លោក ឃាង ភារម្យ៖​ រូបសំណាកព្រះថោងនាងនាគនឹងដំឡើងឱ្យរួចរាល់មុនថ្ងៃបុណ្យចូលឆ្នាំខ្មែរ
SoKeng
30 មីនា 2022 08:00 AM

ព្រះសីហនុ៖ រូបសំណាកព្រះថោងនាងនាគដែលមានកម្ពស់២១ម៉ែត្រនឹងដាក់តាំងនៅចំណុចផ្លូវប្រសព្វគ្នារវាងមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ​ ក្នុងស្រុកព្រៃនប់​​ ខេត្តព្រះសីហនុ។ បើតាមលោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បដិមា​ដ៏ធំនេះ​ក្រុមបច្ចេកទេសនឹងដំឡើងឱ្យរួចរាល់​ឱ្យទាន់ចូលឆ្នាំប្រពៃណីខ្មែរ​មកដល់។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានSBMតាមប្រព័ន្ធតេឡេក្រាមថា ការដាក់តាំងរូបសំណាកព្រះថោងនាងនាគនេះដែលព្រះភ័ក្រ្តបែរឆ្ពោះទៅសមុទ្ររាម ទ្រង់ដំណើរយាងទៅជួបព្រះមាតាបិតានៅឋានភុជង្គនាគ គឺជានិម្មិតរូបនៃការកកើតទឹកដី វប្បធម៌ អរិយធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ។ ក្រោយពីដំឡើងរួច រូបសំណាកនេះនឹងជួយទាក់ទាញពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនា ផ្តិតរូបភាព និងកម្សាន្តលេងនៅខេត្តព្រះសីហនុកាន់តែច្រើនឡើង។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានរៀបរាប់ដូច្នេះថា៖«រូបសំណាកនេះ​នឹងធ្វើតាមផែនការឱ្យបានរួចរាល់មុនចូលឆ្នាំខ្មែរ។ រូបសំណាកព្រះថោងនាងនាគ បន្ទាប់លើកដាក់រួច នឹង បង្ហាញពីភាពទាក់ទាញកាន់តែខ្លាំងបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលមកលេងកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើនឡើង»

លោក ឃាង ភារម្យបានបញ្ជាក់ថា រូបសំណាកព្រះថោងនាងនាគ គឺធ្វើឡើងពីស្ពាន់នៅក្នុងប្រទេសចិនទម្ងន់សរុប ៦០តោន កម្ពស់ពីព្រះបាតដល់កំពូលមកុដ២១ម៉ែត្រ  តម្កល់នៅលើបល្ល័ង្គកម្ពស់ ៦,៣៤ម៉ែត្រ។ រូបសំណាកដ៏ធំជាងគេនៅកម្ពុជានេះគឺរចនាតាមបែបក្បាច់ខ្មែរ ដែលធ្វើឡើងដោយស្ថាបត្យករខ្មែរសុទ្ធសាធក្រោមថវិកាជាតិដែលជាផ្នែកមួយនៃគម្រោងផ្លូវទាំង៣៤ខ្សែ ដែលដឹកនាំស្ថាបនាដោយ គណៈកម្មាធិការជាតិគ្រប់ និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា។ រូបសំណាកនេះចាប់ផ្តើមសាងសង់នៅខែមេសា ឆ្នាំ២០២០ និងបានផ្គុំផ្នែកខាងក្នុងបដិមារួចរាល់នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ហើយបានដឹកមកដល់ខេត្តព្រះសីហនុនៅថ្ងៃទី២៥ ខែមីនា។

បើតាមលោក ឃាង ភារម្យ រូបសំណាកព្រះថោងនាងនាគ គឺជារូបសំណាកក្នុងចំណោមរូបសំណាកទី៣ ដែលរដ្ឋបាលខេត្តព្រះសីហនុកំពុង និងបានរៀបចំដាក់តាំងនៅក្នុងស្រុកព្រៃនប់កាលពីឆ្នាំ២០២១ ក្នុងនោះមានរូបសំណាកព្រះសិវៈ និងព្រះនាងឧមាវតី និងរូបសំណាក សីហរាជមុខបី ។

រូបសំណាក់ព្រះសិវៈ និងព្រះនាងឧមាវតី ត្រូវបានដំឡើង​កាលពីខែមិថុនា ឆ្នាំ២០២១ ត្រង់ផ្លូវចំណុចប្រសព្វគ្នារវាងមហាវិថីរាម និងមហាវិថីឆ្នេររាម ក្នុងភូមិថ្មធំ ឃុំរាមស្រុកព្រៃនប់ ស្រុកព្រៃនប់។  រូបសំណាក ព្រះសិវៈ និងព្រះនាងឧមាវតីមានកម្ពស់ ៩ម៉ែត្រ មានទម្ងន់ជាង១៧តោនដែលជានិមិត្តរូបនៃការបង្កើតលោក និងតំណាងឱ្យសេចក្ដីសុខដុមរមនីយក្នុងក្រុមគ្រួសារ និងសង្គមជាតិ។

ចំពោះរូបសំណាក សីហរាជមុខបី ក៏ត្រូវបានដំឡើងនៅខាងមុខរោងចក្រស្រាបៀអង្គរ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុកាលពីខែមិថុនា ឆ្នាំ២០២១ផងដែរ។ រូបសំណាក សីហរាជមុខបី ជានិមិត្តរូបនៃក្រុងព្រះសីហនុ សាងសង់ឡើងជាការគោរពដឹងគុណណូបការៈចំពោះព្រះករុណា ព្រះបរមរតនកោដ្ឋសម្ដេចព្រះនរោត្តម សីហនុ ដោយមានកម្ពស់ ៩ម៉ែត្រ មានទម្ងន់ជាង ៩តោន ដាក់នៅរង្វង់មូលចំណុចប្រសព្វគ្នារវាងផ្លូវជាតិលេខ ៤ និងវិថីជោតញ្ញាណ តំណាងឱ្យសេចក្ដីសុខ សុភមង្គល និងភាពសុខសាន្ត៕

រូបសំណាកព្រះសិវៈ និងព្រះនាងឧមាវតី <br>
រូបសំណាកព្រះសិវៈ និងព្រះនាងឧមាវតី
រូបសំណាក់ សីហរាជមុខបី
រូបសំណាក់ សីហរាជមុខបី
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត