
បាត់ដំបង៖ ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានសម្ដែងនូវការសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលបានអភិវឌ្ឍន៍ផ្លូវជាតិលេខ១០ ទៅជាផ្លូវក្រាលកៅស៊ូ (បាត់ដំបង-ពោធិ៍សាត់-កោះកុង) ដែលផ្លូវមួយខ្សែនេះ នឹងកាន់តែធ្វើឱ្យជីវភាពរបស់ពួកគាត់ មានភាពល្អប្រសើរឡើង ថែមទៀត ។

ប្រជាពលរដ្ឋរស់នៅឃុំកំពង់ល្ពៅ ស្រុកសំឡូត បានលើកឡើងថា តំបន់ពួកគេរស់នៅជាអតីតសម្បូរទៅដោយមីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលក្រោយសមាហរណកម្មពុំមានសមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធអ្វីជាដុំកំភួននោះទេ ទាំងផ្លូវគមនាគមន៍ក៏លំបាកធ្វើដំណើរ បើចង់ទៅក្រុងបាត់ដំបង ត្រូវចំណាយពេលយូរ ។
ពលរដ្ឋបានបន្តថា បច្ចុប្បន្ននៅឃុំនេះ កាន់តែមានការអភិឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ កើតឡើងជា បន្តបន្ទាប់ ហើយការរងគ្រោះថ្នាក់ដោយសារគ្រាប់មីន មានតិចតួចបំផុត ប្រជាពលរដ្ឋអាចប្រកបរបរ កសិកម្មគ្មានភាពភ័យខ្លាចដូចមុន ពិសេសទៅទៀតនេះ រាជរដ្ឋាភិបាល កំពុងអភិវឌ្ឍផ្លូវជាតិលេខ ១០ ទៅជាផ្លូវក្រាលកៅស៊ូ កាន់តែធ្វើឱ្យពួកគេធ្វើដំណើរងាយស្រួលជាងមុន ។

ប្រជាពលរដ្ឋ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលបានអភិវឌ្ឍតំបន់ពួកគេរស់នៅ រួមទាំង សាងសង់ផ្លូវជាតិលេខ១០ ជាផ្លូវក្រាលកៅស៊ូ ហើយពួកគេក៏បានស្នើរាជរដ្ឋាភិបាល បន្តកសាងនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ក្នុងមូលដ្ឋាននេះឱ្យកាន់តែមានភាពរីកចម្រើនជាងមុន ។

បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ផ្លូវជាតិលេខ១០នេះ ប្រវែងប្រមាណ ១៩៨គីឡូម៉ែត្រ ដោយតភ្ជាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទៅដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង គ្រោងចំណាយថវិកាចំនួន ១៨៨លានដុល្លារ ដែលជាហិរញ្ញប្បទានរបស់ប្រទេសចិន រួមនឹងថវិកាបដិភាគចំនួន៦០លានដុល្លារ ហើយបច្ចុប្បន្ន ផ្លូវនេះសម្រេចការសាងសង់បានប្រមាណ ៦០ ភាគរយហើយ៕





