះសីហនុកំពុង និងបានរៀបចំដាក់តាំងនៅក្នុងស្រុកព្រៃនប់កាលពីឆ្នាំ២០២១ ក្នុងនោះមានរូបសំណាកព្រះសិវៈ និងព្រះនាងឧមាវតី និងរូបសំណាក សីហរាជមុខបី៕

សូមទស្សនាព័ត៌មានវីដេអូ៖

លោក ឃាង ភារម្យ៖​ រូបសំណាកព្រះថោងនាងនាគនឹងដំឡើងឱ្យរួចរាល់មុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត