ការសិក្សា៖ ការជិះម៉ូតូពាក់មួកសុវត្ថិភាពអាចកាត់បន្ថយហានិភ័យគ្រោះថ្នាក់ដល់ក្បាលធ្ងន់ធ្ងរដល់ទៅ៦៩ភាគរយ
SoKeng
11 មេសា 2022 03:46 AM

ភ្នំពេញ៖ លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជាបានបញ្ជាក់នៅក្នុងសិក្ខាសាលា «ស្តីពីសុវត្ថិភាពចរាចរណ៍សម្រាប់មន្រ្តីបច្ចេកទេសរបស់សហភាព សហព័ន្ធ សហជីពកម្មករនិយោជិតកម្ពុជា» នៅថ្ងៃទី៧ ខែមេសា តាមរយៈការសិក្សារបស់អន្តរជាតិថា ការពាក់មួកសុវត្ថិភាពក្នុងអំឡុងបើកបរម៉ូតូអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដល់ផ្នែកក្បាលធ្ងន់ធ្ងរដល់ទៅ៦៩ភាគរយ និងកាត់បន្ថយហានិភ័យស្លាប់ប្រមាណ៤២ភាគរយ។

លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជា

លោក គឹម បញ្ញា បានបញ្ជាក់ថា ការផ្ដល់មួកសុវត្ថិភាពដែលមានគុណភាពល្អដល់កម្មករនិយោជិត និងកុមារកម្ពុជា ពិតជាមានសារសំខាន់សម្រាប់ជួយការពារអាយុជីវិតដល់អ្នកបើកបរ។ នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំនៅកម្ពុជាបានចាត់ទុកគ្រោះថ្នាក់ចរាចរណ៍ជាឃាតកលាក់មុខដ៏កាចសាហាវដែលអាចឆក់យកជីវិតមនុស្សបានគ្រប់ពេលដោយមិនរើសមុខ ពណ៌សម្បុរ អាយុ ឋានៈ តួនាទីឡើយ។ លោក គឹម បញ្ញា បញ្ជាក់ថា៖«យើងអាចបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ ដ៏មហន្តរាយនេះបានយ៉ាងច្រើន បើយើងទាំងអស់គ្នាជាអ្នកពាក់ព័ន្ធមានស្មារតីរួមសហការគ្នា និងចាត់វិធានការឆ្លើយតបរួមគ្នា តាមលទ្ធភាព មធ្យោបាយ និងធនធានដែលខ្លួនមាន»

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន 
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន 

លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានទទួលស្គាល់ថា ទោះបីមានការរឹតបណ្តឹងច្បាប់លើការពាក់មួកសុវត្ថិភាពក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋដែលនិយមប្រើប្រាស់ម៉ូតូ មិនទាន់យកចិត្តទុកដាក់ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវនៅឡើយ។ ដោយឡែក កុមារដែលត្រូវបានអាណាព្យាបាលដឹកទៅសាលារៀន ឬធ្វើដំណើរទៅតាមធុរកិច្ចរបស់គាត់ ក៏មិនទាន់អនុវត្តការពាក់មួកសុវត្ថិភាពបានគ្រប់ៗគ្នានៅឡើយទេ។

លោកជំទាវ មឹន មាណវី បានបញ្ជាក់ថា ក្នុងចំណោមអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គឺមានប្រមាណជាង ៨០ភាគរយ ជាអ្នកជិះម៉ូតូ ហើយក្នុងនោះមានជាង ៧០ភាគរយ ដែលមិនបានពាក់មួកសុវត្ថិភាព។ ជាក់ស្តែងក្នុងត្រីមាសទី១ ឆ្នាំ២០២២នេះ គឺមានអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ជិត៥០០នាក់ ក្នុងនោះអ្នកជិះម៉ូតូប្រមាណ ៤០០នាក់ ហើយមិនពាក់មួកសុវត្ថិភាពជិត ៣០០នាក់៕

អត្ថបទដោយ៖ ភោគ រ៉ន

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត