
ព្រះសីហនុ៖ រូបសំណាកព្រះថោងនាងនាគត្រូវបានក្រុមបច្ចេកទេសផ្គុំ និងបានលើកដាក់នៅលើបល្ល័ង្កដោយជោគជ័យកាលពីវេលាយប់ម៉ោង១កន្លះ ឈានចូលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២ តាមការបញ្ជាដោយផ្ទាល់ពីឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
រូបសំណាកព្រះថោងនាងនាគដែលមានកម្ពស់ដល់ទៅ២១ម៉ែត្រនឹងដំឡើងរួចរាល់មុនថ្ងៃទី១៤ ខែមេសា ដើម្បីឲ្យទាន់ពេលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិតអញ្ជើញក្នុងពិធីអភិសេករូបសំណាក ព្រះថោងនាងនាគ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ពីលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ។

រូបសំណាកព្រះថោងនាងនាគនេះ នឹងត្រូវដាក់តាំងនៅត្រង់រង្វង់មូលព្រះថោងនាងនាគដែលស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ រូបសំណាកនេះធ្វើឡើងពីស្ពាន់ក្នុងប្រទេសចិនទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាតដល់កំពូលមកុដ២១ម៉ែត្រ តម្កល់នៅលើបល្ល័ង្កកម្ពស់ ៦,៣៤ម៉ែត្រ។
រូបសំណាកដ៏ធំជាងគេនៅកម្ពុជានេះគឺរចនាតាមបែបក្បាច់ខ្មែរ ដែលធ្វើឡើងដោយស្ថាបត្យករខ្មែរសុទ្ធសាធក្រោមថវិកាជាតិដែលជាផ្នែកមួយនៃគម្រោងផ្លូវទាំង៣៤ខ្សែ ដែលដឹកនាំស្ថាបនាដោយ គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា។ រូបសំណាកនេះចាប់ផ្តើមសាងសង់នៅខែមេសា ឆ្នាំ២០២០ និងបានផ្គុំផ្នែកខាងក្នុងបដិមារួចរាល់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ហើយបានដឹកមកដល់ខេត្តព្រះសីហនុនៅថ្ងៃទី២៥ ខែមីនា៕










ប្រភពរូបភាពពី រដ្ឋបាលខេត្តព្រះសីហនុ និងទូរទស្សន៍ជាតិកម្ពុជា ទ.ទ.ក.


