
(ខេត្តសៀមរាប)៖ ក្នុងបេសកកម្មចុះបង្រ្កាបបទល្មើសជលផលក្នុងខេត្តសៀមរាប ក្រោយពីនាយករដ្ឋមន្ត្រីកម្ពុជាបានចេញបញ្ជាឲ្យបង្រ្កាប អាជ្ញាធរខេត្តសៀមរាបបានឃាត់ជនល្មើសនេសាទចំនួន៤នាក់ និងរឹបអូសបានឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទទៀត។ បច្ចុប្បន្នទាំងជនល្មើស និងវត្ថុតាងត្រូវបានអាជ្ញាធរកសាងសំណុំរឿងទៅតុលាការ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់
និងនេសាទខេត្តសៀមរាប បានបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះបង្រ្កាបទល្មើសនៅកន្លែងអភិរក្សជលផលកំពង់ភ្លុក
ចាប់ពីចំណុចមាត់ពាមកំពង់ឃ្លាំង ដល់ចំណុចមាត់ខ្លា អាជ្ញាធរបានរឹបអូសអួនហ៊ុមសម្រាស់ ចំនួន១វង់
ប្រវែង១៦០ម៉ែត្រ, សម្រុង ១,៨ម៉ែត្រ ក្រឡា០,០១៥ម៉ែត្រ
កាណូត(ស្មាច់) ចំនួន២គ្រឿង, អាំងវ៉ិចទ័រឆក់ចំនួន០១គ្រឿង, អាគុយម៉ាកJP50A ចំនួន១គ្រឿង ខ្សែភ្លើងឆក់ប្រវែង៣ម៉ែត្រ,របាំងសាច់អួនប្រវែង
៣៥០ម៉ែត្រ, ចម្រឹងចំនួន២០០ដើម លែងត្រីចំនួន១០គីឡូក្រាម និងថ្នងដួសត្រីចំនួន១គ្រឿង។
រួមជាមួយនឹងជនល្មើសចំនួន៤នាក់។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានផ្តល់អនុសាសន៍ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិដឹកនាំ និងចាត់ចែងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការថែរក្សាការពារធនធានព្រៃឈើ សត្វព្រៃ និងធនធានជលផលក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។
ឯកឧត្តម វេង សាខុន បានណែនាំឱ្យអាជ្ញាធរក្នុងករណីប្រទះឃើញបទល្មើសណាមួយគឺត្រូវចាត់វិធានការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ដើម្បីជៀសវាងឱ្យបទល្មើសទាំងនោះរីករាលដាលកាន់តែធំ និងពិបាកក្នុងការដោះស្រាយ។ ប្រសិនបទល្មើសមានទ្រង់ទ្រាយធំ ហើយពិបាកបង្រ្កាប អាជ្ញាធរត្រូវតែរាយការណ៍ និងសុំអន្តរាគមន៍ជាបន្ទាន់មកក្រសួង សា្ថប័ននៅថ្នាក់ជាតិ ដើម្បីរួមគ្នាចាត់វិធានការ និងដោះស្រាយតាមនីតិវិធីជាធរមាន។ បើកាលណាក្រសួង និងស្ថាប័ននៅថ្នាក់ជាតិមិនអាចដោះស្រាយបានដែរនោះ ត្រូវស្នើសុំអនុសាសន៍ដឹកនាំពីប្រមុខរាជរដ្ឋាភិបាល៕






