ក្រសួងសាធារណការកំណត់ពេល៣ខែឲ្យក្រុមហ៊ុនពិនិត្យលទ្ធភាព និងសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងបាវិត
SoKeng
08 មេសា 2022 10:00 AM

ភ្នំពេញ៖ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូនបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធភាពកសាងផ្លូវល្បឿនលឿន​តភ្ជាប់ពីទីក្រុងភ្នំពេញ និងទីក្រុងបាវិត​ ជាមួយក្រុមហ៊ុន  China Railway International Group Co., Ltd,តំណាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមការងារបច្ចេកទេសរបស់ក្រសួងកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២២។

ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន
ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន

ក្រោយពិភាក្សាអំពីលទ្ធភាពសិក្សាគម្រោងកសាងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ខេត្តប៉ោយប៉ែត ឯកឧត្តមរដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានកំណត់ពេល៣ខែសម្រាប់ឲ្យក្រុមហ៊ុនពិនិត្យ និងសិក្សាអំពីលទ្ធភាពដើម្បីចាប់ផ្តើមគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិតក្នុងពេលវេលាឆាប់ៗតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល។​

នាពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាបកាលពីថ្ងៃទី៤ ខែមេសាប្រមុខរាជរដ្ឋាភិបាលបានថ្លែងថា សម្តេចមានបំណងកែប្រែផ្លូវរថភ្លើងទៅជាផ្លូវល្បឿនលឿនវិញ។ ការកែប្រែនេះគឺសម្តេចបានសំឡឹងឃើញជាក់ស្តែងថា ដំណើរការផ្លូវរថភ្លើង​នៅកម្ពុជាគឺមិនស្របតាមតំបន់ដែលកំពុងតែអភិវឌ្ឍឡើយ ខណៈរថភ្លើងនៅកម្ពុជាគឺអាចរត់បានតែចម្ងាយពី២០គីឡូម៉ែត្រ ទៅ៣០គីឡូម៉ែត្រក្នុងមួយម៉ោងតែប៉ុណ្ណោះ។ «ប្រសិនជាទុកផ្លូវដែកនេះឲ្យដំណើរគគ្រឹកៗបែបនេះ គឺវាទៅមិនរួច តាមមិនទាន់សភាពការណ៍ទេ»។​ នេះជាប្រសាសន៍របស់សម្តេច។

ដោយមើលឃើញពីស្ថានភាពជាក់ស្តែងនៃដំណើរការផ្លូវរថភ្លើង សម្តេចបានប្រាប់ឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនស្វែងរកដៃគូដើម្បីកែលម្អផ្លូវរថភ្លើងចាស់ មកជាផ្លូវល្បឿនលឿនវិញ និងបន្ថែមខ្សែផ្លូវរថភ្លើងផងដែរដើម្បីធានាដល់ការដឹកជញ្ជូន​ក្នុងស្រុក និងតភ្ជាប់ទៅប្រទេសជិតខាង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត